អង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ 2022 បានរាយការណ៍ថា មានមនុស្សជិតមួយពាន់លាននាក់នៅលើពិភពលោកកំពុងប្រឈមមុខនឹងការលើសទម្ងន់ និងជំងឺធាត់។ ក្នុងចំណោមនេះ មានមនុស្សពេញវ័យប្រមាណ 650 លាននាក់ និងក្មេងជំទង់ជាង 340 លាននាក់។ សហព័ន្ធភាពធាត់អន្តរជាតិ (World Obesity Federation) ក៏បានព្យាករណ៍ថា នៅឆ្នាំ 2035 ប្រហែល 51% នៃប្រជាជនទូទាំងពិភពលោក នឹងធាត់ឬលើសទម្ងន់ ដែលស្មើនឹងមនុស្សជាង 4 ពាន់លាននាក់។ ហើយវានឹងក្លាយជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់សុខភាពសាធារណៈ។
វេជ្ជបណ្ឌិត Tran Nguyen Quynh Tram អនុប្រធាននាយកដ្ឋាន Endocrinology – Diabetes នៃមន្ទីរពេទ្យ Tam Anh ទីក្រុងហូជីមិញ បានពន្យល់ថា មនុស្សភាពច្រើនដែលធាត់គឺមានខ្លាញ់នៅតំបន់ក្បាលពោះខ្លាំង ហើយ ខ្លាញ់ប្រមូលផ្តុំជាច្រើនក្នុងបំពង់ពោះ និងកម្រិតទ្រីគ្លីសេរីដក្នុងឈាមខ្ពស់ អាចបង្កឱ្យកើតជំងឺជាង 200 ប្រភេទ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងមហារីកជាច្រើនប្រភេទ។
មនុស្សជាច្រើនដែលធាត់ ឬលើសទម្ងន់ តែងមានរោគសញ្ញាផ្នែកមេតាបូលីក (Metabolic Syndrome) ដែលជាស្ថានភាពបង្កើនហានិភ័យឱ្យកើតជំងឺទឹកនោមផ្អែមយ៉ាងងាយ។ ប្រសិនបើមិនគ្រប់គ្រងទម្ងន់ ឬកម្រិតជាតិស្ករនៅក្នុងឈាមទេ មនុស្សទាំងនេះអាចជួបវិបាកធ្ងន់ធ្ងរក្នុងរយៈពេលវែង ដូចជា ខ្សោយថ្លើម ខ្សោយតម្រងនោម ខ្សោយបេះដូង ជាដើម។
ដើម្បីកាត់បន្ថយហានិភ័យ និងការរីករាលដាលនៃជំងឺទាំងនេះ វេជ្ជបណ្ឌិត បានផ្តល់អនុសាសន៍ថា មនុស្សដែលលើសទម្ងន់គួរស្រកទម្ងន់ប្រហែល 5–15% នៃទម្ងន់ដើម ក្នុងរយៈពេល 3–6 ខែ។ ការស្រកទម្ងន់តិចតួចនេះអាចធ្វើឱ្យសុខភាពប្រសើរឡើងច្រើន និងបន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ។ សម្រាប់អ្នកដែលមាន BMI លើស 35 គួរតែសម្រកប្រហែលយ៉ាងតិច 20% ឬលើសនេះ ។
ការសម្រកគីឡូងាយៗអ្នកទាំងអស់គ្នាអាចឆ្លៀតពេលទំនេរដើម្បីហាត់ប្រាណដូចជា ដើរ ជិះកង់ ឬទៅកន្លែងហាត់ប្រាណដែលល្អ។ ម្យ៉ាងវិញទៀតការរៀបចំរបបអាហារឱ្យបានត្រឹមត្រូវក៏ជួយដល់សុខភាព និងអាចសម្រកគីឡូបានដែរ។ ដូចជាពេលព្រឹកញុំា ស៊ុត នំបុ័ង និងទឹកដោះគោមួយកែង ដើម្បីផ្ដល់ថាមពលដល់រាងកាយ ហើយមិនធ្វើឱ្យឡើងគីឡូ ជៀសវាងអាហាកែច្នៃ អាហារបំពងមានជាតិខ្លាញ់ខ្ពស់ កាត់បន្ថយជាតិផ្អែម ប្រៃ ។ ក្រៅពីនេះអ្នកទាំងអស់គ្នាគួរតែ គេងឱ្យបានគ្រប់គ្រាន់ និងផឹកទឹកឱ្យបានគ្រប់គ្រាន់ ព្រោះការផឹកទឹកឱ្យបានគ្រប់គ្រាន់មិនត្រឹមតែអាចជួយសម្រកទម្ងន់បានទេ ថែមទាំងធ្វើឱ្យស្បែកស្អាត ក្មេងជាងវ័យទៀតផង៕
អត្ថបទដោយ៖ សារួ
