ក្រោយបាត់មុខអស់មួយរយៈពេលធំ តារាប្រុសជនជាតិចិន-តៃវ៉ាន់រូបសង្ហាមុខក្មេងមិនចេះចាស់ Jerry Yan ដែលប្រជាជនខ្មែរយើងហៅថា តាវ មិញសឺ បានបង្ហាញមុខនៅក្នុងកម្មវិធី Shangpin Home Collection brand កាលពីថ្ងៃទី២១ កន្លងទីនេះបានឆក់យកបេះដូងអ្នកគាំទ្រសារថ្មីដោយសារតែរូបសម្រស់ដ៏ស្រស់សង្ហារបស់លោក ហើយធ្វើឱ្យមមហាជនជាច្រើនស្ងើចសរសើរពីសម្រស់មិនចេះចាស់របស់លោកទោះពេលនេះចូលដល់វ័យ៤៣ឆ្នាំហើយក៏ដោយ។
ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ metro.style បានឱ្យដឹងថា ថ្វីត្បិតែ តារាប្រុស Jerry Yan មានកេរ្តិ៍បោះសម្លេងខ្លាំងនៅលើវិថីសិល្បៈក៏ពិតមែន ប៉ុន្តែលោកមិនសូវចេញមុខនៅលើប្រព័ន្ធអ៊ីធីណែត ឬតាមទូរទស្សន៍ឬតាមបណ្តាញសង្គមនោះទេ។ តារាប្រុស Jerry Yan បានប្រាប់ថាទៅសារព័ត៌មាន Today Online ថា មួយរយៈក្រោយនេះលោកផ្តោតទៅលើជីវិតរស់នៅប្រចាំថ្ងៃច្រើន ទី២គឺផ្តោតទៅលើផ្លូវចិត្ត និងទី៣ ផ្តោតទៅលើការថែរក្សាសម្រស់។
Jerry Yan បានបន្តទៀតថា មូលហេតុដែលធ្វើឱ្យលោកមើលទៅនៅក្មេងជាងវ័យបែបនេះដោយសារតែ ទី១ លោកជាមនុស្សម្នាក់ដែលចូលចិត្តស្លៀកសម្លៀកបំពាក់ស្អាត ទាំងម៉ូតសក់ និងសម្លៀកបំពាក់ នៅពេលដែលលោកស្លៀកពាក់ស្អាតៗគឺធ្វើឱ្យផ្លូវចិត្តសប្បាយរីករាយ ហើយវាជាផ្នែកមួយដែលធ្វើឱ្យរូបរាងក្មេងបានមួយកម្រិត។
ទី១ លោកមានទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃ ការហាត់ប្រាណជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតមនុស្សម្នាក់ៗ។ ហាត់ប្រាណតែមួយមុខគឺជួយបានទាំងសុខភាព និងសម្រស់ រក្សារាងឱ្យនៅហាប់ណែនល្អ មិនងាយចាស់នោះទេ។
ទី៣ លោកក៏មានប្រើប្រាស់ជាផលិតផល Skin care ថែរក្សាសម្រស់តិចតួចប្រចាំថ្ងៃដូចចាឡេការពារកម្តៅថ្ងៃ សេរ៉ូបបំប៉នស្បែកឱ្យនៅតឹងណែន។
ទី៤ ទាក់ទងជាមួយរបបអាហារហូបចុកប្រចាំថ្ងៃ លោកជាមនុស្សម្នាក់ដែលគិតគូដល់សុខភាពខ្លាំង ប្រភេទអាហារលើសជាតិផ្អែម លើសជាតិខ្លាញ់ អាហារដែលធ្វើឱ្យឡើងគីឡូគឺលោកមិនញ៉ាំដាច់ខាត។ ចំណង់ចំណូលចិត្តរបស់ Jerry Yan គឺផ្លែឈើ សាច់ត្រី សាច់មាន់ បន្លែបៃតង សុទ្ធសឹងជាបន្លែថែសុខភាពនិងសម្រស់។
ជាចុងក្រោយ Jerry Yan បានបន្ថែមថា លោកជាមនុស្សម្នាក់ដែលចូលចិត្តធម្មជាតិ រស់នៅជាមួយធម្មជាតិ ដើរកំសាន្តកន្លែងដែលមានទេសភាពស្អាតៗ ខ្យល់បរិសុទ្ធ ជាផ្នែកមួយដែលជួយឱ្យផ្លូវចិត្តរីករាយ កាត់បន្ថយភាពចាស់បានមួយកម្រិតធំ៕
អត្ថបទដោយ៖ មឿន គន្ធា