ច្រើនថ្ងៃហើយដែលប្រទេសកម្ពុជារងការវាយប្រហារពីភាគថៃតាមតំបន់ព្រំដែនដូចជាខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ដែលជាហេតុធ្វើឱ្យប្រជាជនស្លូតត្រង់ជាច្រើនគ្រួសារត្រូវរត់ភៀសខ្លួនគេចពីគ្រប់កាំភ្លើង និងការបំផ្លិចបំផ្លាញទៅរកតំបន់សុវត្ថិភាពក្នុងស្ថានភាពដែលពុំបានត្រៀមខ្លួន។
ក្នុងស្ថានការណ៍រត់គេចពីសង្រ្គាម សូមបងប្អូនកុំភ្លេចថែរក្សាសុខភាពរបស់ខ្លួនឯង ព្រោះនៅពេលរាងកាយត្រូវជាមួយទឹកសន្សើម និងត្រជាក់យូរ ប្រព័ន្ធភាពស៊ាំនឹងថយចុះ ហើយវាមិនអាចប្រឆាំងទល់នឹងបាក់តេរី ឬវីរុសផ្សេងៗបានទេ។ ហើយនេះគឺជា មូលហេតុធំដែលអាចបណ្ដាលឱ្យកើតជំងឺ រលាកសួត។ រោគសញ្ញានៃជំងឺរលាកសួននៅដំណាក់កាលដំបូងៗអាចនឹងមិនធ្ងន់ធ្ងរអ្វីទេដូចជា ក្អកតិចៗ ក្ដៅខ្លួនតិចៗ អស់កម្លាំង ល្ហិតល្ហៃ ។ តែបើមានអាការៈដូចជា ពិបាកដកដង្ហើម ដកដង្ហើមខ្លីៗ ឈឺទ្រូង និងផ្ដាយសាយមិនបាត់ នោះមានន័យថាជំងឺបានរាលដាលទៅដល់សួនហើយ។ យោងតាម unicef.org មានវិធីជាច្រើនដែលអាចការពារជំងឺរលាកសួតបាន៖
១.រកកន្លែងស្ងួត និងកក់ក្តៅ៖ ត្រូវចៀសវាងទីកន្លែងដែលសើម និងមានខ្យល់ខ្លាំង ឬមានជ្រាបទឹក។ កន្លែងកក់ក្ដៅជួយរក្សាកម្លាំង និងការពារពីការត្រជាក់ដែលអាចបណ្ដាលឱ្យជំងឺធ្ងន់ធ្ងរ។
២.ត្រូវប្រាកដថាមានសម្លៀកបំពាក់សមរម្យ៖ សម្លៀកបំពាក់ក្តៅៗ ដូចជា អាវក្រាស់ កន្សែងបង់ក ស្បែកជើងដែលមិនជ្រាបទឹក ជួយបង្ការឱ្យរាងកាយមិនត្រជាក់ ហើយជួយរក្សាភាពស៊ាំ។
៣.ប្រើប្រាស់អាហារដែលផ្តល់ថាមពល៖ អាហារដែលមានកាឡូរីខ្ពស់ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតឱ្យបានគ្រប់គ្រាន់ ដូចជាស្រូវអង្ករ អំបិលខាំ អាហារស្ងោរក្តៅៗ នឹងជួយឱ្យរាងកាយមានកម្លាំងប្រឆាំងជំងឺ។
៤.រកទឹកស្អាតសម្រាប់ផឹក៖ ការស្រេកទឹកធ្វើឱ្យរាងកាយខ្សោយ ហើយធ្វើឱ្យស្រួលឆ្លងជំងឺ។ ទឹកស្អាតជួយរក្សាសុខភាព និងការពារការឆ្លងជំងឺបន្ថែម។
៥.រកជំនួយវេជ្ជសាស្ត្រ៖ ក្នុងករណីក្អកខ្លាំង ក្តៅសាច់ ឈឺទ្រូង ឬដកដង្ហើមលំបាក ត្រូវស្វែងរកជំនួយវេជ្ជសាស្ត្រឱ្យបានឆាប់រហ័សបំផុត។ ការព្យាបាលឆាប់រហ័សអាចជួយជីវិតបាន។
ស្ដាប់ទៅវាអាចនឹងពិបាកសម្រាប់ស្ថានការណ៍ពេលនេះ តែជំងឺរលាកសួតអាចជាការគំរាមកំហែងស្ងៀមស្ងាត់ ប៉ុន្តែមិនមែនជាអ្វីមួយដែលមនុស្សមិនអាចការពារបានឡើយ។ វាត្រូវការការយកចិត្តទុកដាក់ អន្តរជំនួយ និងការយល់ដឹង។ នៅក្នុងពេលដែលជីវិតកំពុងរងគ្រោះគ្រប់ជ្រុងជ្រោយ អ្វីដែលសន្សំជីវិតមនុស្សមិនមែនត្រឹមតែការរត់គេចពីគ្រប់កាំភ្លើងឬគ្រប់បែកទេ តែក៏ត្រូវថែរក្សាសុខភាពខ្លួនឯងគេចពីជំងឺកាចសាហាវផងដែរ។ ជីវិតមនុស្សម្នាក់គួរតែត្រូវការការពារពីគ្រោះថ្នាក់គ្រប់ប្រភេទដែលអាចផ្ដាច់ជីវិតបាន៕
អត្ថបទដោយ៖ សារួ
