ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទបើកើតហើយ អ្នកជំងឺត្រូវរស់នៅជាមួយពេញមួយជីវិត ទៀតសោតជំងឺនេះនឹងធ្វើឱ្យអ្នកកើតស្លាប់មុនអាយុ ដោយសារ ជំងឺឱកាសនិយមសាហាវៗជាច្រើន ដូចជាខូចតម្រងនោម ជំងឺបេះដូង លើសឈាម ខ្សោយភ្នែក សរសៃឈាមខួរក្បាល។ យើងឃើញថា អ្នកកើតទឹកនោមផ្អែម តែងតែស្លាប់ដោយសារជំងឺខាងក្រៅទាំងនេះ។
នេះបើយោងតាមរយៈការចែករំលែករបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានរៀបរាប់ទាក់ទងជំងឺទឹកនោមផ្អែម ថា គឺមានចំនួនកើតច្រើននៅប្រទេសកម្ពុជាយើង ។ ចំពោះជំងឺទឹកនោមផ្អែមជាទូទៅមាន៣ប្រភេទ។ ប្រភេទទី១កើតឡើងដោយសារហ្សែន ប្រភេទទី២ដោយសារកត្តាចំណីអាហារ កត្តារស់នៅក្នុងរបបអាហារមិនត្រឹមត្រូវ ប្រភេទទី៣កើតឡើងនៅពេលស្រ្តីមានផ្ទៃពោះ។
លោកវេជ្ជបណ្ឌិតបានបន្តថា តួយ៉ាងបើកើតជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់ជីវភាពរស់នៅខ្លាំងណាស់ ត្រូវចំណាយថវិកាច្រើនដើម្បីទិញថ្នាំ ច្រើនប្រភេទ សុខភាពខ្សោយពិបាកធ្វើការ ហើយត្រូវចំណាយច្រើនជាហេតុបណ្ដាលឱ្យអត្រាក្រីក្រកើតឡើង ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស។ មួយវិញទៀត អ្នកដែលមានជំងឺទឹកនោមផ្អែមគឺ ត្រូវប្រឈមញុំាតមពេញ១ជីវិត មិនអាចញុំាអាហារផ្ដេសផ្ដាសឡើយ មានតែត្រូវខំថែសុខភាពឱ្យមែនទែន ទើបអាចកាត់បន្ថយអាការជំងឺបានខ្លះ។
គូសបញ្ជាក់ឱ្យដឹងផងដែរថា ជំងឺទឹកនោមផ្អែម ងាយកើត តែកើតហើយមិនជា ដូច្នេះប្រសិនណាបងប្អូនប្រហែសមិនថែ មិនការពារសុខភាពខ្លួនឯងទេ ច្បាស់ជាត្រូវរស់នៅជាមួយជំងឺនេះពេញមួយជីវិតមិនខាន ហើយត្រូវចំណាយពេលវេលាថែទាំជំងឺ និងចំណាយថវិកាអស់ជាច្រើន ប្រសិនណាគ្មានលទ្ធភាពទៀតគឺកាន់តែពិបាករស់នៅបំផុត៕
អត្ថបទដោយ៖ ប៉ែត ធីតា