ចូលដល់សម័យបច្ចេកវិទ្យា គ្រប់យ៉ាងនៅផ្ទះបាយត្រូវបានផ្លាស់ប្ដូរពីការប្រើអូស ធ្យូង ឬហ្គាស មកជាការប្រើប្រាស់អគ្គិសនីសឹងតែទាំងអស់មិនថា ឆ្នាំដាំបាយអគ្គិសនី ឆ្នាំងអាំងសាច់អគ្គិសនី ឆ្នាំងដាំទឹកអគ្គិសនី និងសម្ភារអគ្គិសនីជាច្រើនជាទៀត។ ឥឡូវនេះ យើងនឹងនិយាយអំពី ឆ្នាំងដាំទឹកអគ្គិសនី។
បើយោងតាមប្រភព Kenh14 បានឱ្យដឹងថា អ្នកគ្រប់គ្នាប្រហែលជាមិនទាន់យល់ដឹងពីរបៀបប្រើប្រាស់កំសៀវច្បាស់នោះទេ។ អ៊ីចឹងរបៀបប្រើប្រាស់កំសៀវឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពសម្រាប់អ្នក។ មុនពេលប្រើប្រាស់កំសៀវអគ្គិសនី អ្នកត្រូវដឹងចំណុចទាំង៤នេះសិនរួមមាន៖
១.ដាក់ទឹកក្នុងកំសៀវពេញពេក៖ មនុស្សជាច្រើននៅពេលដាំទឹក ពួកគេបានចាក់ទឹកច្រើនចូលទៅក្នុងកំសៀវលើសពីកម្រិតទឹកអតិបរមានៃកំសៀវ។ ហើយការធ្វើបែបនេះ វានាំឱ្យមានគ្រោះថ្នាក់ណាស់។ ដោយសារតែនៅពេលដែលដាំទឹកឆ្អិនងាយធ្វើឱ្យហៀរចេញពីកំសៀវ ហើយទឹកដែលហៀរអាចធ្វើឱ្យអគ្គិសនីឆ្លង បង្កហានិភ័យដល់ជីវិត និងទ្រព្យសម្បត្តិនានាក្នុងផ្ទះ។ ដូច្នេះនៅពេលអ្នកដាំទឹក អ្នកត្រូវកំណត់បរិមាណទឹកក្នុងកំសៀវឱ្យបានសមល្មម ដើម្បីការពារសុវត្ថិភាពរបស់អ្នក។
២.អំឡុងពេលដោតភ្លើង ហើយបន្ថែមទឹក៖ បងប្អូនជាច្រើននៅពេលប្រើប្រាស់កំសៀវអគ្គិសនី មានទម្លាប់ដោតភ្លើងជាមុន បន្ទាប់មកដាក់ទឹកតាមក្រោយ វាមើលទៅហាក់ដូចជាធម្មតា ប៉ុន្តែជាទម្លាប់ដែលបង្កគ្រោះថ្នាក់បំផុត។ វិធីត្រឹមត្រូវគឺ ត្រូវចាក់ទឹកក្នុងកំសៀវជាមុន រួចដោតភ្លើង ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់បានយូរ និងមានសុវត្ថិភាពចំពោះគ្រួសារ។
៣.មិនសម្អាតបាតអគ្គិសនី៖ នៅពេលដែលអ្នកប្រើប្រាស់ក្នុងរយៈពេលយូរ កំសៀវអគ្គិសនីនឹងមានកាកសំណង់ជាច្រើននៅបាតក្រោម ហើយមនុស្សច្រើនតែព្រងើយកន្តើយនឹងចំណុចនេះ ហើយគិតថា វាជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកមិនសម្អាតសំណល់បាតក្រោមទាន់ពេលទេ វានឹងប៉ះពាល់ដល់មុខងារកំដៅនៃកំសៀវអគ្គិសនី និងកាត់បន្ថយអាយុនៃកំសៀវ។ ដូច្នេះអ្នកត្រូវសម្អាតបាតក្រោមនៃកំសៀវអគ្គិសនីបានឱ្យញឹកញាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់នានា។
៤.ទិញកំសៀវបញ្ចុះតម្លៃ៖ សព្វថ្ងៃនេះមនុស្សចូលចិត្តទិញទំនិញបញ្ចុះតម្លៃ ប៉ុន្តែអ្នកត្រូវដឹងថា គ្រឿងអគ្គិសនីជាគ្រឿងគ្រោះថ្នាក់ ដែលទាមទារឱ្យមានប្រព័ន្ធសុវត្ថិភាព អ៊ីចឹងហើយបានជាមុននឹងទិញកំសៀវអគ្គិសនីបញ្ចុះតម្លៃ គួរពិនិត្យមើលគុណភាពឱ្យបានត្រឹមត្រូវ៕