មានស្រ្តីមួយចំនួនគិតថា ខ្លួនរៀបការហើយ រស់នៅស្រួល ឬបម្រើពីកិច្ចការផ្ទះតែប៉ុនហ្នឹងបានហើយ។ បើស្រ្តីមានផ្នត់គំនិតបែបនេះ វាធ្វើឱ្យសមត្ថភាពរបស់ខ្លួនបាត់បង់។ ហើយពេលខ្លះត្រូវគ្រួសារមើលងាយ វាជារឿងឈឺចាប់មួយផងដែរ។ មានស្រ្តីមួយចំនួនតូចគិតថា ការធ្វើរឿងអស្ចារ្យមានតែបុរសប៉ុណ្ណោះ...។ តាមលោកស្រី Nancy Pelosi ជាអ្នកនយោបាយអាមេរិកហើយមានទ្រព្យសម្បត្តិ ១២០លានដុល្លារជាគំរូលើកតម្លៃស្រ្តី។
លោកស្រី Pelosi បានលើកឡើងថា “ស្រ្តីមិនត្រូវកំណត់ថា រឿងនេះ ធ្វើបាន ចំណែករឿងនោះ ធ្វើមិនបានទេ។ ខ្ញុំសុំលើកទឹកចិត្តឱ្យស្រ្តី បន្តធ្វើរឿងអ្វីមួយ តាមក្តីស្រមៃរបស់ខ្លួនដូចជាបុរសដែរ”។ សូម្បីលោកស្រី Pelosi មុនដំបូងក៏ជាស្រ្តីធម្មតាម្នាក់ មានកូនចំនួន ៥នាក់ ហើយនៅអាយុ ៤៧ឆ្នាំ ហេតុតែចិត្តស្រឡាញ់កិច្ចការនយោបាយ គាត់នៅតែខំប្រឹងបន្តធ្វើវាដែរ។ គាត់និយាយសម្តីដ៏មានតម្លៃមួយថា “ខ្ញុំពិតជាចង់ឱ្យស្ត្រីដឹងពីអំណាច(ស្គាល់ខ្លួនឯង) និងឱ្យតម្លៃលើបទពិសោធន៍របស់ខ្លួន ចំពោះការងារអ្វីមួយ? វាមិនសំខាន់ទេថា តើអ្នកជាបុរស ឬស្ត្រីទេ អ្នកសុទ្ធតែមានសមត្ថភាពពូកែក្នុងតួនាទីណាមួយដូចគ្នាជាមិនខានទេ”។
លោកស្រី Pelosi បានធ្វើជាគំរូដ៏ល្អបំផុតសម្រាប់មនុស្សស្រីជំនាន់ក្រោយ ទោះបីគាត់មានវ័យ ៨៤ឆ្នាំ ក៏គាត់នៅបន្តធ្វើការងារជាប្រធានសភាអាមេរិកដែរ។ លោកស្រី Pelosi អាចសម្រេចជោគជ័យដូចជាសព្វថ្ងៃនេះ ព្រោះតែគាត់មានរបៀបការគិតមួយជាពិសេសនោះគឺការគិតបែបទំនាក់ទំនងនេះឯង។ លោកស្រី Pelosi ថា អ្នកមិនអាចសម្រេចកិច្ចការធំតែម្នាក់ឯងបានទេ។ អ្នកត្រូវតែមានការគាំទ្រ ចេះសហការជាមួយអ្នកដទៃដែលមានជំនាញពិសេស និងមានបទពិសោធន៍ច្រើនជាង”។
ស្រ្តីមិនអាចជោគជ័យក្នុងជីវិតបានទេ បើមិនសហការជាមួយអ្នកដ៏ទៃ។ រាល់ការងារមានលទ្ធផលល្អ យើងត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃ ដូចជាបងប្អូន ប្តី កូន គ្រួសារ មិត្តភក្តិ ក្រុមការងារ និងអ្នកផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាស្រ្តី ឬនារី គួរតែសហការជាមួយមនុស្សដែលគាំទ្រក្តីសុបិនខ្លួនដូចជាលោកស្រី Nancy Pelosi បានបញ្ជាក់បន្ថែមជាចុងក្រោយថា ខ្ញុំមានក្តីសុបិនពេញមួយជីវិតនេះ ដើម្បីរួមសហការគ្នាជាមួយលោកស្រី Hillary Clinton។ ព្រោះការធ្វើជាខ្លួនអ្នក នាំឱ្យយើងស្គាល់អំណាចជាស្រ្តី ដែលមានទំនុកចិត្តចូលរួមកសាងអ្វីមួយអស្ចារ្យក្នុងនាមជាស្រ្តីម្នាក់។ ហើយយើងទាំងអស់គ្នា ត្រូវចេះគោរពគ្នារវាងបុរស និងស្រ្តី ព្រោះយើងមានតម្លៃស្មើគ្នានៅកន្លែងធ្វើការ និងសង្គមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព