ជឿទេការបង្កើតទម្លាប់តូចៗនៅពេលយប់មុនពេលចូលគេងឱ្យកូន អាចធ្វើឱ្យកូនឆ្លាត និងមានសុខភាពផ្លូវចិត្តល្អ។ យោងតាមគេហទំព័រ Vnexpress មានទម្លាប់ ៥ ដែលឪពុកម្ដាយគួរតែអនុវត្តចំពោះកូនមុនពេលចូលគេងនៅពេលយប់ អាចជួយឱ្យពួកគេសម្រាកបានស្ងប់ ផ្លូវចិត្តមានសុខភាពល្អ និងអាចឱ្យកូនក្លាយជាក្មេងដែលឆ្លាតទៀតផង៖
១. បង្កើតទម្លាប់អានសៀវភៅជាមួយកូន៖ មុនពេលចូលគេងអ្នកជាឪពុកម្ដាយគួរតែឆ្លៀតពេលបន្តិចមកអានសៀវភៅជាមួយកូន មិនថាជារឿងនិទាន ឬរឿងប្រវត្តិសាស្ត្រក៏ដោយ។ ទម្លាប់នេះនឹងជួយពង្រីកចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមពីនេះវាក៏ជួយបង្កើនទំនាក់ទំនងផ្លូវចិត្តកាន់តែស្និទ្ធស្នាលរវាងឪពុកម្ដាយ និងកូនផងដែរ។ ជ្រើសរើសរឿងឱ្យស្របតាមអាយុរបស់កូនអ្នក ចំណាយពេលប្រហែល ១០ នាទីអានសៀវភៅជាមួយពួកគេមុនពេលចូលគេងជួយឱ្យខួរក្បាលក្មេងអភិវឌ្ឍបានលឿន ក៏ជួយឱ្យពួកគេគេងលក់ស្រួលជាងមុនដែរ។
២. កំណត់ម៉ោងគេងឱ្យជាប់លាប់៖ ការចូលគេង និងភ្ញាក់ក្នុងម៉ោងដដែលរាល់ថ្ងៃជួយឱ្យក្មេងអាចគ្រប់គ្រងថាមពល និងផ្តោតអារម្មណ៍បានល្អ។ ប្រសិនបើមិនគេងតាមម៉ោងទៀងទាត់ នឹងប៉ះពាល់ដល់ប្រព័ន្ធគេងធម្មជាតិ និងធ្វើឱ្យពួកគេងាយនឹងមានបញ្ហាផ្លូវចិត្ត។ មុនចូលគេងមិនគួរផ្តល់បង្អែម ឬអាហារផ្អែមៗដល់កូនទេ ព្រោះវាធ្វើឱ្យពួកគេសកម្មពេក។ ការញ៉ាំអាហារពេលល្ងាចត្រឹមត្រូវជួយឱ្យពួកគេគេងលក់ស្រួល។
៣. បង្កើតបរិយាកាសស្ងប់ស្ងាត់ និងបន្ថយពន្លឺអេក្រង់៖ យ៉ាងហោចណាស់ ៤៥ នាទីមុនគេង គួរផ្អាកការប្រើទូរស័ព្ទ ថេប្លេត ឬទូរទស្សន៍ ព្រោះពន្លឺពណ៌ខៀវពីអេក្រង់អាចទប់ស្កាត់ការផលិតអរម៉ូន melatonin ដែលជាអរម៉ូនជួយឱ្យគេងលក់ស្រួល។ ជំនួសមកវិញអ្នកគួរតែបង្កើតទម្លាប់មួយនៅពេលនោះដូចជា គូរគំនូរ ធ្វើល្បែងផ្គុំរូប ឬអានរឿងជាមួយគ្នា។ ព្រមជាមួយនឹងការបន្ថយភ្លើង បិទទូរទស្សន៍ និងនិយាយដោយសម្លេងស្រទន់ៗ នឹងជួយឱ្យខួរក្បាលកូនទទួលសញ្ញាថា “ដល់ពេលសម្រាកហើយ”។
៤. កុំស្តីបន្ទោស ឬធ្វើឱ្យកូនតានតឹងមុនគេង៖ ពេលមុនចូលគេងជាពេលដែលឪពុកម្តាយនិងកូនអាច ចែករំលែកអារម្មណ៍ចំពោះគ្នា។ កុំប្រើពេលនេះដើម្បីនិយាយអំពីកិច្ចការផ្ទះដែលមិនទាន់ធ្វើ ឬស្តីបន្ទោសពួកគេ។ វានឹងធ្វើឱ្យកូនតានតឹង ហើយប៉ះពាល់ដល់គុណភាពនៃការគេង។ អ្នកគួរនិយាយពាក្យសម្ដីទន់ភ្លន់មកកាន់កូន ដែលជួយឱ្យកូនមានអារម្មណ៍សុវត្ថិភាព និងទទួលបានសេចក្ដីស្រឡាញ់ពិតពីឪពុកម្តាយ។
ទម្លាប់តូចៗមុនចូលគេងអាចផ្លាស់ប្តូរផ្លូវគំនិត និងសុខភាពរបស់ក្មេងបានយ៉ាងអស្ចារ្យ។ ពេលយប់មិនត្រឹមតែជាពេលសម្រាកនោះទេ តែក៏ជាពេលដែលខួរក្បាលកំពុងរៀបចំសម្រាប់ទំព័រថ្ងៃថ្មី។ ដូច្នេះទម្លាប់ទាំង ៤ ខាងលើនេះគឺជាគន្លឹះសាមញ្ញដើម្បីអភិវឌ្ឍកូនឱ្យឆ្លាត មានសុខភាពល្អ និងសប្បាយចិត្តជារាល់ថ្ងៃ៕
អត្ថបទដោយ៖ សារួ
