កត្តាចម្បងមួយដែលធ្វើឱ្យខូចតម្រងនោមគឺជំងឺទឹកនោមផ្អែម អ្នកខ្លះដឹងថាការផឹកគ្រឿងកំប៉ុងច្រើនអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម ធ្វើឱ្យខូចតម្រងនោមដូច្នេះពួកគេតែងតែជៀសវាង ប៉ុន្តែបែរជាមិនយកចិត្តចំពោះទម្លាប់តូចៗទាំងនេះទៅវិញដែលវាក៏ជាកត្តាសំខាន់ធ្វើឱ្យតម្រងនោមខូចបានដូចគ្នា។
១. ផឹកទឹកមិនគ្រប់គ្រាន់៖ បើតាមសម្ដីរបស់អ្នកជំងឺតម្រងនោមមួយចំនួននិយាយថា ពួកគេមិនសូវផឹកគ្រឿងកំប៉ុងទេតែបែរជាខូចតម្រងនោម ដោយមូលហេតុគឺ មិនសូវផឹក។ ផ្អែកតាមគេហទំព័រ WebMD ទឹកសំខាន់ណាស់សម្រាប់រាងកាយ ការរក្សាជាតិទឹកបានល្អ ជួយឱ្យតម្រងនោមអាចជម្រះជាតិសូដ្យូម និងជាតិពុលចេញពីរាងកាយ។ ផឹកទឹកគ្រប់គ្រាន់ក៏អាចបញ្ជៀសការកើតគ្រួសក្នុងតម្រងនោមដែរ។ អ្នកដែលមានបញ្ហាតម្រងនោម ឬខ្សោយតំរងនោម ប្រហែលជាត្រូវដាក់កម្រិតលើការទទួលទានជាតិទឹក ប៉ុន្តែសម្រាប់មនុស្សធម្មតា ការផឹកទឹកពី ២.៥ ទៅ ៣ លីត្រ ក្នុងមួយថ្ងៃគឺល្អបំផុត។
២. ទប់នោមយូរ៖ មនុស្សជាច្រើនតែងមើលរំលងត្រង់ចំណុចទេ ដោយសារកត្តាការងារច្រើន បន្ទប់ទឹកខ្វះអនាម័យ ស្ទះមនុស្សច្រើនធ្វើឱ្យពួកគេខ្ជិល។ តែត្រូវដឹងថា ការទប់នោមយូរពេកអាចធ្វើឱ្យបាក់តេរីកើនឡើងនៅក្នុងប្លោកនោម និងនាំឱ្យឆ្លងមេរោគផ្លូវទឹកនោម។ ប្រសិនបើមិនព្យាបាលទាន់ពេល វាអាចរាលដាលទៅក្រលៀន បង្កជារលាក និងជំងឺខ្សោយតម្រងនោម។ ការទប់ទឹកនោមក៏ធ្វើឱ្យសារធាតុរ៉ែដូចជា កាល់ស្យូម និងអាស៊ីតអ៊ុយរិក កកកុញ បង្កើតជាគ្រួសក្នុងតម្រងនោម ដែលអាចបណ្តាលឱ្យឈឺខ្នង ឈាមក្នុងទឹកនោម ឬស្ទះបង្ហួរនោម។ វេជ្ជបណ្ឌិតណែនាំឱ្យទៅបញ្ចេញទឹកនោមឱ្យបានទៀងទាត់ ជាពិសេសនៅពេលព្រឹក និងក្រោយពេលផឹកទឹកច្រើន។
៣. ចូលគេងយប់ៗជ្រៅ៖ ការគេងគឺជាពេលវេលាដ៏មានតម្លៃសម្រាប់តម្រងនោមក្នុងការជួសជុលកោសិកា និងស្តារមុខងារ។ បើអ្នកចូលគេងយឺត ឬគេងតិចជាង ៦ ម៉ោងក្នុងមួយយប់ វាអាចរំខានដល់អ័រម៉ូន និងសម្ពាធឈាម បង្កឱ្យតម្រងនោមធ្វើការលើសកម្រិត។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលគេងតិចជាង ៦ ម៉ោង មានអត្រាថយចុះមុខងារតម្រងនោមលឿនជាងអ្នកដែលគេង ៧ ទៅ ៨ ម៉ោង។
៤. ការជក់បារី៖ ការជក់បារីគឺប៉ះពាល់ដល់សរីរាង្គស្ទើរតែទាំងអស់ សូម្បីតែតម្រងនោម វាធ្វើឱ្យខូចសរសៃឈាមដែលកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម។ លំហូរឈាមរារាំងមិនឱ្យតម្រងនោមដំណើរការបានល្អ។ លើសពីនេះទៀត ការជក់បារីបង្កើនហានិភ័យនៃជំងឺលើសឈាម និងមហារីកតម្រងនោម។
៥. ផឹកគ្រឿងស្រវឹងលើសកម្រិត៖ ជាតិអាល់កុលគឺជាជាតិពុលដែលតម្រងនោមត្រូវច្រោះចេញ។ ការផឹកលើសពីកម្រិតមធ្យម (ច្រើនជាងមួយកែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី និងពីរកែវសម្រាប់បុរស) អាចបណ្តាលឱ្យមានការផ្លាស់ប្តូរមុខងារតម្រងនោមភ្លាមៗ និងនាំឱ្យខូចខាតរយៈពេលវែង។ ការផឹកស្រាច្រើនអាចបណ្តាលឱ្យមានរបួសតម្រងនោមស្រួចស្រាវដោយសារតែខ្វះជាតិទឹកធ្ងន់ធ្ងរ និងឥទ្ធិពលពុលផ្ទាល់នៃគ្រឿងស្រវឹង។ ជារឿយៗ វាក៏កើតឡើងស្របពេលជាមួយនឹងជំងឺលើសឈាម និងជំងឺថ្លើម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពតម្រងនោមថែមទៀត៕
អត្ថបទដោយ៖ សារួ
