ការចងចាំគឺជាមុខងារសំខាន់មួយនៃខួរក្បាល ដែលជួយឱ្យយើងរក្សាព័ត៌មាន បង្កើតជំនាញថ្មី និងស្គាល់បុគ្គល ឬព្រឹត្តិការណ៍នៅជុំវិញខ្លួន។ ទោះបីជាខួរក្បាលមានសមត្ថភាពអស្ចារ្យក៏ដោយ ការភ្លេចភ្លាំង តែងតែអាចកើតឡើងតាមអាយុ បញ្ហាសុខភាព ឬរបួសខួរក្បាល។ ផ្អែកតាម vnexpress យើងអាចការពារខួរក្បាលឱ្យមានសមត្ថភាពល្អ និងកាត់បន្ថយហានិភ័យនៃការបាត់បង់ការចងចាំបានដោយចាប់ផ្តើមពីទម្លាប់សាមញ្ញប្រចាំថ្ងៃ។ ហើយខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអ្នកទាំងអស់គ្នាអាចអនុវត្តបាន៖
- គេងឱ្យបានគ្រប់គ្រាន់៖ ជាធម្មតាគេងប្រហែល ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ល្អណាស់សម្រាប់ខួរក្បាលក្នុងការសម្រាក និងរៀបចំព័ត៍មានថ្មីៗ។ បើកាលណាខួរក្បាលរបស់យើងសម្រាកមិនបានគ្រប់គ្រាន់អាចនាំឱ្យមានភាពច្របូកច្របល់ និងធ្វើឱ្យភ្លេចភ្លាំង។
- កុំតានតឹងពេក៖ ត្រូវគ្រប់គ្រង់ភាពតានតឹងឱ្យបាន ព្រោះវាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់មុខងារខួរក្បាល។ អ្នកអាចកាត់បន្ថយភាពតានតឹងតាមរយៈការធ្វើសមាធិ ហាត់យូហ្កា និងធ្វើលំហាត់ដកដង្ហើមវែងៗ ឬធ្វើសកម្មភាពណាមួយដើម្បីបំបាត់ស្ត្រេស ដូចជាការដើរលេងលំហែកាយ ស្ដាប់បងទចម្រៀង អានសៀវភៅ មើលរឿង ជាដើម។
- បង្កើតសកម្មភាពថ្មី៖ នៅពេលទំនេរអ្នកគួររៀនអ្វីថ្មីៗដូចជា រៀនភាសាបរទេស ឬចាប់យកជំនាញថ្មី លេងល្បែងផ្គុំរូប គូគំនូរ ឬចាប់ផ្ដើមទម្លាប់ជាមួយនឹងការអានសៀវភៅដើម្បីជំរុញសមត្ថភាពគិត និងការចងចាំ។ ការអនុវត្តខួរក្បាលជាប្រចាំជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធស្មារតី។
- ទទួលទានអាហារដែលមានសុខភាពល្អ៖ របបអាហារមានតុល្យភាពជួយថែរក្សាខួរក្បាលឱ្យសកម្ម។ អាហារដែលល្អមានដូចជា ត្រីខ្លាញ់ (សម្បូរអូមេហ្គា-៣) ផ្លែបឺរ បន្លែបៃតង និងគ្រាប់ធញ្ញជាតិ។ ជៀសវាងអាហារបំពងដែលមានជាតិខ្លាញ់ឆ្អែត ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង។
- ធ្វើលំហាត់ប្រាណជាប្រចាំ៖ ត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃ ឬ 5 ថ្ងៃក្នុងមួយសប្តាហ៍ ជួយបង្កើនលំហូរឈាមទៅខួរក្បាល និងជំរុញការផលិតអរម៉ូនដែលធ្វើឱ្យមានអារម្មណ៍ល្អ។ វាក៏ជួយបន្ថយភាពចាស់នៃខួរក្បាល និងរក្សាសមត្ថភាពចងចាំឱ្យបានយូរអង្វែង។
ការភ្លេចភ្លាំងជារឿងធម្មតានៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើង ប៉ុន្តែការបាត់បង់ការចងចាំជារយៈពេលវែងអាចជាសញ្ញានៃបញ្ហាសុខភាពខួរក្បាល។ ដូច្នេះ បើអ្នកមានអាម្មណ៍ថាខ្លួននៅតែភ្លេចភ្លាំងញឹកញាប់ជាងមុន បាត់បង់សមត្ថភាពរំលឹកព្រឹត្តិការណ៍មុនៗ ឬមានភាពច្របូកច្របល់នោះ ខ្ញុំសូមណែនាំអ្នកគួរតែទៅពិនិត្យជាមួយគ្រូពេទ្យជាបន្ទាន់។ គ្រូពេទ្យជំនាញអាចធ្វើរោគវិនិច្ឆ័យបានច្បាស់ រកហេតុផលឃើញធ្វើការព្យាបាលទាន់ពេលវេលា៕
អត្ថបទដោយ៖ សារួ
