ជំងឺ
ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
10.3 K views

ជំងឺច្រាលអាស៊ីតក្រពះ ជាជំងឺមួយដែលកើតឡើងនៅពេលអាស៊ីតក្នុងក្រពះច្រាលទៅបំពង់អាហារបង្កឱ្យមានការរលាក ឈឺចុក និងធ្វើឱ្យអ្នកជំងឺមានអារម្មណ៍មិនស្រួលជារឿយៗ។ ជំងឺនេះបើមិនបានព្យាបាលទាន់ពេលវេលាទេវាអាចបង្កឱ្យកើតទៅជារលាកបំពង់អាហាររយៈពេលវែង និងមានដុំសាច់មហារីកជាដើម។ ហើយជំងឺនេះអាចកើតទៅលើមនុស្សគ្រប់វ័យ ដោយសារតែទម្លាប់រស់នៅ និងរបបអាហារខុសៗគ្នា នេះបើយោងតាមគេហទំព័រ My-clevelandclinic។

ជំងឺច្រាលអាស៊ីតក្រពះ ភាគច្រើនងាយកើតទៅលើអ្នកដែលធាត់ខ្លាំង ស្ត្រីមានផ្ទៃពោះ ព្រោះមនុស្សក្រុមនេះមានសម្ពាធក្នុងពោះខ្ពស់ធ្វើឱ្យអាស៊ីតងាយឡើងខ្លាំងជាងមនុស្សទូទៅ។ កត្តារួមផ្សំផ្សេងទៀតរួមមាន ទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនដូចជា ការញុំាអាហារឆ្អែតពេក គេងមិនត្រូវទម្រង់ក្បាលរាបស្មើរទាបខ្លាំងពេក ឬគេងផ្អៀងមកផ្អែកខាងស្ដាំយូរពេក និងការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបង្កើតជាតិអាស៊ីតឱ្យច្រាលឡើងលើផងដែរ។
បន្ថែមពីនេះ ការជ្រើសរើសអាហារខុសក៏ជាមូលហេតុធំដែរ យោងតាមវេជ្ជបណ្ឌិត Roy Patankar អ្នកឯកទេសខាងក្រពះពោះវៀននៅមន្ទីរពេទ្យ Zen Multispeciality Hospital បានបញ្ជាក់ថាមានអាហារមួយចំនួនដែលគួរតែជៀសវាងសម្រាប់អ្នកមានបញ្ហាច្រាលជាតិអាស៊ីស្រាប់ ឬប្រសិនបើអ្នកមិនទាន់មានជំងឺនេះទេក៏គួរកាត់បន្ថយ។

១. ជាតិកាហ្វេអ៊ីន៖ ភាគច្រើនមាននៅក្នុងកាហ្វេ សូដា ភេសជ្ជៈប៉ូវកម្លាំង។ ផឹកជាតិកាហ្វេអ៊ីនច្រើនពេកអាចបង្កឱ្យអ្នកមានអាការៈដូចជា ក្រហាយទ្រូង ដែលជាសញ្ញាសំខាន់នៃជំងឺច្រាលអាស៊ីត។
២. ប៉េងប៉ោះ និងផលិតផលពីប៉េងប៉ោះ៖ ប៉េងប៉ោះមានអាស៊ីតធម្មជាតិស្រាប់ហើយ បើញ៉ាំវាច្រើនអាចធ្វើឱ្យក្រពះឡើងអាស៊ីតបានងាយ។
៣. អាហារបំពងខ្លាញ់ច្រើន៖ អាហារបំពង គ្រប់ប្រភេទដូចជា មាន់បំពង ប្រហិត ពងទាចៀន...ទាំងអស់នេះសុទ្ធសឹងធ្វើឱ្យក្រពះផលិតអាស៊ីតច្រើន ហើយអាចធ្វើឱ្យក្រពះកាន់តែមានបញ្ហាធ្ងន់ធ្ងរ។ 
៤. ក្រូចឆ្មារ៖ ជាតិអាស៊ីតខ្ពស់ក្នុងក្រូចឆ្មារ អាចបង្កឱ្យក្រពះក្ដៅ និងក្រហាយទ្រូងបានងាយ។
៥. អាហារហឹរ៖ សារធាតុ capsaicin ក្នុងម្ទេសអាចបង្កឱ្យបំពង់អាហាររលាក និងធ្វើឱ្យបញ្ហាក្រពះកាន់តែអាក្រក់ឡើង។
៦. គ្រឿងស្រវឹង៖ វេជ្ជបណ្ឌិតបានឱ្យដឹងថា គ្រឿងស្រវឹងគ្រប់ប្រភេទមានឥទ្ធិពលអវិជ្ជមានដល់ក្រពះ។ វាអាចបណ្តាលឱ្យក្រពះរលាក កាត់បន្ថយមុខងារបំពង់រំលាយអាហារ និងពង្រឹងការច្រាលអាស៊ីត។

ហេតុនេះបើមិនចង់ឱ្យខូចក្រពះឆាប់មានបញ្ហាទាំងវ័យក្មេង គួរតែបញ្ឈប់បញ្ហាប្រឈម ដូចជាកាត់បន្ថយទម្លាប់ និងអាហារទាំងអស់ខាងលើនេះ ឈប់ជក់បារី កែប្រែរបបអាហារឡើងវិញ រក្សាកុំឱ្យលើសគីឡូ ធ្វើលំហាត់ប្រាណ និងព្យាយាមដកដង្ហើមចូលវែងៗ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia