រាងកាយរបស់យើងមានលក្ខណៈពិសេសមួយ គឺវានឹងផ្តល់សញ្ញាព្រមានបើមានអ្វីមួយខុសប្រក្រតីកើតឡើងពីខាងក្នុង។ ទោះបីជាការផ្លាស់ប្តូរទាំងនោះមើលទៅសាមញ្ញ តែមនុស្សជាច្រើនក៏នៅតែមើលរំលងរហូតដល់ស្ថានភាពកាន់តែធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិត William Li ដែលជាគ្រូពេទ្យបណ្តុះបណ្តាលពី Harvard និងជាអ្នកស្រាវជ្រាវខាងអាហារូបត្ថម្ភ បានលើកឡើងថា មានសញ្ញាមួយចំនួនដែលយើងអាចរកឃើញជំងឺមហារីកបានទាន់ពេល បើសិនជាយើងយកចិត្តទុកដាក់៖
១. មានឈាមក្នុងលាមក៖ ប្រសិនបើឃើញឈាមក្រហមភ្លឺពេលបន្ទោរបង់ នោះជាសញ្ញាដែលមិនគួរមើលរំលង។ វាអាចបង្ហាញពីជំងឺមហារីកពោះវៀនធំ ឬមហារីកបំពង់រន្ធគូថ ប៉ុន្តែអាចកើតចេញពីបញ្ហាដែលមិនធ្ងន់ដូចជា ឬសដូងបាត។ ទោះជាយ៉ាងណា ការទៅពេទ្យពិនិត្យសុខភាពពោះវៀន នៅតែសំខាន់ព្រោះអ្នកអាចរកឃើញមូលហេតុពិតប្រាក ជៀសវាងកើតមហារីក ឬអាចនឹងមានភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធរំលាយអាហារ។
២. ហូរឈាមតាមអញ្ចាញធ្មេញ៖ ការហូរឈាមបែបនេះមនុស្សមួយចំនួនគិតថាវាអាចមកពីការដុសធ្មេញខ្លាំងពេក តែវេជ្ជបណ្ឌិត William Li បាននិយាយថា ប្រសិនបើមានឈាមហូរបែបនេះជារឿយហើយគ្មានមូលហេតុច្បាស់លាស់នោះ វាអាចជាសញ្ញានៃជំងឺមហារីកសួត មហារីកបំពង់ក ឬអាចជាមហារីកក្នុងមាត់។ សរសៃឈាមនៅជុំវិញដុំសាច់អាចប្រេះបែក ដែលបណ្តាលឱ្យឈាមហូរចេញមកតាមអញ្ចាញធ្មេញ។
៣. មានឈាមក្នុងទឹកនោម៖ ទឹកនោមមានឈាមអាចបង្ហាញពីជំងឺមហារីកប្លោកនោម ឬជំងឺក្រពេញប្រូស្តាត ជាពិសេសចំពោះអ្នកជក់បារី ឬអ្នកដែលធ្លាប់ប៉ះពាល់នឹងសារធាតុគីមីឧស្សាហកម្ម។ វាអាចកើតឡើងពីការឆ្លងមេរោគ ការរលាកប្លោកនោម ឬបញ្ហាតម្រងនោម ជាដើម។ ដូច្នេះ ប្រសិនបើឃើញទឹកនោមមានពណ៌ក្រហម ឬមានឈាម ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមៗ ដើម្បីធ្វើតេស្ត និងព្យាបាលឱ្យបានត្រឹមត្រូវ។
៤. ការហូរឈាមតាមទ្វារមាស៖ យោងតាមកាសែត Times of India ការហូរឈាមពេលមករដូវមិនមែនរឿងចម្លែក ទេ តែបើសុខៗស្រាប់តែមានឈាមតាមទ្វាមាស ដែលវាមិនមែនជាការមករដូវ ជាពិសេសសម្រាប់ស្ត្រីដែលអស់រដូវហើយ ការហូរឈាមឡើងវិញបែបនេះពិតជារឿងគួរឱ្យព្រួយបារម្ភ ព្រោះវាអាចបង្ហាញពីជំងឺមហារីកមាត់ស្បូន ឬមហារីកស្បូន។ សូម្បីតែស្ត្រីវ័យក្មេង ការហូរឈាមមិនទៀងទាត់ក៏ជាបញ្ហាមួយដែរ វាអាចបង្ហាញពីសញ្ញាដុំសាច់នៅក្នុងស្បូនដែលតម្រូវឱ្យអ្នកត្រូវតែត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។
ទោះបីជា សញ្ញាទាំងនេះមិនអាចបញ្ជាក់បាន ១០០% ថាជាមហារីក ប៉ុន្តែវាជាសញ្ញាដែលអ្នកមិនគួរមើលរំលង។ ហើយបើមានអ្វីមួយគួរឱ្យសង្ស័យអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញ កាលដែលរកឃើញជំងឺបានឆាប់ អ្នកអាចព្យាបាលទាន់ពេល ហើយអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតបាន៕
