ជំងឺគីសដៃស្បូន គឺជាជំងឺមួយដែលស្ត្រីជាច្រើនតែងជួបប្រទះ ប៉ុន្តែមនុស្សជាច្រើនមិនទាន់ដឹងថាវាអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់ខ្លួនទេ។ គីសមានពីរប្រភេទគឺ គីសស្លូតឬកាច ឬអាចហៅថាគីសធម្មតា និងគីសបង្កើនជំងឺ។ តាមការចែករំលែកពីវេជ្ជបណ្ឌិត រចនា ស្ថានិកគ្លីននិកសម្ភពរ៉ូស បានពន្យល់ថា ក្រោយមករដូវ ២សប្ដាហ៍ ស្ត្រីអាចនឹងមានគីសប្រភេទពងទឹកនៅលើស្បូន ដែលគីសនោះមានសម្បកស្ដើងខាងក្នុងទឹក ជាការវិវត្តនៃគីសកន្សោមពងរបស់ស្ត្រីហើយវាអាចនឹងបែកទៅវិញដោយខ្លួនឯងមិនមែនជាជំងឺទេ។
សម្រាប់ភេទគីសកាចឬគីសជំងឺ គឺជាប្រភេទគីសដែលសារធាតុខាងក្នុងមិនមែនជាទឹក គីសខ្លះអាចមានសក់ មានកោសិកាស្បែក ឬសរសៃរឹងៗ ហើយពេលខ្លះត្រូវបានរកឃើញថាមានឈាមនៅក្នុងផងដែរ។ គីសប្រភេទទាំងអស់នេះ ទើបជាគីលជំងឺដែលបង្កគ្រោះថ្នាក់សម្រាប់សុខភាពស្ត្រី បើមិនបានពិនិត្យ និងព្យាបាលទាន់ពេល។
យោងតាមប្រភព healthline បានឱ្យដឹងថាកត្តាដែលបណ្តាលឱ្យស្រ្តីកើតជំងឺដុំគីសដៃស្បូនឬគីសកាចនេះ គឺដោយសារតែកត្តារបបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃ។ ស្ត្រីមួយចំនួនពួកគាត់ចូលចិត្តញុំាអាហារប្រភេទ Fat food ដូចជាអាហារបំពង (ស្លាបមាន់បំពង ភ្លៅមាន់បំពង ប្រហិតបំពង...) អាហារដែលមានជាតិខ្លាញ់ច្រើន ធ្វើឱ្យអរម៉ូនរបស់ស្ត្រីកើនឡើងខ្លាំងវិវត្តទៅជាដុំគីសក្នុងដៃស្បូន។ មួយវិញទៀត វាអាចមកពីកត្តាការប្រើប្រាស់ថ្នាំ ស្រ្តីដែលតែងតែលេបថ្នាំពាក់ព័ន្ធជាមួយអរម៉ូនក៏បណ្តាលឱ្យមានដុំគីសនៅដៃស្បូនដែរ។
ដោយឡែក បើផ្អែកតាមប្រភព atlii.com តាមការសិក្សាគេបានរកឃើញថា ការទទួលទានជាតិកាហ្វេអ៊ីនច្រើន ក៏អាច បង្កើនហានិភ័យនៃជំងឺគីសដៃស្បូនដែរ ជាពិសេសចំពោះស្ត្រីដែលមានអាយុក្រោម ៣៥ឆ្នាំ។ យ៉ាងណាក៏ដោយ ការញុំាកាហ្វេមិនមែនជាមូលហេតុចម្បងដែលនាំឱ្យស្ត្រីកើតជំងឺគីសដៃស្បូននោះទេ ប៉ុន្តែការញុំាជាតិកាហ្វេអ៊ីន និងសូដាច្រើនពេកមិនមែនជាផលល្អឡើយសម្រាប់សុខភាព។
ដើម្បីចៀសវាងពីហានិភ័យនៃជំងឺគីសដៃស្បូន វេជ្ជបណ្ឌិត John Lipman បានណែនាំថា ស្ត្រីគ្រប់រូបគួរតែចៀសវាងប្រើប្រាស់ផលិតផលថែរក្សាសម្រស់ ឬអាហារដែលមានធាតុផ្សំពីអរម៉ូន ដែលអាចធ្វើឱ្យអរម៉ូនអ៊ឺស្ត្រូសែនកើនឡើង។ អ្នកគួរញ៉ាំអាហារដែលមានជាតិកាកសរសៃ អាហារបៃតងឱ្យបានច្រើន រក្សាទម្ងន់កុំឱ្យលើស និងធានាថាអ្នកទទួលបានវីតាមីន D និងគេងឱ្យបានគ្រប់គ្រាន់ បើអ្នកធ្វើបានវាជារឿងល្អដែលអាចកាត់បន្ថយហានិភ័យនៃជំងឺគីសដៃស្បូន។
អ្វីដែលសំខាន់ជាងគេគឺ មិនគួរមើលរំលងប្រសិនបើអ្នកដឹងថាមានគីស។ ការដឹងឱ្យច្បាស់ពីប្រភេទគីសនឹងជួយអ្នកចៀសវាងហានិភ័យនាពេលអនាគត និងទទួលបានការព្យាបាលត្រឹមត្រូវទាន់ពេល។ ការយកចិត្តទុកដាក់ខ្លួនឯងជាប្រចាំ និងការរស់នៅមានវិន័យ នឹងជួយការពារសុខភាពដៃស្បូន និងសុខភាពស្ត្រីជារឿយៗបានយ៉ាងខ្លាំង៕
អត្ថបទដោយ៖ សារួ
