នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ នេះគេឃើញរូបភាព ក៏ដូចជាវីដេអូរបស់សិស្សានុសិស្សជាច្រើនបាននាំគ្នារត់ប្រសេកប្រសាចចេញពីសាលាទៅផ្ទះវិញ ដោយសារសាលារៀនត្រូវបង្ខំបិទទ្វាភ្លាមៗទាំងមិនទាន់ចប់ម៉ោង ក្រោយរងការវាយប្រហាពីភាគីថៃមកលើកម្ពុជា។
នេះបើយោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះនៅលើផេកផ្លូវការនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ នេះថា៖ “ព្រឹកនេះសាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៤ ខេត្តត្រូវបានបិទទ្វារសរុប ៣៧៧ សាលា មានគ្រូបង្រៀនចំនួន ៣១៩៧នាក់ និងប៉ះពាល់សិស្សសរុប ៧៨៥៨៥នាក់”។
យ៉ាងណាមិញក្រសួងបានបញ្ជាក់ថា សាលាដែលត្រូវបង្ខំបិទទ្វាភ្លាមៗគឺស្ថិតនៅក្នុងខេត្តចំនួន ៤ ដែលជាប់ព្រំដែនថៃរួមមាន ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារពីភាគីថៃ។


ការប្រកាសនេះធ្វើឡើងក្រោយមានការផ្ទុះអាវុធយ៉ាងក្ដៅគគុកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ៥:៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក៕
អត្ថបទដោយ៖ សារួ
