យើងសង្កេតឃើញថា ការទទួលទានភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងកំពុងមានការពេញនិយមជាខ្លាំងចំពោះមនុស្សវ័យជំទង់ ជាពិសេសក្មេងៗតែម្តង។ ហើយអ្នកដែលកំពុងតែទទួលភេសជ្ជៈផ្អែម ឬប៉ូវកម្លាំង តើអ្នកមានដឹងពីផលគ្រោះថ្នាក់នៃភេសជ្ជៈទាំងនេះដែរឬទេ?
បើយោងតាមការចេញផ្សាយរបស់ ORLANDO HEALTH បានរៀបរាប់ប្រាប់ថា ភេសជ្ជៈផ្អែម ឬប៉ូវកម្លាំងមិនត្រូវបានណែនាំសម្រាប់កុមារនោះទេ ដោយសារតែវាមានកម្រិតជាតិស្ករខ្ពស់ ដែលបង្កផលគ្រោះថ្នាក់ចំពោះសុខភាជាខ្លាំង។ ហេតុអ្វីបានជាគេមិនណែនាំឱ្យក្មេងៗទទួលទានភេសជ្ជៈផ្អែម ឬប៉ូវកម្លាំង?
ជាការពិតណាស់ បើយោងតាមប្រភពដដែល បានបង្ហាញថា ដោយសារតែភេសជ្ជៈផ្អែម ឬប៉ូវកម្លាំង មានផ្ទុកសារធាតុបន្ថែមច្រើនដូចជា ជាតិកាហ្វេអ៊ីន តូរីន យិនស៊ិន សារធាតុL-carnitine និងYohimbine។ ជាពិសេសទៀតនោះ ការសិក្សាមួយរបស់ Pediatrics បានបង្ហាញផងដែរថា ភេសជ្ជៈប៉ូវកម្លាំងជាប្រភពដ៏ធំបំផុតដែលផ្ទុកជាតិកាហ្វេអ៊ីនលើសកម្រិត និងសារធាតុគីមី ដែលបង្កផលគ្រោះថ្នាក់ដល់ក្មេងៗរួមមាន៖ គេងមិនលក់ ញ័របេះដូង ខូចក្រលៀន និងឈានដល់ថ្នាក់លាងឈាមទាំងក្មេងផងដែរ។
បើយោងតាម ក្រសួងព័ត៌មាន ចុះផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ អំពីសិក្ខាសាលា លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជ ធានីភ្នំពេញបានមានប្រសាសន៍ថា ការចូលចិត្តពិសាភេសជ្ជៈផ្អែមនឹងជួបហានិភ័យខ្ពស់ចំពោះមនុស្សវ័យចំណាស់ ដែលនាំឱ្យកើតជំងឺទឹកនោមផ្អែម លើសឈាម ជំងឺធាត់ លើសខ្លាញ់ និងជំងឺស្ពឹកដៃ ជើង ជាដើម ។
មិនតែប៉ុណ្ណោះទេ បើយោងតាមសិក្សារបស់ AHAJOURNALS បានបង្ហាញថា ការលើសទម្ងន់ និងការធាត់ គឺជាកត្តាហានិភ័យបង្កឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី2 ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក និងការស្លាប់មុនអាយុផងដែរ។
អ្នកត្រូវដឹងថាជាមធ្យមភេសជ្ជៈសូដាផ្អែម១កំប៉ុងមានជាតិស្ករប្រមាណ១០ស្លាបព្រាកាហ្វេ លើសពីកម្រិតអង្គការសុខភាពពិភពលោកកំណត់ប្រមាណ៦ស្លាបព្រាកាហ្វេក្នុង១ថ្ងៃប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការបរិភោគភេសជ្ជៈផ្អែម អាចកើតមានហានិភ័យ ការធាត់ ជំងឺទឹកនោមផ្អែម ដង្កូវស៊ីធ្មេញ ជំងឺបេះដូងជាដើម ហើយផលប៉ះពាល់សុខភាព កើតលើប្រជាពលរដ្ឋកម្ពុជា អាយុចាប់ពី២៥ឆ្នាំ ទៅ៦៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់២០១៦ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។
ដូច្នេះសូមប៉ាម៉ាក់ឧស្សាហ៍ធ្វើទឹកផ្លែឈើស្រស់ធម្មជាតិឱ្យកូនៗញុំា កុំទម្លាប់ឱ្យកូនញុំារបស់ផ្អែម។ និយាយជារួម កុមារគួរផឹកទឹកសាបធម្មតា ឬចាក់ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬទឹកផ្លែឈើធម្មជាតិជំនួសវិញ។ ដើម្បីបន្តការកើតជំងឺនានា ដែលប៉ាម៉ាក់មើលមិនឃើញនាពេលអនាគត។
អត្ថបទ៖ Daddy_Rath