អាហារ
កុំប្រថុយមនុស្ស ៥ ក្រុមនេះមិនគួរផឹកកាហ្វេពេលព្រឹក អាចធ្វើឱ្យលើសឈាម ងាយគាំងបេះដូង
Pov Saru
November 28 2025
4 K views

កាហ្វេ ជាភេសជ្ជៈដែលពេញនិយមខ្លាំង មនុស្សជាច្រើនចូលចិត្តផឹកកាហ្វេនៅពេលព្រឹកមុនចាប់ផ្ដើមការងារ ដើម្បីឱ្យស្រឡះខួរក្បាល បង្កើនថាមពលនៅក្នុងខ្លួន។ តែមិនមែនគ្រប់គ្នាសុទ្ធតែអាចផឹកកាហ្វេនៅពេលព្រឹកបានទេ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ មានមនុស្ស ៥ ក្រុមដែលមិនគួរផឹកកាហ្វេនៅពេលព្រឹក ឬពេលពោះទទេ ព្រោះវាអាចបង្កឱ្យប៉ះពាល់ខ្លាំងដល់សុខភាព និងធ្វើឱ្យសុខភាពកាន់តែខូចខាត៖ 

១. អ្នកដែលមានជំងឺក្រពះ (ដំបៅ និងច្រាលអាស៊ីត)៖ អ្នកដែលមានបញ្ហាក្រពះគួរតែជៀសវាងកាហ្វេពេលព្រឹកជាពិសេសពេលមិនទាន់បានអាហារចូលពោះ។ យោងតាមគេហទំព័រ phunutoday.vn កាហ្វេមានជាតិអាស៊ីត និងកាហ្វេអ៊ីន ដែលជំរុញឱ្យក្រពះបញ្ចេញទឹកអាស៊ីតកាន់តែច្រើន។ ដូច្នេះវាអាចបង្កឱ្យមានការឈឺក្រពះ ច្រាលអាស៊ីត ហើមផ្លូវអាហារ និងធ្វើឱ្យដំបៅក្រពះកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកនៅតែចង់ផឹក ត្រូវរងចាំប្រហែល ១ ទៅ ២ ម៉ោងបន្ទាប់ពីញុំាអាហារ។

២. អ្នកដែលមានបញ្ហាបេះដូង៖ អ្នកដែលធ្លាប់មានបញ្ហាបេះដូងលោតញាប់ សម្ពាធឈាមខ្ពស់ ឬមានជំងឺសរសៃឈាមបេះដូង មិនគួរផឹកកាហ្វេពេលព្រឹកទេ។ ដោយសារនៅក្នុងកាហ្វេ មានជាតិកាហ្វេអ៊ីនដែលជាសារធាតុរំញោចដែលអាចបង្កើនចង្វាក់បេះដូង ធ្វើឱ្យលើសសម្ពាធឈាម។ កាហ្វេ អាចធ្វើឱ្យជំងឺកាន់តែអាក្រក់ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាបេះដូងគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុន មុនពេលចង់ផឹកកាហ្វេជាប្រចាំ។ 

៣. អ្នកដែលមានការតានតឹង ថប់បារម្ភ ឬគេងមិនលក់៖ ពេលព្រឹកគឺជាពេលដែលកម្រិត cortisol កើនឡើងជាងធម្មតា ដើម្បីឱ្យរាងកាយភ្ញាក់។ បើផឹកកាហ្វេភ្លាមៗ វានឹងបង្កឱ្យប្រព័ន្ធសរសៃប្រសាទ “overstimulate” ធ្វើឱ្យអ្នកកាន់តែតានតឹង ញ័រដៃ ខ្វះការផ្តោតអារម្មណ៍ ហើយធ្វើអ្នកកាន់តែងាយគេងលែងលក់នៅពេលយប់។ ដូច្នេះសម្រាប់អ្នកដែលធ្លាប់មានបញ្ហាដូចជា៖ ការថប់បារម្ភ បញ្ហាគេងមិនលក់ សម្ពាធការងារខ្លាំង ងាយខឹង ឬឆាប់តានតឹង ការផឹកកាហ្វេពេលព្រឹកអាច “ធ្វើឱ្យស្ថានភាពអាក្រក់ជាងមុន”។ 

៤. អ្នកដែលមិនដែលញុំាអាហារពេលព្រឹក៖ មនុស្សជាច្រើនបានជ្រើសយកកាហ្វេ ដោយគិតថាកាហ្វេមួយពែងអាចជំនួសអាហារពេលព្រឹកបាន តែជាក់ស្ដែងការធ្វើបែបនេះដូចជាធ្វើបាបក្រពះខ្លួនឯងចឹង។ អ្នកមើលរំលងអាហារពេលព្រឹក ផឹកតែកាហ្វេជំនួសរាល់ថ្ងៃ ធ្វើឱ្យអាស៊ីតក្រពះកើនខ្លាំង ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ ហើមពោះ ឈឺក្រពះ និងអស់កម្លាំង។ ដូច្នេះ មុនផឹកកាហ្វេ គួរតែញុំាអាហារជាមុនដូចជា ចេក ស៊ុត នំបុ័ង ឬទឹកដោះគោជូរជាមុន។

៥. កុមារ និងក្មេងជំទង់៖ ផ្អែកតាមគេហទំព័រ Times of India ជាតិកាហ្វេអ៊ីនមានឥទ្ធិពលខ្លាំងលើរាងកាយកុមារ។ វាអាចធ្វើឱ្យក្មេងពិបាកក្នុងការគេង កើតជំងឺថប់បារម្ភ និងធ្វើឱ្យអារម្មណ៍ឆាប់ប្រែប្រួលឡើងចុះ ចង្វាក់បេះដូងលោតលឿន។ អ្នកជំនាញណែនាំឱ្យ កុមារគួរតែជៀសវាងការផឹកកាហ្វេសុទ្ធ ហើយក្មេងជំទង់មិនគួរផឹកកាហ្វេដែលមានជាតិកាហ្វេអ៊ីនលើសពី 100 mg ក្នុងមួយថ្ងៃទេ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia