យោងតាម WHO មានមនុស្សជាង ១០០០នាក់បានស្លាប់ជារៀងរាល់ម៉ោងដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ហើយមូលហេតុធំបំផុតគឺមកពីបញ្ហា ជំងឺលើសឈាម ដែលវាមិនបង្ហាញសញ្ញាច្បាស់ៗទេនៅដំណាក់កាលដំបូង។ នេះហើយជាហេតុដែលមនុស្សជាច្រើនមិនដឹងថាខ្លួនមានបញ្ហា រហូតដល់វាកើតវិបត្តិធ្ងន់ធ្ងរឡើង។
អង្គការសុខភាពពិភពលោក (WHO) បានសម្ដែងការសោកស្ដាយដែលមនុស្សជាច្រើនបានស្លាប់ដោយសារតែជំងឺនេះ ទាំងដែលវាគឺជាអ្វីដែលយើងទាំងអស់គ្នាអាចការពារបានដោយខ្លួនឯងដោយគ្រាន់តែផ្លាស់ប្ដូររបៀបរស់នៅមួយចំនួនប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាទម្លាប់ប្រចាំថ្ងៃតូចៗដែលអ្នកគួរតែផ្លាស់ប្ដូរដើម្បីថែរក្សាភាពសម្ពាធឈាមឱ្យបានល្អ៖
១. ត្រូវញ៉ាំអាហារមានសុខភាពល្អ និងបន្ថយជាតិប្រៃ៖ មនុស្សជាច្រើនអាចនឹងច្រឡំថាសព្វថ្ងៃខ្លួនមិនសូវញុំាប្រៃទេ តែការពិតជាតិប្រៃ មិនទាល់តែយើងថែមអំបិលច្រើននៅក្នុងសម្ល តែជាតិប្រៃវានៅស្ទើរតែគ្រប់អាហារដែលយើងញុំាដូចជា មីកញ្ចប់ សាច់អាំង សូដា នំខ្ទិះ និងអាហារកញ្ចប់គ្រប់មុខ។ ជាតិប្រៃកាន់តែច្រើន សម្ពាធឈាមកាន់តែឡើងខ្ពស់ បេះដូងកាន់តែធ្វើការខ្លាំង។ ពេលភ្លាមៗវាមិនទាន់ធ្វើឱ្យអ្នកឈឺទេ វាប្រៀបដូចជាយើងសប់ខ្យល់ចូលក្នុងប៉េងប៉ោងរៀងរាល់ថ្ងៃ ដល់ចុងក្រោយប៉េងប៉ោងនឹងផ្ទុះ ហើយសរសៃឈាមក៏ដូចគ្នា។ ដូច្នេះបើចង់រក្សាសម្ពាធឈាមឱ្យល្អ ត្រូវកាត់បន្ថយជាតិប្រៃ និងញុំាអាហារសុខភាពឱ្យបានច្រើនដូចជា សាច់ត្រី, ផ្លែចេក, អាវ៉ូខាដូ, និងសាច់ត្រីមានខ្លាញ់ល្អ ជួយឱ្យបេះដូងធ្វើការងាយស្រួលជាងមុន។
២. ឈប់ជក់បារី៖ អ្នកជក់មួយដង សរសៃឈាមរបស់អ្នកនឹងតឹងភ្លាមៗ បេះដូងត្រូវបូមឈាមខ្លាំងជាងធម្មតា ហើយសម្ពាធឈាមឡើងភ្លាមៗ។ បើអ្នកទម្លាប់ជក់រាល់ថ្ងៃ ហានិភ័យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលកាន់តែខ្ពស់។ តែបើអ្នកកាត់បន្ថយការជក់បារី សម្ពាធឈាមនឹងចាប់ផ្តើមធ្លាក់ ឈាមក៏ដំណើរការធម្មតាឡើងវិញ។ បើអ្នកលែងជក់ រាងកាយអ្នកនឹងស្ដារខ្លួនខ្លាំងជាងដែលអ្នកគិត។ អ្វីដែលសំខាន់គឺខ្លួនអ្នកចង់បន្ត ឬបញ្ឍប់។
៣. ធ្វើលំហាត់ប្រាណឱ្យបានច្រើន៖ មិនកំណត់ថាអ្នកត្រូវតែហាត់នៅក្នុងក្លឹបទេ ត្រឹមធ្វើចលនា ដើរ ឬ ជិះកង់ នេះក៏ចាត់ទុកថាជាការហាត់ប្រាណដែរ។ មួយថ្ងៃចំណាយពេលត្រឹម ១០ ទៅ ១៥ នាទី ជួយឱ្យបេះដូងធ្វើការល្អជាងមុន សរសៃឈាមដំណើរការល្អ ហើយសម្ពាធឈាមក៏មិនឡើងខ្លាំងដែរ។
៤. គេងឱ្យបានគ្រប់គ្រាន់ និងបន្ថយភាពតានតឹង៖ ការគេងមិនគ្រប់គ្រាន់គឺជាផ្នែកមួយធ្វើឱ្យសម្ពាធឈាមឡើង ដោយសារ រាងកាយមិនបានសម្រាក សរសៃឈាមតឹងខ្លាំង ហើយបេះដូងធ្វើការខ្លាំងជាងធម្មតា។ ភាពតានតឹង ស្ត្រេសច្រើនក៏ដូចគ្នា។ ពេលអ្នកមានអារម្មណ៍តានតឹង អ័រម៉ូននៅក្នុងខ្លួននឹងធ្វើឱ្យសម្ពាធឈាមឡើង ហើយបេះដូងបេះនឹងលោតខ្លាំងជាងធម្មតា។ បើភាពតានតឹងនេះកើតឡើងរាលល់ថ្ងៃទៀត ប្រព័ន្ធការពារខាងក្នុងនឹងចុះខ្សោយ។
ដូច្នេះបើអ្នកចង់បានសុខភាពល្អ រក្សាសម្ពាធឈាមឱ្យនៅថេរ គួរផ្លាស់ប្ដូរទម្លាប់មួយចំនួនចេញ ញុំាអាហារសុខភាពឱ្យបានច្រើន ឧស្សាហ៍ហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវមានផ្លូវចិត្តល្អដែរ។ ដើម្បីកាត់បន្ថយស្ត្រេសអ្នកអាច រៀនធ្វើសមាធិ ដកដង្ហើមវែងៗ ស្តាប់តន្ត្រី ឬធ្វើអ្វីដែលអ្នកចូលចិត្ត៕
អត្ថបទដោយ៖ សារួ
