ជំងឺខ្លះអាចបង្ហាញរោគសញ្ញាមកធម្មតាៗនៅលើរាងកាយ ប៉ុន្តែមនុស្សជាច្រើនមិនសូវជាយកចិត្តទុកដាក់ទេដោយគិតថាជារឿងធម្មតា តែការពិតវាអាចជារោគសញ្ញាព្រមាននៃជំងឺមហារីក។ ការមិនយកចិត្តទុកដាក់ចំពោះរោគសញ្ញាទាំងនេះអាចធ្វើឱ្យអ្នកទទួលបានការព្យាបាលយឺតពេល និងអាចបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះខាងក្រោមនេះគឺចំណុចខ្មៅ ៣ លើរាងកាយដែលអ្នកមិនគួរមើលរំលង៖
១. សុខៗក៏មានប្រជ្រុយខ្មៅឌិត៖ ការមានប្រជ្រុយលើស្បេកគឺជារឿងធម្មតា តែបើប្រជ្រុយនោះប្រែពណ៍ជាខ្មៅខ្លាំង ឬមានពណ៌ងងឹតមិនទៀងទាត់ នោះអាចជាសញ្ញាព្រមាននៃជំងឺមហារីកស្បែកប្រភេទធ្ងន់ Melanoma។ បន្ថែមពីលើពណ៌ ការផ្លាស់ប្តូរខុសពីធម្មតា ដូចជាប្រជ្រុយដែលលូតលាស់លឿន ផ្ទៃខាងលើ ហូរឈាម រមាស់ ឬស្នាមប្រេះ ទាំងនេះជាសញ្ញាដែលបង្ហាញថារឿងមិនធម្មតាកំពុងកើតឡើងក្នុងកោសិកាស្បែក។ គ្រូពេទ្យជំនាញខាងសើស្បែក រួមទាំងសាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Roshini Raj (សាកលវិទ្យាល័យញូវយ៉ក សហរដ្ឋអាមេរិក) បានណែនាំឱ្យមនុស្សទៅពិនិត្យភ្លាមៗ ប្រសិនបើឃើញថាប្រជ្រុយ “ខុសប្លែកពីមុន” ដើម្បីរកឃើញមូលហេតុពិត និងព្យាបាលទាន់ពេលវេលា។
២. លាមកមានពណ៍ខ្មៅខុសធម្មតា៖ នេះក៏អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដែរ វាព្រមានពីប្រព័ន្ធរំលាយអាហាររបស់អ្នកមិនល្អ។ យោងតាមការស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេស ស្ថានភាពនេះជួនកាលទាក់ទងនឹងការហូរឈាមក្នុងបំពង់រំលាយអាហារ ដែលជាលទ្ធផលនៃដុំសាច់ក្នុងក្រពះ ឬពោះវៀនធំ។ ឈាមដែលហូរចេញពីតំបន់រងការខូចខាត និងប្រែជាខ្មៅបន្ទាប់ពីឆ្លងកាត់ពោះវៀន។ លើសពីនេះបើអ្នកចេះតែមានអាការៈដូចជា អស់កម្លាំង ឈឺពោះ ស្រកទម្ងន់គ្មានមូលហេតុ ឬរំលាយអាហារពិបាក នោះវាជាសញ្ញាធ្ងន់ធ្ងរមួយអ្នកគួរតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីរកឃើញពីមូលហេតុពិតនិងអាចព្យាបាលបានទាន់ពេល ព្រោះរោគសញ្ញានេះអាចជា ដុំសាច់ក្រពះ ឬមហារីកពោះវៀន។
៣. ឡើងខ្មៅនៅតំបន់ត្រង់ក៖ យោងតាមសារព័ត៌មាន Medical News Today បន្ថែមពីលើការទាក់ទងទៅនឹងបញ្ហាមេតាបូលីសដូចជា acanthosis nigricans (ជាទូទៅត្រូវបានរកឃើញចំពោះអ្នកដែលមានជំងឺធាត់ ធន់នឹងអាំងស៊ុយលីន ឬជំងឺទឹកនោមផ្អែម) កខ្មៅនៅក្នុងករណីកម្រមួយចំនួនក៏អាចទាក់ទងនឹងមហារីកក្រពះ ឬមហារីកថ្លើមផងដែរ។ ការផ្លាស់ប្តូរពណ៌ភ្លាមៗនៃកញ្ចឹងក ការរីករាលដាល ឬអមដោយភាពមិនប្រក្រតីផ្សេងទៀតនៅលើស្បែក គឺជាសញ្ញាមួយដែលអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ជំនួសឱ្យការត្រួតពិនិត្យខ្លួនឯងនៅផ្ទះ។
យើងមិនគួរមិនអើពើនឹងការប្រែប្រួលតូចៗទាំងនេះទេ ព្រោះរាងកាយតែងតែផ្ដល់សញ្ញាមុនជានិច្ច។ មហារីកជាច្រើនប្រភេទអាចព្យាបាលបាន នៅពេលដែលរកឃើញនៅដំណាក់កាលដំបូង។ ដូច្នេះរាល់ពេលដែលអ្នកឃើញរោគសញ្ញាមិនប្រក្រតីណាមួយនៅលើដងខ្លួន ស្បែក កុំស្ទាក់ស្ទើរក្នុងការទៅពិនិត្យសុខភាព គ្រូពេទ្យជំនាញអាចសង្គ្រោះជីវិតអ្នកបាន៕
អត្ថបទដោយ៖ សារួ
