រុន្ធញើសធំជាបញ្ហាស្បែកដែលមនុស្សជាច្រើនជួបប្រទះ បញ្ហានេះធ្វើឱ្យស្បែកមើលទៅមិនស្មើគ្នា ប្រហោង និងងាយជាប់ភាពកង្វក់ ឬជាតិប្រេង អាចបណ្ដាលឱ្យមានស្នាមខ្មៅ និងឡើងមុនឥតឈប់។ មនុស្សជាច្រើនបានព្យាយាមរកគ្រប់វិធីសាស្ត្រដើម្បីព្យាបាល តាមរយៈការទិញផលិតផលថ្លៃៗ និងសាកល្បងគ្រប់ផលិតផលឱ្យតែលឺថាអាចជួយបាន។
យ៉ាងណាក៏ដោយ ការប្រើប្រាស់ផលិតផលថ្លៃៗមិនប្រាកដថាសុទ្ធតែបានផលទេ ផ្ទុយមកវិញវិធីសាស្ត្រសាមញ្ញមិនបាច់ចំណាយលុយច្រើនក៏អាចជួយបានឱ្យតែអ្នកមានការតាំងចិត្តពិតប្រាក។ មានវិធីសាមញចំនួន ២ ដែលខ្ញុំបានអនុវត្តផ្ទាល់ជាប្រចាំថ្ងៃហើយពិតជាទទួលបានផលពិតៗដោយមិនចាំបាច់ចំណាយលុយច្រើន៖
១. លាងមុខ ២ តង់៖ ការលាងមុខ ២ តង់គឺចំបាច់សម្រាប់អ្នកមានស្បែកមុខប្រេង និង Make up ជាប្រចាំ។ ដោយការលាងលើកទី ១ ត្រូវប្រើជា Cleansing Oil , Cleansing Balm ឬ ទឹកជូតសំអាត Makeup ឬ ក្រណាត់ជូត Makeup ដើម្បីយកកាកសំណល់ឬធូលីដីចេញពីផ្ទៃមុខជាមុនសិន ទើបលាងមុខលើកទី ២ ដោយប្រើសាប៊ូលាងមុខធម្មតាដើម្បីជម្រះតាមក្រោយ។
២. លាងមុខថ្នមៗប្រហែល ១ ទៅ ២ នាទី៖ ជាដំបូងអ្នកត្រូវជ្រើសប្រភេទហ្វូមលាងមុខឱ្យត្រូវជាមួយស្បែក ហើយបន្ទាប់មកប្រើទឹកក្តៅបន្តិច ដើម្បីបើករុន្ធញើសយកភាពកង្វក់ចេញ។ ដាក់សាប៊ូលាងមុខលើម្រាមដៃ ហើយ លាងថ្នមៗជាចលនារង្វង់ប្រហែល ១ ទៅ ២ នាទី ជាពិសេសតំបន់ដែលមានរុន្ធញើសធំ ដូចជា ច្រមុះ ថ្ពាល់ និងតំបន់ក្រោមចង្កា។ បន្ទាប់មកលាងចេញដោយទឹកត្រជាក់ធម្មតា នោះអ្នកនឹងសង្កេតឃើញថាស្បែកមុខទន់រលោង ហើយរុន្ធញើសក៏ប្រែជាតូចជាងមុនដែរ។ បើអាចប្រើ Toner ឬ Serum បង្រួមរុន្ធញើសបន្ថែម ដើម្បីជួយឱ្យស្បែកកាន់តែមានសុខភាពល្អ និងជួយផ្ចិតរុន្ធញើសកាន់តែមានប្រសិទ្ធភាព៕
អត្ថបទដោយ៖ សារួ
