ឪពុកម្ដាយមួយចំនួនភាន់ច្រឡំថាកូនជាមនុស្សឆ្លាត ចាស់ទុំមុនអាយុ ដោយសារពួកគេចេះនិយាយ ចេះវែកញែក ឬឆ្លើយតបបានលឿន។ តែអ្នកចិត្តសាស្ត្រនិយាយថា ក្មេងដែលនិយាយច្រើន ឬមានប្រតិកម្មលឿន មិនមែនជាសញ្ញានៃភាពវៃឆ្លាតពិតប្រាកដទេ ពេលខ្លះ វាអាចជាការក្លែងបន្លំ ឬជាវិធីដែលកុមារអាចប្រើ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សធំប៉ុណ្ណោះ ហើយពួកគេពិតជាត្រូវការបណ្ដុះបណ្ដាលបន្ថែមទៀត។
១. ក្មេងដែលចូលចិត្តបញ្ជាមិត្តភក្តិ ឬកូនអ្នកដទៃ៖ បើកូនរបស់អ្នកតែងចង់ឱ្យអ្នកដទៃធ្វើតាមអ្វីដែលពួកគេចង់បាន ទាំងទទឹងទទែងមិនស្ដាប់អ្វីទាំងអស់ អ្នកជាឪពុកម្ដាយមិនគួរសប្បាយចិត្តហើយគិតថាកូនជាមនុស្សចាស់ទុំ មានភាពជាអ្នកដឹកនាំក្នុងខ្លួន។ ក្មេងដែលចូលចិត្តបញ្ជាអ្នកដទៃ មិនចេះសហការ ឬចែករំលែកគឺពួកគេកំពុងបង្ហាញភាពខ្វះខាតខាងផ្នែកជំនាញសង្គម។ សមត្ថភាពដឹកនាំពិតមិនមែនបង្កើតឡើងពីការបញ្ជាអ្នកដទៃ តែវាជាការយល់ចិត្ត សហការនិងគោរពគ្នាទៅវិញទៅមក។ ដូច្នេះ ឪពុកម្តាយគួរលើកទឹកចិត្តឱ្យកូនរៀនធ្វើការជាក្រុម ចេះចែករំលែក និងសហការជាមួយមិត្តភក្តិ។
២. ក្មេងដែលរៀនឆាប់ចាំ តែឆាប់ភ្លេច៖ ក្មេងប្រភេទនេះអាចមានសមត្ថភាពចងចាំលឿន តែមិនសូវយល់ពីសារៈសំខាន់ពិតប្រាកដ ហើយវាក៏មិនមែនជាសញ្ញានៃភាពឆ្លាតវៃរបស់ក្មេងដែរ។ ប្រសិនបើកូនរបស់អ្នកមានបែបនេះគឺបញ្ជាក់ថាពួកគេត្រូវការ បណ្ដុះបណ្ដាលបន្ថែម ដើម្បីរៀនគិតឱ្យស៊ីជម្រៅ និងយល់អ្វីៗជាប្រព័ន្ធ។ ភាពឆ្លាតពិតប្រាកដមិនមែនបានមកពីការចងចាំលឿន តែវាជាសមត្ថភាពក្នុងការយល់ឱ្យស៊ីជម្រៅ និងអាចយកចំណេះដឹងនោះទៅអនុវត្តបាន។
៣. ក្មេងដែលស្ងៀមស្ងាត់ ដូចជាស្តាប់បង្គាប់ មិនប្រកែក មិនសួរអី៖ ឪពុកម្តាយជាច្រើនចូលចិត្តបែបនេះ ព្រោះគិតថាកូនស្តាប់បង្គាប់ និងគោរព។ ប៉ុន្តែជាក់ស្ដែង ក្មេងដែលគ្មានមតិផ្ទាល់ខ្លួន ឬមិនហ៊ាននិយាយអ្វីដែលពួកគេកំពុងគិត នោះអាចជាសញ្ញានៃដែលបញ្ជាក់ពួកគេខ្វះការគិតបែបឯករាជ្យ។ ការបណ្តុះឱ្យកូនស្តាប់តែបង្គាប់អាចធ្វើឱ្យពួកគេធ្លាក់ក្នុងស្ថានភាពមិនហ៊ានគិត មិនហ៊ានសួរ និងងាយត្រូវអ្នកដទៃដឹកនាំ។ ដូច្នេះ ឪពុកម្តាយគួរបង្រៀនឱ្យកូនរៀនគិត ត្រិះរិះពិចារណា និងបញ្ចេញមតិរបស់ខ្លួនឱ្យសមរម្យ។ នោះហើយជាវិធីបណ្តុះកូនឱ្យឆ្លាតពិតប្រាកដ។
ដូច្នេះ ភាពឆ្លាតពិតប្រាកដរបស់ក្មេងគឺនៅពេលដែលពួកគេចេះគិត និងយល់អ្វីមួយស៊ីជម្រៅ គិតបានល្អិតល្អន់ ចេះថ្លឹងថ្លែង ចេះសហការជាមួយអ្នកដទៃ និងមានសិលធម៍ក្នុងខ្លួន។ ឪពុកម្តាយមិនគួរសប្បាយចិត្ត នៅពេលកូនមានទាំង ៣ ចំណុចខាងលើនេះ ផ្ទុយពីការសប្បាយចិត្តអ្នកគួរតែយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលបន្ថែមឱ្យកូនចេះគិត ចេះស្ដាប់ ចេះសហការ និងយល់ពីតម្លៃនៃភាពត្រឹមត្រូវ។ នោះហើយជាគន្លងដ៏ពិតប្រាកដក្នុងការបង្រៀនកូនឱ្យមានភាពចាស់ទុំ និងឆ្លាតវៃ៕
អត្ថបទដោយ៖ សារួ
