នៅប្រទេសខ្មែរពេលនេះនៅតាមជាយដែនរវាងកម្ពុជានិងថៃមានសង្រ្គាមជាមួយគ្នា។ នៅក្រោមឆ្អឹងខ្នងនៃសង្រ្គាមនេះក៏មានផលប៉ះពាល់ដល់ផ្លូវចិត្តកុមារតូចៗ ដែរ។ ព្រោះតែសំឡេងបាញ់គ្នា និងសៀមប្រើយន្តហោះ F16 ទម្លាក់លើទឹកដីខ្មែរជាច្រើនថ្ងៃមកនេះនាំកុមារមានការភ័យខ្លាច។ តាមអង្គការ UNICEF Cambodia - ដើម្បីកុមារគ្រប់រូបបានចុះផ្សាយថា កុមារមិនមែនជាអ្នកផ្តើមសង្គ្រាមនោះទេ ប៉ុន្តែពួកគេរងគ្រោះធ្ងន់ធ្ងរបំផុតនៅក្នុងជម្លោះ និងភាពវឹកវរនេះ”។
ហើយអង្គការបន្ថែមថា ទឹកស្អាត និងអនាម័យមានសារៈសំខាន់ណាស់សម្រាប់សុខភាព និងការរស់រានមានជីវិតរបស់កុមារ។ ជារៀងរាល់ថ្ងៃមានកុមារនិងគ្រួសារបានភៀសទីលំនៅកាន់តែច្រើនដែលធ្វើឲ្យតម្រូវការសម្រាប់ទឹកស្អាត និងអនាម័យកើនឡើងលើសពីការផ្គត់ផ្គង់សព្វថ្ងៃ។ កង្វះអនាម័យត្រឹមត្រូវបណ្តាលឲ្យកុមារប្រឈមនឹងហានិភ័យខ្ពស់ជំងឺដែលអាចគំរាមកំហែងដល់អាយុជីវិតដូចជាជំងឺរាគរូសជាដើម”។
ពេលកុមាររងផលប៉ះពាល់ភ្លើងសង្រ្គាម ធ្វើឱ្យកុមារទាំងនេះធំធាត់ជាមួយនឹងភាពតានតឹងដែលមានតាំងពីកំណើតនៃការរស់នៅក្នុងតំបន់សង្គ្រាម ហើយភាគច្រើនជួបប្រទះនឹងផលវិបាកផ្លូវចិត្តធ្ងន់ធ្ងរនៅពេលក្រោយក្នុងជីវិតពួកគេ។ តាមសម្តីលោកស្រី Graca Machel ជាអ្នកនយោបាយឆ្នើម និងជាអតីតប្របន្ធលោកNelson Mandela បានលើកឡើងថា សង្គ្រាមធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃជីវិតរបស់កុមារ បំផ្លាញផ្ទះសម្បែងរបស់ពួកគេ បំបែកសហគមន៍របស់ពួកគេ និងបំផ្លាញទំនុកចិត្តរបស់ពួកគេលើមនុស្សពេញវ័យ”។
ដូច្នេះ! ឪពុកម្តាយគ្រប់រូបដើម្បីការពារបញ្ហាផ្លូវចិត្តកុមារ ឬកូនរបស់ខ្លួននោះ សូមផ្តល់ភាពកក់ក្តៅដោយការឧប នៅជាមួយកូន លេងជាមួយកូន លើកទឹកចិត្តកូន និងផ្តល់ស្នាមញញឹមដល់កូន... ព្រោះក្តីស្រឡាញ់របស់ឪពុកម្តាយជាថ្នាំព្យាបាលផ្លូវចិត្តកូនមានប្រសិទ្ធភាពបំផុត។ រឿងចំណីអាហារវិញ សូមឪពុកម្តាយឱ្យកូនហូបដោយមានអនាម័យផង ដើម្បីសុខភាពរបស់ពួកគេល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព
