សុខភាពសរសៃឈាមគឺជាគ្រោងឆ្អឹងសំខាន់សម្រាប់រាងកាយទាំងមូល វាជួយដឹកនាំឈាម អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់សរីរាង្គទាំងអស់។ ប៉ុន្តែការចុះខ្សោយរបស់សរសៃឈាមមិនមែនកើតឡើងភ្លាមៗទេ វាអាចកើតឡើងបន្តិចម្តងៗក្នុងរយៈពេលយូរធ្វើឱ្យយើងពិបាកក្នុងការសង្កេត។ រោគសញ្ញាចំបងតែងកើតឡើងនៅពេលយប់ តែអ្នកជំងឺមួយចំនួនមិនសូវជាចាប់អារម្មណ៍។ ខាងក្រោមនេះគឺជារោគសញ្ញាទាំង ៤ ដែលអ្នកទាំងអស់គ្នាគួរតែចាប់អារម្មណ៍ព្រោះជាសញ្ញាបង្ហាញថាសរសៃឈាមរបស់អ្នកចាប់ផ្ដើមខូច៖
១. ឈឺទ្រូងពេលគេង៖ នេះជាបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះជាពិសេសនៅពេលគេង ធ្វើឱ្យមានអារម្មណ៍តឹងណែន ឬឈឺចាប់នៅកណ្ដាលទ្រូង។ ពេលរាងកាយសម្រាក ឈាមនឹងហូរទៅកាន់បេះដូង ធ្វើឱ្យបេះដូងធ្វើការខ្លាំងជាងធម្មតា។ បន្ថែមពីនេះ ការរំញោចសរសៃប្រសាទមួយចំនួនអាចធ្វើឱ្យសរសៃឈាមបេះដូងស្ពឹក និងបង្កឱ្យមានការឈឺទ្រូង។ ប្រសិនបើអ្នកឈឺចាប់ទ្រូងញឹកញាប់រាល់យប់ វាអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង បើអ្នកមានអាការៈបែបនេះត្រូវទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញភ្លាមៗដើម្បីជៀសវាងហានិភ័យដាច់សរសៃឈាមខួរក្បាល។
២. វិលមុខ និងឈឺក្បាលពេលភ្ញាក់ពីគេង៖ នៅពេលសរសៃឈាមខួរក្បាលរួមតូច ឬការហូរឈាមមិនសូវល្អ ខួរក្បាលនឹងទទួលអុកស៊ីហ្សែនតិច។ ដូច្នេះពេលភ្ញាក់ពីគេង អ្នកអាចមានអារម្មណ៍វិលមុខ ឈឺក្បាល ឬធ្ងន់ក្បាលដូចមិនបានលក់គេង។ ប្រសិនបើរោគសញ្ញាទាំងនេះបន្តយូរ វាអាចជាការព្រមានពីជំងឺដាច់សរសៃឈាមខួរក្បាល លើសឈាម ឬបញ្ហាការហូរឈាមក្នុងខួរក្បាល។
៣. រមួលក្រពើ ស្ពឹក ឬឈឺជើងនៅពេលយប់៖ មនុស្សច្រើនណាស់ដែលធ្លាប់ជួបបញ្ហានេះតែគិតថាគ្រាន់ជារឿងធម្មតា។ តែបើសិនជាអាការៈនេះកើតឡើងញឹកញាប់វាអាចបង្ហាញថាសរសៃឈាមនៅជើងកំពុងរឹង ឬមានការស្ទះបន្តិច ហើយឈាមមិនអាចហូរទៅដល់ជើងបានគ្រប់គ្រាន់។ នៅពេលគេង ឈាមដើរយឺតជាងពេលធ្វើចលនា ដូច្នេះរោគសញ្ញានឹងកាន់តែច្បាស់។ ប្រសិនបើមិនព្យាបាល វាអាចនាំឱ្យឈឺពេលដើរ និងធ្ងន់ដល់ថ្នាក់ស្ទះសរសៃឈាមក្រៅ។
៤. ត្រជាក់ដៃត្រជាក់ជើងទោះបីនៅកន្លែងក្ដៅ៖ ជារឿងធម្មតាដែលកើតឡើងនៅពេលសរសៃឈាមត្រូវបានរួមតូច។ ពេលឈាមមិនទៅដល់ដៃជើងគ្រប់គ្រាន់ អវយវៈទាំងនេះនឹងត្រជាក់ និងមានអារម្មណ៍ស្ពឹកស្រពន់ នេះអាចជាសញ្ញាដំបូងនៃបញ្ហាប្រព័ន្ធឈាម ឈាមរត់មិនល្អ សម្ពាធឈាមឡើងខ្ពស់ ឬជំងឺសរសៃឈាមបេះដូង។
បើអ្នកមានអាការៈបែបនេះរាល់យប់ អ្វីដែលអ្នកគួរធ្វើគឺពិនិត្យសម្ពាធឈាម ពិនិត្យខ្លាញ់ក្នុងឈាម ជាតិស្ករក្នុងឈាម និងធ្វើតេស្តពាក់ព័ន្ធនឹងបេះដូង ឬសរសៃឈាម។ សញ្ញាដែលលេចឡើងពេលយប់អាចជាកណ្តឹងរោទិ៍សម្រាប់សុខភាពសរសៃឈាមរបស់អ្នក។ ការយកចិត្តទុកដាក់ត្រឹមត្រូវអាចជួយការពារបេះដូង ខួរក្បាល និងជីវិតទាំងមូលរបស់អ្នកបាន៕
អត្ថបទដោយ៖ សារួ
