មនុស្សជាច្រើនមានទម្លាប់គេងផ្អៀង តែមានតិចណាស់ដែលយកចិត្តទុកដាក់ថាគួរគេងផ្អៀងទៅខាងណាទើបល្អ។ ដឹងទេថាទិសដៅដែលយើងគេងគឺអាចប៉ះពាល់ខ្លាំងដល់ប្រព័ន្ធរំលាយអាហារ សុខភាពបេះដូង និងសរសៃឈាម។
តាមការសិក្សាជាច្រើនបានបង្ហាញថា ការគេងផ្អៀងទៅខាងស្តាំមិនសូវល្អសម្រាប់សុខភាពឡើយ ជាពិសេសម្រាប់ស្ត្រីមានផ្ទៃពោះ វាអាចបង្កើនសម្ពាធលើសរសៃឈាមធំ និងសរីរាង្គក្នុងពោះ ធ្វើឱ្យចរន្តឈាមមិនល្អ និងកាត់បន្ថយការផ្គត់ផ្គង់ឈាមទៅទារកក្នុងផ្ទៃ។ នៅក្នុងករណីអ្នកដែលមានជំងឺច្រាលក្រពះ ក្រហាយទ្រូង ឬដំបៅក្រពះ ការគេងផ្អៀងខាងស្តាំក៏អាចធ្វើឱ្យមានអារម្មណ៍មិនស្រួល និងបង្កហានិភ័យដែរ។
ការគេងត្រង់ក៏មិនសូវល្អដូចគ្នា ពេលគេងត្រង់ធ្វើឱ្យអណ្ដាតរបស់យើងរួចថយក្រោយបណ្ដាលឱ្យស្ទះបំពង់ក ឬធ្វើឱ្យពិបាកដកដង្ហើម ជាពិសេសសម្រាប់អ្នកដែលគេងស្រមុក ឬមានជំងឺហឺត។ ដូច្នេះហើយ វេជ្ជបណ្ឌិតជាច្រើនណែនាំឱ្យគេងផ្អៀងខាងឆ្វេង ដោយវាត្រូវបានចាត់ទុកថាជាទីតាំងដែលល្អបំផុត ដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការគេងផ្អៀងទៅខាងឆ្វេងដែលអ្នកទាំងអស់គ្នាគួរដឹង៖
១. ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ក្រពះរបស់យើងស្ថិតនៅផ្នែកខាងលើនៃពោះខាងឆ្វេង។ ពេលគេងផ្អៀងទៅទិសនេះ ទំនាញធម្មជាតិនាំឱ្យអាហារនិងទឹករំលាយអាហារបន្តចលនារលូនចុះទៅកាន់ពោះវៀន។ វាជួយឱ្យដំណើរការរំលាយអាហារធ្វើការបានល្អ ទោះបីអ្នកគេងលក់ក៏ដោយ។ វេជ្ជបណ្ឌិតជាច្រើនក៏ណែនាំឱ្យអ្នកជំងឺក្រពះ ឬជំងឺច្រាលអាស៊ីតគេងផ្អៀងខាងឆ្វេងផងដែរ។
២. ធ្វើឱ្យឈាមរត់ស្រួល ជួយដល់សុខភាពបេះដូង៖ បេះដូងស្ថិតនៅខាងឆ្វេងនៃទ្រូងបន្តិច ដូចនេះពេលគេងផ្អៀងទៅទិសនេះ វាជួយបន្ធូរបន្ទុកបេះដូង សរសៃឈាមដំណើរការល្អជាងមុន វាផ្ដល់អត្ថប្រយោជន៍ពិសេសសម្រាប់មនុស្សចាស់ អ្នកដែលមានជំងឺសរសៃឈាមបេះដូង ឬអ្នកដែលឧស្សាហ៍មានអារម្មណ៍អស់កម្លាំងដោយសារឈាមរត់មិនល្អ។
៣. ជួយឆ្អឹងខ្នង និងធ្វើឱ្យសាច់ដុំត្រង់៖ សម្រាប់អ្នកដែលឈឺឆ្អឹងខ្នង ឌីសរុញ ឬជំងឺឆ្អឹងខ្នងផ្សេងៗ ការគេងផ្អៀងខាងឆ្វេងជាវិធីសាស្រ្តធម្មជាតិមួយដែលជួយបន្ថយសម្ពាធលើឆ្អឹងខ្នង និងចង្កេះ។ វាជួយឱ្យសាច់ដុំអាចសម្រាកបាន និងធ្វើឱ្យសរសៃឈាមចរបានស្រួល។
ការគេងផ្អៀងខាងឆ្វេងមិនត្រឹមតែជាទម្លាប់គេងធម្មតាទេ ប៉ុន្តែជាវិធីសាមញ្ញមួយសម្រាប់ថែរក្សាសុខភាព។ វាជួយឱ្យប្រព័ន្ធរំលាយអាហារធ្វើការល្អ ជួយដល់សុខភាពបេះដូង ធ្វើឱ្យគេងលក់ស្រួល ។ ប្រសិនបើអ្នកចង់បានសុខភាពល្អ សូមចាប់ផ្តើមផ្លាស់ប្ដូរទម្លាប់ តូចៗនេះចាប់ពីថ្ងៃនេះទៅ៕
អត្ថបទដោយ៖ សារួ
