ជាធម្មតា ស្នាមជាំកើតឡើងនៅពេលសរសៃឈាមតូចៗនៅក្រោមស្បែកផ្ទុះ ឈាមរអិលចេញ និងកកកុញនៅក្នុងជាលិកាខាងក្រោម។ ទោះបីជាស្នាមជាំភាគច្រើនមិនគ្រោះថ្នាក់អ្វី តែស្នាមជាំខ្លះក៏ជាសញ្ញាព្រមានដ៏គួរឱ្យព្រួយបារម្ភដែរ ជាពិសេស្នាមជាំដែលសុខៗក៏លេចឡើងគ្មានមូលហេតុ។ ហើយខ្ញុំជឿថាអាការៈបែបនេះមានមនុស្សច្រើនដែលបានជួបប្រទះតែមិនដឹងថាមកពីអ្វី។ យ៉ាងណាមិញតាមរយៈ Healthline.com ខាងក្រោមនេះគឺជាមូលហេតុដែលអាចធ្វើឱ្យមានស្នាមជាំលេចឡើងដោយយើងមិនបានទៅប៉ះទង្គិចអ្វី៖
១. ការប្រើប្រាស់ថ្នាំ៖ ថ្នាំបញ្ចុះឈាម ឬថ្នាំបំបាត់ការឈឺចាប់មួយចំនួនដូចជា aspirin, ibuprofen (Advil) និង naproxen (Aleve) អាចបណ្តាលឱ្យឈាមកកយឺត។ នៅពេលឈាមកកយឺត នោះវានឹងមានឱកាសហូរចេញក្រោមស្បែក និងបង្កើតជាស្នាមជាំបានងាយ។ ប្រសិនបើអ្នកចាប់អារម្មណ៍ថាស្នាមជាំកើតឡើងបន្ទាប់ពីប្រើថ្នាំណាមួយ គួរប្រាប់គ្រូពេទ្យឱ្យដឹង ដើម្បីពិនិត្យ និងផ្លាស់ប្ដូរថ្នាំឱ្យ។
២. ខ្វះសារធាតុចិញ្ចឹម៖ កង្វះ វីតាមីន C អាចធ្វើឱ្យស្បែកងាយរងរបួស និងងាយជាំ ព្រោះវីតាមីននេះជួយព្យាបាលរបួស និងរក្សាកម្លាំងជាលិកាស្បែក។ កង្វះ ជាតិដែក នាំឱ្យកោសិកាឈាមក្រហមខ្សោយ ក្រោយមករាងកាយមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ធ្វើឱ្យស្បែកងាយកើតជាំ។ កង្វះ វីតាមីន K (ទោះបីកម្រមាន) ក៏អាចធ្វើឱ្យការកកឈាមយឺត ធ្វើឱ្យឈាមហូរចូលក្រោមស្បែក និងបង្កើតជាស្នាមជាំដែរ។
៣. ជំងឺទឹកនោមផ្អែម៖ វាអាចបង្កឱ្យការព្យាបាលរបួសជាយឺត ដូច្នេះស្នាមជាំនឹងនៅយូរជាងមុន។ មនុស្សដែលចាក់អាំងស៊ុយលីនឬធ្វើតេស្តជាតិស្ករក្នុងឈាមញឹកញាប់ក៏អាចឃើញស្នាមជាំតូចៗកើតឡើងជាញឹកញាប់។ ប្រសិនបើអ្នកមានរោគសញ្ញាផ្សេងទៀតរួមជាមួយស្នាមជាំ គួរតែពិគ្រោះគ្រូពេទ្យភ្លាម។
មូលហេតុផ្សេងទៀតដូចជា ជំងឺ Von Willebrand ដែលជាជំងឺហ្សែនបណ្តាលឱ្យឈាមមិនកកលឿន។ អ្នកដែលមានជំងឺនេះងាយកើតស្នាមជាំធំៗ ព្រោះសរសៃឈាមដែលផ្ទុះមិនអាចបិទដោយឈាមកកបានលឿនដូចមនុស្សធម្មតា។ ស្ថានភាពមួយផ្សេងទៀតគឺ ជំងឺកំណកឈាម ដែលធ្វើឱ្យឈាមងាយកក។ មនុស្សដែលត្រូវការប្រើថ្នាំរំលាយឈាមសម្រាប់ព្យាបាលការកកឈាម មិនត្រឹមតែហូរឈាមងាយស្រួលទេ ចម្លែកថាក៏ងាយកើតស្នាមជាំផងដែរ។
ទោះបីស្នាមជាំភាគច្រើនគ្មានការព្រួយបារម្ភ ក៏នៅតែគួរយកចិត្តទុកដាក់ ប្រសិនបើវាកើតឡើងញឹកញាប់ ឬមិនដឹងហេតុផលច្បាស់។ ការពិគ្រោះជាមួយគ្រូពេទ្យអាចជួយបញ្ជាក់មូលហេតុពិត និងផ្តល់ដំបូន្មានដល់អ្នកអំពីវិធីថែទាំសុខភាព ឬការកែប្រែអាហារូបត្ថម្ភដែលត្រូវការ៕
អត្ថបទដោយ៖ សារួ
