ដំបៅក្រពះ គឺជាការខូចខាតរបស់ភ្នាសខាងក្នុងក្រពះ រហូតស្រាំស្រាវដល់ជាលិកាក្រោមភ្នាស។ ការខូចខាតបែបនេះអាចបណ្តាលឱ្យក្រពះហូរឈាម ហើយអាចវិវត្តទៅករណីធ្ងន់ធ្ងរគឺធ្លាយក្រពះដែលជាស្ថានភាពដ៏គ្រោះថ្នាក់ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត។ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិតឯកទេស អ៊ួង បញ្ញា ដែលបម្រើការងារនៅផ្នែកប្រព័ន្ធរំលាយអាហារ មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មនុស្សមួយចំនួនងាយប្រឈមនឹងជំងឺដំបៅក្រពះជាងអ្នកដទៃ ដោយសារទម្លាប់ រស់នៅ និងកត្តាអាក្រក់ផ្សេងៗដូចជា ចូលចិត្តផឹកស្រាច្រើន ទម្លាប់ជក់បារី ឬប្រើថ្នាំជក់ អ្នកប្រើប្រាស់ថ្នាំ Aspirin និងថ្នាំប្រឆាំងការរលាក NSAIDs (ដូចជា ibuprofen, naproxen) និងអ្នកដែលឆ្លងមេរោគ H. pylori ដែលជាមេរោគសំខាន់បណ្តាលឱ្យកើតដំបៅក្រពះ។
ទោះបីជា ដំបៅក្រពះមិនមែនគ្រប់ករណីអាចវិវត្តទៅជាមហារីកក្រពះក៏ដោយ វេជ្ជបណ្ឌិត អ៊ួង បញ្ញា បានបញ្ជាក់ថា ប្រសិនបើមិនទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ដំបៅក្រពះដែលបណ្តាលមកពីមេរោគ H. pylori មានឱកាសក្លាយទៅជាមហារីកក្រពះបាន។ ដូច្នេះ ការយកចិត្តទុកដាក់ និងពិនិត្យព្យាបាលជាប្រចាំ គឺជាជំហានសំខាន់ក្នុងការការពារជីវិតរបស់ខ្លួនឯង។ ជំងឺនេះសម្រាប់អ្នកមួយចំនួនវាមិនបង្ហាញរោគសញ្ញាច្បាស់ៗទេនៅដំណាក់កាលដំបូង ទើបធ្វើឱ្យមិនងាយរកឃើញ។
ទោះជាយ៉ាងណា អ្នកខ្លះទៀតអាចមានរោគសញ្ញាដែលគួរឱ្យសង្ស័យដូចជា ការឈឺចុកចាប់នៅចង្អូរចុងដង្ហើម ឬផ្នែកខាងលើពោះ ការមានអារម្មណ៍ឆាប់ឆ្អែត ហើមពោះ ក្អួត ចង្អោរ មិនឃ្លាន ឬបើក្នុងករណីធ្ងន់គឺ ក្អួតមានឈាម និងលាមកពណ៌ខ្មៅដែលជាសញ្ញាហូរឈាមក្នុងក្រពះ។ ករណីធ្ងន់បំផុតអាចនាំឱ្យធ្លាយក្រពះ ដែលត្រូវការវះកាត់បន្ទាន់។
ដើម្បីការពារខ្លួនពីជំងឺនេះ ការផ្លាស់ប្ដូររបៀបរស់នៅឱ្យបានល្អគឺពិតជាសំខាន់ណាសា់ លោកវេជ្ជបណ្ឌិតបានណែនាំឱ្យជៀសវាងការផឹកស្រាច្រើន កាត់បន្ថយការជក់បារី និងបញ្ឃប់ជាបន្ទាន់ចំពោះការប្រើប្រាស់ថ្នាំដែលគ្មានការណែនាំពីគ្រូពេទ្យជំនាញ ដែលអាចប៉ះពាល់ភ្នាសក្រពះយ៉ាងខ្លាំង។ លើសពីនេះ ការបរិភោគអាហារមានអនាម័យ លាងដៃជាប្រចាំអាចជួយការពារការឆ្លងមេរោគ H. pylori ដែលជាមូលហេតុសំខាន់បំផុតនៃដំបៅក្រពះ។
វេជ្ជបណ្ឌិតបានផ្តាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការប្រើថ្នាំបំបាត់ការឈឺចាប់ បើមានរោគសញ្ញាដូចបានរៀបរាប់ ឬមានការសង្ស័យថា ខ្លួនឯងអាចមានជំងឺដំបៅក្រពះ គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកក្រពះ ពោះវៀន និងថ្លើមឱ្យបានឆាប់រហ័ស។ ការព្យាបាលទាន់ពេលវេលាអាចជួយទប់ស្កាត់ និងការវិវត្តទៅជាមហារីកក្រពះបាន៕
អត្ថបទដោយ៖ សារួ
