នៅសម័យនេះ មានប្រជាជនមួយចំនួនបានចាញ់បោកគេព្រោះតែតាមបណ្តាញសង្គម និងលេខទូរស័ព្ទ។ ហើយតាមការបង្ហោះរបស់លោកជំទាវបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិបានសរសេរលើបណ្តាញសង្គមថា ដើម្បីទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ (លេខមិនចុះឈ្មោះ) ដើម្បីធ្វើការឆបោកប្រាក់ប្រជាជនស្លូតត្រង់ ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់។ Together, we are stronger!
ខ្ញុំសូមអំពាវនាវ និងក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើតំណរភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគ ដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ និងលេខទូរស័ព្ទ ឱ្យបុគ្គលដទៃដែលពុំបានកាត់ឈ្មោះត្រឹមត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំពីសំណាក់ជនខិលខូច ក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ ការក្លែងបន្លំខ្លួនជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរស័ព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ ជាដើម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន៕
