យោងតាមរយៈអង្គការសុខភាពពិភពលោក WHOបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០១៤ មានមនុស្ស៨.៥ភាគរយ នៃមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅមានជំងឺទឹកនោមផ្អែម។ ចូលដល់ក្នុងឆ្នាំ ២០១៩ជំងឺទឹកនោមផ្អែមគឺបានសម្លាប់មនុស្សចំនួន ១.៥ លាននាក់។ ការស្លាប់ដោយជំងឺតម្រងនោម ៤៦ម៉ឺននាក់ផ្សេងទៀតគឺបណ្តាលមកពីជំងឺទឹកនោមផ្អែម។ បើអ្នកចេះការពារជំងឺទឹកនោផ្អែមទុកជាមុន គឺជាវិធីល្អបំផុត។ ដើម្បីដឹងពីជំងឺទឹកនោផ្អែមជាមុនគេប្រើតាមវិធីណា?
តាមការចែករំលែកពីឯកឧត្តមវេជ្ជបណ្ឌិត ប៊ុន សុជាតិ បានឱ្យដឹងថា “ត្រូវចាំមុននឹងឈានចូលដល់កើតជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវឆ្លងកាត់បម្រុងទឹកនោមផ្អែមជាមុន មានន័យថាប្រសិនបើដឹងខ្លួនថា បម្រុងកើតទឹកនោមផ្អែមឬត្រៀមកើតទឹកនោមផ្អែម ហើយឆាប់អនុវត្តវិធីទប់ស្កាត់ នោះអ្នកនឹងអាចការពារខ្លួនមិនឱ្យកើតជំងឺទឹកនោមផ្អែមបាន។ ករណីមួយក្នុងចំណោមករណីទាំង៣ ដែលអាចសម្គាល់ថាខ្លួនឯងស្ថិតក្នុងដំណាក់កាលបម្រុងទឹកនោមផ្អែម គឺក្រោយទទួលទានអារហាររួច២ម៉ោង ត្រូវធ្វើតេស្តជាតិស្ករ ករណីឃើញជាតិស្ករ ចន្លោះពី១៤០mg/dl ទៅ១៩៩mg/dl នោះមានន័យថាអ្នកកំពុងស្ថិតក្នុងតំណាក់កាល បម្រុងទឹកនោមផ្អែមហើយ”។
ការចៀសវាងការកើនឡើងជាតិស្ករក្រោយអាហារគឺការគ្រប់គ្រងបរិមាណដែលអ្នកកំពុងញ៉ាំ។ ញ៉ាំអាហារក្នុងផ្នែកតិចៗច្រើនដងក្នុងមួយថ្ងៃ ប៉ុន្តែកុំញ៉ាំច្រើនក្នុងពេលតែមួយ បើអ្នកញ៉ាំច្រើនក្នុងពេលតែមួយជាហេតុធ្វើឲ្យជាតិស្កររបស់អ្នកកើនឡើងតាំងពីដំបូង។ ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានអាហារក្នុងបរិមាណតិចតួច ជាតិស្ករក្នុងឈាមរបស់អ្នកនឹងនៅតែមានតុល្យភាព ហើយវានឹងមិនមានការប្រែប្រួលភ្លាមៗនោះទេ។ ជាមួយគ្នានេះ ចៀសវាងការញ៉ាំប្រភេទអាហារមានជាតិស្ករខ្ពស់ កាត់បន្ថយពពួកអាហារមានជាតិម្សៅច្រើន ដូចជាបាយស នំបុ័ងស ប៊ឺហ្គឺ សាងវិច ភីស្សា មី គុយទាវ...ប្តូរឱ្យញ៉ាំជាតិម្សៅតិច បន្ថែមបន្លែដែលជាជាតិកាកសរសៃឱ្យបានច្រើនវិញ។
សូម្បីលោកវេជ្ជបណ្ឌិត Raymond Francis ក៏បានបញ្ជាក់បន្ថែមដែរថា ចំពោះជាតិស្ករកែច្នៃនេះ វាស៊ីកោសិកាយើងឱ្យចុះខ្សោយ ឆាប់ឈឺ កើតជំងឺភ្លេចភ្លាំង ងាយកើតជំងឺមហារីក និងជំងឺទឹកនោផ្អែមផងដែរ។ គ្រាន់តែជាតិស្ករមួយស្លាបព្រាបាយ វាយប្រហាររាងកាយធ្លាក់ខ្សោយប្រហែល ៥០%ទៅហើយ (សម្រាប់ភេជ្ជៈមួយកំប៉ុង មានជាតិស្ករអន់ក៏ ៣ស្លាបព្រាឡើងដែរ)។ ហើយតាមការសិក្សាឆ្នាំ ២០២០ បានចេញផ្សាយនៅក្នុង Cell Metabolism បានរកឃើញថា ការទទួលទានជាតិស្ករ sucralose នៅក្នុងកាបូអ៊ីដ្រាតបានធ្វើឱ្យដំណើរការមេតាបូលីសគ្លុយកូសចុះខ្សោយ ហើយបណ្តាលឱ្យមិនប្រក្រតីការគ្រប់គ្រងក្នុងដំណើរការពោះវៀន ព្រោះតែជាតិស្ករកែច្នៃនេះឯង។ ការកាត់ជាតិស្ករកែច្នៃ និងអាហារណាមានជាតិស្ករច្រើន ហើយព្យាយាមហាត់ប្រាណបន្ថែម ជាវិធីការពារជំងឺទឹកនោមផ្អែមបំផុតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចកក់មុន មានតម្លៃបញ្ចុះពិសេសតាម https://t.me/hangchhengH24