បន្លែបៃតង និងបន្លែជាច្រើនប្រភេទទៀត គឺជាអាហារដែលមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព ជួយបំពេញវីតាមីន និងជាតិចិញ្ចឹមផ្សេងៗដល់រាងកាយ ហើយក៏អាចជួយកាត់បន្ថយហានិភ័យនៃមហារីកផងដែរ។ ប៉ុន្តែបើយើងមិនចេះពីវិធីញុំា និងវិធីក្នុងការចម្អិនទេ អាហារទាំងនេះបែរជាអាចបង្កគ្រោះថ្នាក់ និងជំរុញកើតទៅជាជំងឺមហារីកក្រពះបានទៅវិញ។
តាមការរកឃើញរបស់អ្នកជំនាញ និងស្ថាប័នសុខភាពអន្តរជាតិ មានបន្លែ និងអាហារពីរប្រភេទដែលគួរឱ្យប្រុងប្រយ័ត្ន ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពះបានយ៉ាងងាយ។ អ្វីដែលគួរឱ្យព្រួយចិត្តនោះគឺ វាជាបន្លែ និងម្ហូបដែលគ្រួសារខ្មែរយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ។
១. ម្ហូប ឬបន្លែសល់៖ ការទុកម្ហូបសល់មួយយប់ហើយយកមកកម្អិតញ៉ាំឡើងវិញ គឺជាទម្លាប់ដែលមាននៅគ្រួសារជាច្រើន និងមានតជំនាន់មកហើយសម្រាប់ប្រជាជនខ្មែរមួយចំនួន ជាពិសេសគ្រួសារដែលរស់នៅតាមទីជនបទ។ បន្លែមួយចំនួនដូចជា ផ្កាខាត់ណា ស្ពៃក្តោប ស្ពៃបៃតង ការ៉ុត… មានសារធាតុ នីត្រាត ខ្ពស់ជាងបន្លែផ្សេងៗ។ ពេលយើងចម្អិនវារួច ទុកមួយយប់ រួចយកមកកម្អិតក្នុងភ្លើងម្ដងទៀត នីត្រាតក្នុងបន្លែអាចបម្លែងទៅជាជាតិពុលនិងបង្កជាមហារីក។
ការញ៉ាំអាហារបែបនេះជារឿយៗអាចបង្កឱ្យរាងកាយទទួលបាននូវជាតិពុលច្រើននៅក្នុងក្រពះហើយមានហានិភ័យខ្លាំងកើតទៅជាជំងឺមហារីក។ ស្ថាប័នសុខភាព និងប្រភពព័ត៌មានអន្តរជាតិជាច្រើនបានលើកឡើងថា ការញ៉ាំម្ហូបដែលសល់ដោយគ្រាន់តែយកមកកម្ដៅឡើងវិញវាមិនល្អទេសម្រាប់សុខភាព ក្រៅពីមហារីកវាក៏អាចបង្កទៅជាគ្រោះថ្នាក់ផ្សេងៗទៀត។
២. បន្លែជ្រក់៖ ដូចជា ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់ល្ហុង និងជ្រក់ប្រភេទផ្សេងៗទៀត ការញ៉ាំអាហារមានជាតិប្រៃខ្លាំង ត្រូវបាន WHO ព្រមានថា ជាហានិភ័យដ៏ធំមួយនៃការកើតជំងឺមហារីកក្រពះ។ ជាតិប្រៃច្រើនអាចធ្វើឱ្យស្រទាប់ការពារក្រពះត្រូវបានបំផ្លាញ ធ្វើឱ្យក្រពះងាយរងនូវការខូចខាត និងធ្វើឱ្យកើតបាក់តេរី Helicobacter pylori ដែលជាមូលហេតុសំខាន់នៃជំងឺដំបៅក្រពះ និងមហារីកក្រពះ។
ដើម្បីបញ្ជៀសហានិភ័យទាំងនេះ៖ សម្រាប់ម្ហូបដែលចម្អិនរួចគួរញ៉ាំមិនលើសពី ៤ ម៉ោងបន្ទាប់ពីចម្អិន។ ក្នុងរយៈពេលនេះវាជួយបង្កើតសុវត្ថិភាព និងរក្សាគុណភាពវីតាមីនក្នុងបន្លែបានល្អជាងមុន។ ក្រៅពីនេះ WHO ក៏បានណែនាំឱ្យយើងបញ្ចូលអាហារដែលមានជាតិកាល់ស្យូមខ្ពស់ និងជាតិសរសៃឱ្យច្រើនចូលទៅក្នុងអាហារប្រចាំថ្ងៃ ដូចជា ត្រឡាច សណ្តែក ស៊ុត ឬគ្រាប់ធញ្ញជាតិ ដើម្បីជួយការពារការកើតជំងឺមហារីកក្រពះ។
សុខភាពល្អចាប់ផ្តើមពីអាហារដែលយើងជ្រើសរើសញ៉ាំជារៀងរាល់ថ្ងៃ។ ដូច្នេះ បងប្អូនសូមព្យាយាមកាត់បន្ថយម្ហូបដែលមានជាតិប្រៃខ្លាំង ម្ហូបសល់ និងជ្រក់បន្លែឱ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរតូចៗទាំងនេះអាចជួយការពារក្រពះ កាត់បន្ថយហានិភ័យមហារីក និងធ្វើឱ្យជីវិតអ្នករស់នៅមានសុភមង្គលជាងមុន៕
អត្ថបទដោយយ៖ សារួ
