មេរោគក្នុងក្រពះ គឺជាមេរោគឆ្លងមួយប្រភេទដែលអាចចូលក្នុងរាងកាយមនុស្សតាមរយៈអាហារ ឬទម្លាប់រស់នៅដែលខ្វះអនាម័យ។ វេជ្ជបណ្ឌិត ម៉ក់ សុភក្តិ ឯកទេសជំងឺឬសដូងបាត ថ្លើម និងពោះវៀន បានបញ្ជាក់ថា នៅពេលមេរោគចូលក្នុងក្រពះរយៈពេលយូរ វាអាចបង្កឱ្យមានការរលាករ៉ាំរ៉ៃ ហើយបន្តិចម្តងៗអាចនាំឱ្យក្រពះរងការប្រែប្រួលរចនាសម្ព័ន្ធ និងបញ្ចេញហានិភ័យទៅជាមហារីកក្រពះ។
មេរោគនេះវាមាននៅគ្រប់ទីកន្លែង ដោយការរស់នៅគ្មានអនាម័យរបស់យើងនឹងធ្វើឱ្យមេរោគចូលទៅក្នុងក្រពះបានយ៉ាងងាយ។ ឧទាហរណ៍ បន្លែដែលខ្មែរយើងមួយចំនួននិយមប្រើលាមកធ្វើជី ដូច្នេះបើយើងមិនបានសម្អាតវាឱ្យបានស្អាតទេ មេរោគដែលតោងជាប់នៅបន្លែនឹងចូលទៅក្នុងក្រពះពេលញ៉ាំ។ មិនត្រឹមតែបន្លែទេ ការមិនលាងដៃបន្ទាប់ពីចេញពីបន្ទប់ទឹក ឬមុនញ៉ាំអាហារ ក៏អាចធ្វើឱ្យមេរោគចូលក្នុងមាត់ និងឆ្លងចូលក្រពះបានដែរ។
ហានិភ័យប្រសិនបើមិនព្យាបាលទាន់ពេល៖ ចំពោះអ្នកជំងឺដែលមានមេរោគក្រពះ បើមិនបានព្យាបាលទាន់ពេល វាអាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ដូចជារលាកក្រពះរ៉ាំរ៉ៃ ហើយបើធ្ងន់គឺវិវត្តទៅជាមហារីកក្រពះ។ នៅដំណាក់កាលមហារីក ការព្យាបាលភាគច្រើនត្រូវការវះកាត់ និងការថែទាំរយៈយូរ តែបើយើងអាចរកឃើញនៅដំណាក់មានមេរោគក្នុងក្រពះអ្នកជំងឺអាចព្យាបាលត្រឹមប្រើថ្នាំសម្លាប់មេរោគនិងមិនដល់ថ្នាក់ត្រូវវះកាត់ឡើយ។
រោគសញ្ញាដែលអាចបង្ហាញថាមានបញ្ហាមេរោគក្រពះ៖ អ្នកជំងឺភាគច្រើនអាចនឹងមានការឈឺចុកចុងដង្ហើម ញ៉ាំឆាប់ឆ្អែត ភើឬតឹងពោះ ដកដង្ហើមមិនស្រួល។ បើជំងឺចូលដល់ដំណាក់កាលមហារីក នឹងមានរោគសញ្ញាដូចជាក្អួតឈាម លាមកពណ៌ខ្មៅ ឬមានឈាម ស្រកទម្ងន់ខ្លាំង និងអស់កម្លាំងខុសពីធម្មតា។
វិធីការពារកុំឱ្យឆ្លងមេរោគ និងកុំឱ្យវិវត្តទៅជាមហារីក៖ វេជ្ជបណ្ឌិត ម៉ក់ សុភក្តិ បានណែនាំថា ការរក្សាអនាម័យជីវិតប្រចាំថ្ងៃគឺជាការការពារល្អបំផុត។ ពេលចេញពីបន្ទប់ទឹកត្រូវលាងដៃជាមួយសាប៊ូឱ្យបានស្អាត មុនញុំាអាហារក៏ត្រូវលាងដៃឱ្យបានស្អាតដូចគ្នា ជាពិសេសនៅពេលញ៉ាំជុំគ្នាក្នុងគ្រួសារ គួរប្រើស្លាបព្រាកណ្ដាល ដើម្បីជៀសវាងការឆ្លងពីមាត់ទៅមាត់។ ការសម្អាតបន្លែឱ្យបានល្អ មិនប្រើទឹកកខ្វក់ ឬឧបករណ៍មិនស្អាត ក៏អាចបន្ថយហានិភ័យកើតមេរោគក្នុងក្រពះដែរ។ បន្ថែមពីនេះ កត្តាដែលជំរុញឱ្យមេរោគក្រពះបង្ករហានិភ័យទៅជាមហារីករហូតដល់ដំណាក់កាលវះកាត់ដូចជា អ្នកជំងឺចូលចិត្តញាំអាហារប្រៃ និងអាហារផ្អាប់ខ្លាំង ចូលចិត្តជក់បារី ចូលចិត្តផឹកគ្រឿងស្រវឹង និងទម្លាប់រស់នៅមិនល្អផ្សេងៗ។
មេរោគក្នុងក្រពះគឺជាជំងឺមួយដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង។ ការរក្សាអនាម័យល្អ អាចរកឃើញជំងឺភ្លាមៗនៅដំណាក់កាលដំបូងនិងការទទួលព្យាបាលទាន់ពេលគឺជាគន្លឹះសំខាន់ក្នុងការការពារមិនឱ្យវាវិវត្តទៅជាមហារីក។ ដូច្នេះបើបងប្អូនមានអាការៈគួរឱ្យសង្ស័យណាមួយគួរតែទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីពិភក្សានឹងពិនិត្យរកមូលហេតុពិតប្រាកដដើម្បីព្យាបាលឱ្យបានទាន់ពេល។ បើបងប្អូនចង់ពិគ្រោះយោបលអាចទាក់ទងពិគ្រោះជាមួយលោកវេជ្ជបណ្ឌិត ម៉ក់ សុភក្តិ ឯកទេសជំងឺឫសដូងបាត ថ្លើម ក្រពះពោះវៀន តាមរយៈលេខទូរស័ព្ទ៖ 016 919 596 ឬផេកផ្លូវការ Dr. Mak Sopheak ឯកទេសជំងឺឫសដូងបាត ថ្លើម ក្រពះពោះវៀន ៕
អត្ថបទដោយ៖ សារួ
