ថ្លើម ជាសិរីរាង្គសំខាន់មួយនៅក្នុងរាងកាយដែលជួយបំបាត់ជាតិពុល រំលាយអាហារ និងបំលែងសារធាតុចិញ្ចឹមទៅជាថាមពល។ ដោយសារថ្លើមមានតួនាទីសំខាន់បែបនេះហើយទើបបានជាយើងត្រូវការពារឱ្យបានល្អ តែចំពោះរោគសញ្ញាជំងឺថ្លើមមួយចំនួនច្រើនតែមានអ្នកយល់ច្រឡំថាវាជាជំងឺធម្មតា ហើយបើយើងមិនយកចិត្តទុកដាក់ទៀតនោះអាចធ្វើឱ្យថ្លើមកាន់តែរងការខូចខាត ហើយអាចទទួលការព្យាបាលយឺតពេល និងអាចបណ្ដាលឱ្យកើតទៅជាជំងឺដំណាក់កាលធ្ងន់ធ្ងរ ដូចជា រលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម ឬភាពខ្វះខាតមុខងារថ្លើម ជាដើម។ តាមរយៈគេហទំព័រ phunutoday.vn ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួនដែលអ្នកមិនគួរមើលរំលង៖
១. បាត់បង់ចំណង់អាហារ និងអស់កម្លាំងរ៉ាំរ៉ៃ៖ មនុស្សមួយចំនួនអាចនឹងប្រឈមបញ្ហានេះនៅពេលធ្វើការខ្លាំង ប៉ុន្តែបើស្ថានភាពនេះកើតឡើងគ្មានមូលហេតុ វាអាចជាសញ្ញាថា ថ្លើមកំពុងខ្សោយ។ នៅពេលថ្លើមរងការខូចខាត (ដូចជា ថ្លើមរលាក ឬក្រិនថ្លើម) វាមិនអាចសំយោគសារធាតុចិញ្ចឹម និងផ្គត់ផ្គង់ថាមពលដល់រាងកាយបានល្អ។ ជាតិពុលនឹងស្ថិតនៅក្នុងឈាមយូរ បណ្ដាលឱ្យមានអារម្មណ៍ខ្សោយ កង្វះចំណង់អាហារ អស់កម្លាំង និងខ្សោះជាតិទឹក។ បើអ្នកមើលរំលងសញ្ញានេះអាចធ្វើឱ្យថ្លើមកាន់តែធ្ងន់ធ្ងរ។
២. ហើមពោះ ឬឈឺចាប់នៅខាងស្តាំក្រលៀន៖ ការហើមពោះជាប្រចាំ អាចបង្ហាញថា មានជាតិរាវប្រមូលផ្តុំក្នុងពោះ ដោយសារថ្លើមមិនអាចដំណើរការទឹកប្រមាត់ និងសារធាតុផ្សេងៗបានត្រឹមត្រូវ។ ជាទូទៅ អ្នកជំងឺនឹងមានអារម្មណ៍តឹងណែន ឈឺចាប់ត្រង់ចង្កេះខាងស្តាំ។ នៅដំណាក់កាលដំបូង រោគសញ្ញាអាចស្រាល ប៉ុន្តែបើមិនពិនិត្យទាន់ពេលវេលាទេ ការហើមពោះនឹងកាន់តែខ្លាំង ហើយកោសិកាថ្លើមនឹងខូចខាតកាន់តែខ្លាំង និងពិបាកស្ដារឡើងវិញ។
៣. ក្អួត ចង្អោរ និងរាគ៖ នៅពេលថ្លើមខ្សោយ វាមិនអាចជួយរំលាយ និងបញ្ជូនអាហារទៅតាមប្រព័ន្ធរំលាយអាហារបានល្អទេ។ អាហារនៅក្នុងក្រពះយូរ បណ្ដាលឱ្យហើមពោះ។ មនុស្សមួយចំនួនអាចមានរោគសញ្ញា ក្អួត ចង្អោរ ឬរាគ ដែលមនុស្សមួយចំនួនងាយច្រឡំជាមួយនឹងជំងឺក្រពះ ឬការពុលអាហារ។ បើរោគសញ្ញានេះកើតឡើងជាញឹកញាប់ គ្មានមូលហេតុនោះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបញ្ជាក់ពីសុខភាពថ្លើម។
៤. ទឹកនោមប្រែពណ៍៖ បើទឹកនោមមានពណ៌លឿងងងឹត ដូចជាពណ៌ទឹកតែ ឬក្លិនខ្លាំងជាងធម្មតា អាចបញ្ជាក់ថា bilirubin នៅក្នុងឈាមកើនឡើង។ នេះកើតឡើងពេលថ្លើមមិនអាចបំប្លែង និងបញ្ចេញ bilirubin ទៅក្នុងទឹកប្រមាត់បានល្អ។ ករណីធ្ងន់ អាចមានលាមកពណ៌សប្រផេះ បង្ហាញថាមានបញ្ហានៅច្រកទឹកប្រមាត់។ បើទឹកនោមមានពណ៍ងងឹតដោយសារផឹកទឹកតិច ឬហាត់ប្រាណច្រើន អ្នកគ្រាន់តែផឹកទឹកឱ្យបានច្រើននិងលែងអីហើយ ប៉ុន្តែបើរោគសញ្ញានេះនៅតែបន្ត អ្នកគួរតែទៅជួបពេទ្យ ដើម្បីពិនិត្យមើលសុខភាពថ្លើម ឬអាចមានជំងឺផ្សេងៗ។
៥. រមាស់ស្បែកអត់មូលហេតុ៖ បើសុខៗស្រាប់តែឡើងរមាស់ពេញខ្លួន ហើយកាន់តែអាក្រក់នៅពេលមេឃត្រជាក់ នេះអាចជាសញ្ញាថា អំបិលទឹកប្រមាត់ និង bilirubin កំពុងប្រមូលផ្តុំនៅក្រោមស្បែក។ វាកើតឡើងជាញឹកញាប់ចំពោះអ្នក មានជំងឺរលាកថ្លើមរ៉ាំរ៉ៃ ឬក្រិនថ្លើម។ ជារឿយៗ វាអាចត្រូវបានយល់ច្រឡំថាជំំងឺអាឡែស៊ី ឬជំងឺស្បែកធម្មតា ប៉ុន្តែវាជាសញ្ញាសំខាន់មួយដែលមិនគួរមើលរំលង៕
អត្ថបទដោយ៖ សារួ
