មនុស្សជាច្រើនជួបប្រទះជាមួយបញ្ហាភ្នែកជាច្រើនដូចជា ភ្នែកដុះកន្ទុយថ្លែន ទឹកដក់ក្នុងភ្នែក ភ្នែកឡើងបាយ រលាកបាតភ្នែក និងម្ងូបភ្នែក។ ការព្យាបាលភ្នែកមានការរីកចម្រើនយ៉ាងខ្លាំង អ្នកខ្លះភ្នែកម្ញូបហើយ គ្រូពេទ្យមានវិធីសាស្រ្តព្យាបាលឱ្យមើលឃើញវិញច្រើនណាស់ ហើយអ្នកមានភ្នែកដុះកន្ទុយថ្លែនក៍អាចព្យាបាលជាភាគរយខ្ពស់ដូចគ្នា ដូច្នេះប្រសិនណាមានបញ្ហាភ្នែកកុំទុកយូរ។ តើជំងឺកន្ទុយថ្លែនមានរោគសញ្ញាដូចម្តេចខ្លះ?
តាមមន្ទីរពេទ្យ មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ជាទូទៅជំងឺកន្ទុយថ្លែនមិនបង្កអោយមានការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែវាអាចធ្វើអោយអ្នកជំងឺមានអាការៈមិនស្រួលដូចខាងក្រោម៖
១. ផ្សាភ្នែក ក្តៅក្នុងភ្នែក និងរកាំភ្នែក
២. ក្រហមភ្នែកនៅត្រង់ភ្នាសកន្ទុយថ្លែនដែលមានរលាក
៣. ស្រវាំងភ្នែកក្នុងករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក រឺដុះបាំងកូនក្រមុំ។ សូមមកទទួលយកការពិនិត្យ ណែនាំ ដើម្បីការពារ និងព្យាបាលជំងឺកន្ទុយថ្លែនពីក្រុមគ្រូពេទ្យឯកទេសចក្ខុសាស្ត្រនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីសុខភាព និងសោភណ័ភាពភ្នែករបស់អ្នក។
បើយោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត សាស្ត្រចារ្យវេជ្ជ ម៉ារ អមរិន្ទ អនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យព្រះអង្គឌួងបានចែករំលែកពីបញ្ហាទាក់ទងនិងជំងឺភ្នែកដុះកន្ទុយថ្លែនប្រាប់មកក្រុមការងារចាបបៃតងថា ជំងឺភ្នែកដុះកន្ទុយថ្លែននេះ មិនអាចព្យាបាលដោយប្រើថ្នាំបន្តក់ភ្នែក ជាសះស្បើយនោះទេ ទាល់តែធ្វើការវះកាត់។ ហើយលោកវេជ្ជបណ្ឌិតបន្តថា ចំពោះសារប្រយោជន៍នៃថ្នាំបន្តក់ភ្នែកនេះគឺដើម្បីជួយកាត់បន្ថយការរលាក និងបន្ថយភ្នែកស្ងួត ប៉ុន្តែប្រសិនបើ ភ្នែកមិនក្រហម រមាស់ ក្រហាយឬមានបញ្ហាអ្វីខ្លាំង ក៏មិនគួរបន្តក់ថ្នាំភ្នែក ព្រោះថ្នាំអាចជួយកាត់បន្ថយការរលាកតែប៉ុណ្ណោះ មិនមែនធ្វើឱ្យបាត់កន្ទុយថ្លែនឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព
