ស៊ុត ត្រូវបានគេទទួលស្គាល់ថាជាអាហារដែលមានតម្លៃខ្លាំងព្រោះវាពោរពេញទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។ មនុស្សជាច្រើនចូលចិត្តញុំា ស៊ុត ដោយសារវាងាយស្រួលរកទិញមានតម្លៃថោក និងងាយស្រួលក្នុងការចម្អិន ជាពិសេសសម្រាប់អ្នកចង់សម្រកទម្ងន់ ស៊ុត គឺជាជម្រើសដ៏ល្អបំផុត។
ទោះបីជា ស៊ុត មានអត្ថប្រយោជន៍ច្រើនតែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចញុំាស៊ុតបានអត្ថប្រយោជន៍នោះទេ។ ជាក់ស្ដែងមានមនុស្ស ៤ ក្រុមដែលគួរតែមានការប្រុងប្រយ័ត្ន ឬកំណត់បរិមាណក្នុងការញុំាស៊ុត ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាព។
១. អ្នកដែលមានកូឡេស្តេរ៉ុលខ្ពស់ និងមានប្រវត្តិមានជំងឺបេះវដូង៖ ស៊ុតមានកូឡេស្តេរ៉ុលពិតមែន ប៉ុន្តែសម្រាប់មនុស្សធម្មតា មិនមែនជាបញ្ហាធំប៉ុន្មានទេ។ ទោះជាយ៉ាងណា ចំពោះអ្នកដែលមានបញ្ហាបេះដូង ការញ៉ាំស៊ុតគួរតែមានកម្រិត ហើយគ្រូពេទ្យតែងណែនាំឱ្យទទួលទានត្រឹមតែ ៤ ទៅ ៥ ពងក្នុងមួយសប្តាហ៍ ប៉ុណ្ណោះ។
២. អ្នកដែលមានជំងឺទឹកនោមផ្អែម៖ មនុស្សក្រុមនេះមានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូងជាងមនុស្សធម្មតា។ ការសិក្សាមួយចំនួនបង្ហាញថា ការញ៉ាំស៊ុតច្រើនអាចពង្រីកហានិភ័យឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ទោះបីស៊ុតមិនបង្កគ្រោះថ្នាក់ដល់មនុស្សដែលមានសុខភាពល្អក៏ដោយ តែសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរតែកំណត់បរិមាណនៃការញុំាឱ្យបានត្រឹមត្រូវ និងគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងសម្រេចចិត្តញុំា។
៣. អ្នកដែលមានអាឡែហ្ស៊ីជាមួយស៊ុត៖ ប្រតិកម្មអាឡែហ្ស៊ីអាចមានច្រើនទម្រង់ អាចជាហៀរសំបោរ រមាស់កន្ទួល ហើមបំពង់ក បើគ្រោះថ្នាក់គឺអាចប៉ះពាល់ដល់អាយុជីវិត។ ចំពោះមនុស្សមានអាឡែហ្ស៊ីស៊ុត គួរជៀសវាងទាំងស៊ុត និងផលិតផលដែលផលិតចេញពីស៊ុតទាំងអស់។
៤. អ្នកដែលមានជំងឺថ្លើម៖ នៅពេលមានជំងឺថ្លើម ឬជំងឺក្រិនថ្លើម សមត្ថភាពក្នុងការបំប្លែងសារធាតុខ្លាញ់នឹងថយចុះ។ ដូច្នេះការញ៉ាំស៊ុតច្រើនអាចបន្ថែមបន្ទុកលើថ្លើមបាន។ បើសិនជាមិនគ្រប់គ្រងរបបអាហារ វាអាចធ្វើឱ្យជំងឺធ្ងន់ធ្ងរឡើង។
ទោះបីស៊ុតជាអាហារមានតម្លៃជីវជាតិខ្ពស់ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់រាងកាយក៏ដោយ ការបរិភោគត្រូវតែសមស្របទៅតាមសុខភាពរបស់មនុស្សម្នាក់ៗ។ ប្រសិនបើអ្នកស្ថិតក្នុងក្រុមដែលបានរៀបរាប់ខាងលើ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ការពិគ្រោះជាមួយគ្រូពេទ្យ និងការកំណត់បរិមាណអាហាររបស់ខ្លួន គឺជាវិធីល្អបំផុតក្នុងការរក្សាសុខភាពឱ្យមានស្ថេរភាព និងប្រកបដោយសុវត្ថិភាព៕
អត្ថបទដោយ៖ សារួ
