ជាការពិតណាស់ការធ្វើលំហាត់ប្រាណជាប្រចាំគឺជារឿងដែលល្អបំផុតចំពោះសុខភាពរបស់យើងដែលមនុស្សគ្រប់រូបមិនគួររំលង ប៉ុន្តែមានមនុស្សមួយចំនួនធំបែរជាធ្វេសប្រហែសមិនសូវចាប់អារម្មណ៍នៅក្នុងការធ្វើលំហាត់ប្រាណទៅវិញ ខណៈអ្នកដែលធ្វើសកម្មភាពរាងកាយទំនងជាមានជំងឺរ៉ាំរ៉ៃតិចជាងអ្នកដែលមិនធ្វើលំហាត់ប្រាណសោះ។
លើសពីនេះ ប្រសិនបើអ្នកមានលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌសុខភាពទាំង៦នេះ ការហាត់ប្រាណគឺជាវិធីដ៏ល្អមួយដើម្បីគ្រប់គ្រងហានិភ័យនៃជំងឺបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ ដោយយោងទៅតាមប្រភពsinglecare ចាបបៃតង សូមលើកជំងឺ៦ ដែលគ្រាន់តែអ្នកធ្វើលំហាត់ប្រាណអាចការពារនិងជួយទប់ស្កាត់មិនឱ្យជំងឺទាំងនេះវិវត្តទៅធ្ងន់ធ្ងរបាន៖
១. ជំងឺទឹកនោមផ្អែម៖ អាចនិយាយបានថាមានការជាប់ទាក់ទងគ្នាដោយផ្ទាល់រវាងការហាត់ប្រាណ និងជំងឺទឹកនោមផ្អែម។ លោក Kathryn A. Boling, MD, អ្នកផ្តល់សេវាថែទាំបឋមនៅ Mercy Personal Physicians បានមានប្រសាសន៍ថា "នៅពេលដែលខ្ញុំមានអ្នកជំងឺ ជាតិស្ករក្នុងឈាមឡើង ខ្ញុំសុំឱ្យពួកគេធ្វើលំហាត់ប្រាណដើរឱ្យបាន៥គីឡូម៉ែត្រក្នុងមួយថ្ងៃ បន្ទាប់ពីបរិភោគអាហារពេលល្ងាចរួច ដែលការដើរនេះគឺជាលំហាត់ប្រាណអាចទាញជាតិស្ករចេញពីចរន្តឈាម និងចូលទៅក្នុងសាច់ដុំវិញ នោះវាអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមតាមបែបធម្មជាតិ និងកាត់បន្ថយតម្រូវការថ្នាំសម្រាប់អ្នកជំងឺមួយចំនួនផងដែរ។”
២. ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត៖ ការធ្វើលំហាត់ប្រាណ ជាពិសេសចលនាដែលមានមូលដ្ឋានលើ cardio បង្កើនអរម៉ូន endorphins របស់អ្នក ដែលវាជាអរម៉ូនបង្កើនមានឲ្យមានអារម្មណ៍ល្អ ដែលនេះគឺជាការជំរុញការលូតលាស់សរសៃប្រសាទ និងកោសិកា ដោយលោកវេជ្ជបណ្ឌិត Ascher បានមានប្រសាសន៍ថា "សម្រាប់អ្នកជំងឺដែលថប់អារម្មណ៍ ឬធ្លាក់ទឹកចិត្ត ខ្ញុំតែងតែណែនាំនូវរបបហាត់ប្រាណជាចម្បង ដែលវិធីនេះគឺជាការព្យាបាលដ៏មានប្រសិទ្ធភាពបំផុត"។
