ជាការពិតណាស់ ជ្រុះសក់មានច្រើនយ៉ាង សក់ខ្លះគឺត្រូវជ្រុះមកជារឿងធម្មតារបស់ធម្មជាតិ មិនអាចហាមដាច់ខាតមិនឱ្យជ្រុះនោះទេ។ តែការជ្រុះសក់ខ្លះ គឺជាសញ្ញាគ្រោះថ្នាក់នៃជំងឺដែលមនុស្សប្រុសស្រីមិនគួររំលងមិនចាប់អារម្មណ៍នោះទេ។
នេះបើផ្អែកតាមរយៈគេហទំព័រ hairlossdoctors.com បានបានបញ្ជាក់ឱ្យដឹងថា ជ្រុះសក់មិនធម្មតាមកពីបញ្ហាជំងឺ៥ប្រភេទនេះ។
-ទី១ជំងឺលុយពីស៖ជា ជំងឺអូតូអ៊ុយមីនរយៈពេលវែងនេះ បណ្តាលឱ្យមានរោគសញ្ញាជាច្រើនដែលអាចប៉ះពាល់ដល់ស្បែករបស់អ្នក ដែលបណ្តាលឱ្យជ្រុះសក់រួមទាំងអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពខ្លាំងផងដែរ។ វេជ្ជបណ្ឌិត ហួត ភារ៉ា បានបញ្ជាក់ថាជំងឺនេះមានរោគសញ្ញាដូចជា អស់កម្លាំងខុសធម្មតា ឧស្សាហ៍ក្ដៅខ្លួន ឈឺតាមសន្លាក់ឆ្អឹង សន្លាក់មានភាពតឹងណែន និងហើម ងាយចេញស្នាមក្រហមលើស្បែក ជាពិសេសពេលប៉ះពន្លឺព្រះអាទិត្យ ចុងម្រាមដៃ និងជើង ងាយប្រែពណ៌ជាស ឬពណ៌ស្វាយ នៅពេលប៉ះភាពត្រជាក់ ពិបាកដកដង្ហើម មានឈឺទ្រូង ស្ងួតភ្នែក ឧស្សាហ៍ឈឺក្បាល វង្វេងស្មារតី ថយចុះការចងចាំ មានភាពស្លេកស្លាំង រមាស់ស្បែក។
- ទី២ជំងឺ Alopecia Areata៖ ជាជំងឺអូតូអ៊ុយមីន ដែលប៉ះពាល់ដល់ស្បែក និងស្បែកក្បាល បណ្តាលឲ្យសក់ជ្រុះភ្លាមៗដូចគ្នា។
-ទី៣បញ្ហាក្រពេញទីរ៉ូអ៊ីត៖ ក្រពេញទីរ៉ូអ៊ីតដែលសកម្មពេក ឬមិនដំណើរការអាចជាកត្តារួមចំណែកដល់ការជ្រុះសក់ដូចគ្នា។
-ទី៤ជំងឺមហារីក៖ ក៏ជាមូលហេតុដែល អាចបណ្តាលឱ្យជ្រុះសក់ ប៉ុន្តែជាធម្មតា ការព្យាបាលដោយគីមី គឺជាមូលហេតុចម្បងបំផុតមួយ
-ទី៥រោគសញ្ញា Polycystic Ovarian Syndrome៖ ជំងឺអ័រម៉ូននេះអាចបង្កបញ្ហាដល់ការលូតលាស់សក់ ដែលនាំឱ្យបាត់បង់ និងស្តើងសក់ទៅៗ។
មួយវិញទៀតយោងតាមរយៈវេជ្ជបណ្ឌិត Abraham Armani, MD ឯកទេសវះកាត់ ព្យាបាលស្បែក និងបញ្ហាជ្រុះសក់នៅទីក្រុង Dallas រដ្ឋ Texas បានបង្ហាញថា សក់អាចដុះលូតលាស់បានល្អ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាវីតាមីន និងសារជាតិចិញ្ចឹមផ្សេងៗទៀតដែលមនុស្សគ្រប់រូបទទួលបានមកពីចំណីអាហារប្រចាំថ្ងៃ ដោយសារវីតាមីន និងសារជាតិចិញ្ចឹមទាំងនោះរួមមាន៖ វីតាមីន A ឲ C D E បាយអូនទីន ( Biotin ) ឬ វីតាមីន B –complex ជាមួយនឹងជាតិដែក សេលេញូម និងស័ង្កសី ផងដែរ។ ដូច្នេះប្រសិនណាអ្នកមានបញ្ហាជ្រុះសក់គួរតែទម្លាប់ញុំាអាហារដែលសម្បូរវីតាមីននេះឱ្យបានគ្រប់គ្រាន់។
ដូច្នេះប្រសិនណាអ្នកមានបញ្ហាជ្រុះសក់ច្រើនលើសពីធម្មតា ហើយជ្រុះរយៈពេលយូរមិនបាត់ មិនគួរទុកយូរនោះទេ គួរតែពិគ្រោះជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវចៀសវាងមានបញ្ហាជ្រុះសក់កាន់តែខ្លាំងឡើងមក ជាពិសេសប្រឈមជាមួយជំងឺដូចបានរៀបរាប់ខាងលើ សូមបញ្ជាក់ថា មិនមែនឱ្យតែជ្រុះសក់ទាំងអស់សុទ្ធតែបង្កពីជំងឺ៥ប្រភេទនេះទេ៕
អត្ថបទដោយ៖ ធីតា