សង្គមបានបង្រៀនឱ្យមនុស្សផ្ដល់តម្លៃឱ្យមនុស្សមានស្បែកស ទើបធ្វើឱ្យអ្នកមានស្បែកខ្មៅមួយចំនួនព្យាយាមប្រើប្រាស់ផលិតផល ដើម្បីឱ្យស្បែកស ដែលពេលខ្លះប្រើមិនគិតថាផលិតផលបែបណា ហើយនឹងប៉ះពាល់អ្វីខ្លះដល់ស្បែក ។
មកទល់បច្ចប្បន្ននេះ ដោយសង្កេតឃើញថាបងប្អូនមួយចំនួនធំកំពុងតែជ្រួលជ្រើមជាមួយផលិតផលធ្វើឱ្យស្បែកស ដោយមិនគិតពីផលប៉ះពាល់ចំពោះស្បែកទាល់តែសោះ។ ក្នុងនោះ ក្រៅពីប្រើប្រាស់ឡេ ឡេលាយ ថ្នាំចាក់ ព្យួរសេរ៉ូម គ្រឿងខាត់ស្បែក និងថែមទាំងមាន Peelសម្រាប់បកស្បែកឱ្យសទៀត ដែលកំពុងតែវាយលុកលើទីផ្សារអនឡាញខ្លាំងមែនទែន ដូចនេះ សូមបងប្អូនមកដឹងពីផលប៉ះពាល់នៃការប្រើប្រាស់Peelបកស្បែកទាំងអស់គ្នាណា៖
យោងតាមប្រភព Self ក្នុងនោះលោកវេជ្ជបណ្ឌិត Isha Tierna ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រTuftបានមានប្រសាសន៍ថា ការបកស្បែក ឬលាបស្បែក(Peel) គឺ ជាសញ្ញាមួយដែលគួរឱ្យបារម្ភដែលអាចនឹងឆ្លងមេរោគ មេរោគផ្សិត ឬមានឆ្លងជំងឺផ្សេងៗ បន្ទាប់ពីប្រើប្រាស់រួចអ្នកប្រើគួរប្រុងប្រយ័តុ្ន។ គួររម្លឹកថា សារធាតុនៅក្នុងPeelភាគកច្រើន គឺប្រើសារធាតុគីមី ធ្វើឱ្យស្បែកខាងក្រៅ ឬ ស្រទាប់Epidermisរបក ហើយភាគច្រើនសារធាតុនៅក្នុងPeel គេតែងតែប្រើជាតិអាស៊ីតខ្សោយដូចជា Retinoic acid ប្រើសារធាតុបារ៉ត ស្ដេរ៉យជាដើម។
ជំហ៊ានដំបូងនៃការប្រើប្រាស់ សារធាតុទាំងនោះនឹងចាប់ផ្ដើមជ្រៀបចូលក្នុងស្បែកក្នុងដំណាក់កាលស្រាល ក្រោយមកជាតិអាស៊ីតនឹងជ្រៀបចូលស្បែកក្នុងដំណាក់កាលទី២ ប៉ុន្តែមិនទាន់ដល់ស្រទាប់Dermisរបស់ស្បែកនោះទេ។ក្រោយមកជាតិអាស៊ីត និងគីមី នឹងជ្រៀបចូលក្នុងស្បែកកាន់តែជ្រៅដែលបណ្ដាលឱ្យស្បែកកាន់តែេខ្សោយខ្លាំង រហូតធ្វើឱ្យស្បែកកាន់តែស្ដើងដែលអាចប្រឈមនឹងបញ្ហាឡើងសរសៃខៀវ ឬក្រហមនៅលើស្បែក។
ជាងនេះទៅទៀត ការប្រើផលិតផលបកស្បែកអាចបណ្ដាលឱ្យស្រទាប់ស្បែកមានការឈឺចាប់ ឡើងស្នាមក្រហមលើស្បែក ស្បែកក្រហាយ ជាំស្បែក ស្បែកស្ដើងខ្លាំងគ្មានសមត្ថភាពទប់ទល់នឹងពន្លឺព្រះអាទិត្យដែលអាចបណ្ដាលឱ្យស្បែកឡើងប្រតិកម្មមានស្នាមអុជខ្មៅៗ ឬប្រឈមមុខនឹងជំងឺមហាររីកស្បែក។
បន្ថែមពីនេះ សារធាតុនៅក្នុងPeelបកស្បែកនឹងមានសារធាតុ បារ៉ត ស្ដេរ៉យ អាចប៉ះពាល់ដល់ដំណើរការសរសៃឈាម ធ្វើឱ្យចង្វាក់បេះដូងដើរញាប់ បំផ្លាញដំណើរការតម្រង់នោមឬក្រលាន ប្រសិនបើសារធាតុគីមីទាំងនោះជ្រៀតចូលស្បែកខ្លាំង។
គួរបញ្ជាក់ថា ការបកស្បែក គឺមិនមែនសម្រាប់គ្រប់គ្នាឡើយ ហើយគួរតែមានវេជ្ជបញ្ជាពីអ្នកជំនាញស្បែកផ្ទាល់ មិនមែនចេះតែទិញផលិតផលហើយយកមកប្រើនោះទេ។
ដូចនេះ សូមបងប្អូនប្រើផលិតផលដោយមានការប្រុងប្រយ័ត្ន ពិសេសគួរតែស្វែងយល់ពីសារធាតុផ្សំរបស់ផលិតផលផង ដើម្បីជៀសវាងជួបបញ្ហាស្បែក និងបង្កហានិភ័យនៃជំងឺនៅថ្ងៃក្រោយ។
អត្ថបទស្រាវជ្រាវ៖ កញ្ញា តឹក ស៊ីថា