ដោយឡែកទៀតសោតការធ្វើលំហាត់ប្រាណនៅខាងក្រៅផ្ទះគឺវាបានផ្តល់អត្ថប្រយោជន៍ច្រើនជាងការធ្វើលំហាត់ប្រាណនៅក្នុងផ្ទះ ដោយកាលណាដែលបានទទួលអារម្មណ៍ពីធម្មជាតិគឺជាផ្នែកមួយដ៍ល្អសម្រាប់ព្រលឹងរបស់អ្នក ហើយវាជួយមនុស្សឱ្យមានអារម្មណ៍កាន់ប្រសើរឡើង។ ការសិក្សាបង្ហាញថា ការធ្វើលំហាត់ប្រាណក្នុងធម្មជាតិជួយបង្កើនសុខុមាលភាពផ្លូវចិត្តផងដែរ។
៣. ជំងឺលើសឈាម៖ លំហាត់ប្រាណអាចមានឥទ្ធិពលខ្លាំងលើអ្នកជំងឺលើសឈាម នោះដោយសារតែពេលជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរ ហានិភ័យរបស់អ្នកក៏កាន់តែកើនឡើងដែរ។ លោកវេជ្ជបណ្ឌិត Boling មានប្រសាសន៍ថា “ប្រសិនបើអ្នកដែលមានជំងឺលើសឈាមចាប់ផ្ដើមទទួលទានអាហារមានជីវជាតិល្អជាងមុន ចាប់ផ្តើមធ្វើលំហាត់ប្រាណ និងសម្រកទម្ងន់ នោះហានិភ័យនៃជំងឺគឺស្ថិតនៅក្រោមការគ្រប់គ្រងដោយពេលខ្លះពួកគេអាចឈានដល់ការកាត់បន្ថយថ្នាំចុះ ឬសូម្បីតែឈប់ប្រើថ្នាំបញ្ចុះសម្ពាធឈាមតែម្ដង។”
៤. កូឡេស្តេរ៉ុលខ្ពស់៖ មនុស្សជាច្រើនអាចកាត់បន្ថយកូឡេស្តេរ៉ុលរបស់ពួកគេដោយមិនចាំបាច់ប្រើថ្នាំ ដោយគ្រាន់តែធ្វើតាមទម្លាប់នៃការធ្វើលំហាត់ប្រាណ និងធ្វើការផ្លាស់ប្តូររបៀបរស់នៅផ្សេងទៀត នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់អាមេរិក(CDC)។
ទម្លាប់នៃការធ្វើលំហាត់ប្រាណដែលមានមូលដ្ឋានលើCardio នឹងធ្វើឱ្យឈាមរត់ បេះដូងដើរស្រួល ហើយវាពិតជាមានប្រយោជន៍ក្នុងការសម្រកទម្ងន់ និងការកែលម្អសុខភាពបេះដូងរបស់អ្នក។
៥. ជំងឺពុកឆ្អឹង៖ ជំងឺពុកឆ្អឹងច្រើនតែកើតឡើងទៅលើស្ត្រី បើអ្នកមិនចង់ឱ្យឆ្អឹងរបស់អ្នកផុយស្រួយខ្លាំងពេលឈានចូលដល់អាយុ៥០ឆ្នាំ ការធ្វើលំហាត់ប្រាណគឺជាវិធីល្អបំផុត ដែលវាជួយធ្វើឱ្យឆ្អឹងរបស់អ្នកកាន់តែរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបាននាពេលអនាគតបាន។
៦. ជំងឺមហារីក៖ លោកវេជ្ជបណ្ឌិតBoling បានមានប្រសាសន៍ឱ្យដឹងថា “ដោយសារតែភាពធាត់បានបង្កើនឱ្យមានហានិភ័យនៃជំងឺមហារីកមួយចំនួន ការបញ្ចូលទម្លាប់លំហាត់ប្រាណទៅក្នុងទម្លាប់របស់អ្នកប្រចាំថ្ងៃគឺវាអាចកាត់បន្ថយហានិភ័យរបស់អ្នកដោយជួយអ្នករក្សាទម្ងន់ឱ្យមានស្ថេរភាពល្អ។”
សរុបមក ហានិភ័យនៃជំងឺមហារីកត្រូវបានកាត់បន្ថយដោយឥទ្ធិពលដ៏មានប្រយោជន៍នៃការធ្វើលំហាត់ប្រាណលើកត្តាលូតលាស់អាំងស៊ុយលីនជាដើម៕
អត្ថបទដោយ៖ ស្រីណុច