សុខភាពល្អឬអត់ ក៏ត្រូវការការរួមចំណែកពីបរិស្ថាន ការរស់នៅប្រចាំថ្ងៃរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថាកន្លែងរស់នៅរបស់អ្នក ហាក់ខ្វះផាសុខភាព មិនសូវមានខ្យល់បរិសុទ្ធ ធ្វើឱ្យឆាប់មានអារម្មណ៍ធុញថប់ ស្មុគស្មាញ គេងមិនសូវលក់ អាចសាកល្បងដាំរុក្ខជាតិទាំងនេះក្នុងបន្ទប់ឬផ្ទះរបស់អ្នកបាន។ រុក្ខជាតិ៤មុខខាងក្រោមនេះ មិនត្រឹមតែមានរូបរាងស្រស់ស្អាតដាក់តែងលម្អប៉ុណ្ណោះទេ វាថែមទាំងជួយបន្សុទ្ធខ្យល់កខ្វក់ បញ្ចេញខ្យល់អុកស៊ីហ្សែន ជួយឱ្យសុខភាពបានផងដែរ។
ទី១ ដើមPeace lily៖ ខ្មែរយើងច្រើនហៅថា ប្រទាលនាគស។ ផ្អែកតាមប្រភព architecturaldigest បានឱ្យដឹងថា ដើមរុក្ខជាតិមួយនេះមិនត្រឹមតែមានភាពស្រស់ស្អាត មានស្លឹកនិងផ្កាយ៉ាងទាក់ទាញភ្នែកប៉ុណ្ណោះទេ ថែមទាំងជារុក្ខអស្ចារ្យមួយដែលអាចចម្រោះជាតិពុលក្នុងបរិយាកាសបានយ៉ាងល្អ ដូចជាសារធាតុ បេនហ្សេន(benzene) ទ្រីក្លូអេទីឡែន (trichloroethylene) និងសារធាតុ (formaldehyde)ជាដើម។ អាចដាំវានៅក្នុងបន្ទប់ធ្វើការឬបន្ទប់គេងអាចកម្ចាត់ជាតិពុល វានឹងជួយឱ្យអ្នកគេងលក់ស្រួលផងដែរ។ ចំពោះការដាំមានភាពងាយស្រួលគ្រាន់តែរក្សាដីឱ្យមានសំណើម យើងដាក់នៅកន្លែងត្រូវពន្លឺថ្ងៃដោយប្រយោល។
ទី២ ដើមប្រទាលsnake ៖ ភាគច្រើនគេហៅវាថា ដើមអណ្ដាតពស់ មែកវែងៗរួមទាំងបណ្ដូលពណ៌លឿងរបស់វានិងបញ្ចេញអុកស៊ីហ្សែននៅពេលយប់ ដែលអាចធ្វើឱ្យអ្នកគេងលក់ស្រួលនៅពេលយប់ ដកដង្ហើមបានស្រួល។ ផ្អែកតាមប្រភពដដែល បានឱ្យដឹងថា ដើមអណ្ដាតពស់នេះ ជាកំពូលរុក្ខជាតិបន្សុទ្ធខ្យល់មិនល្អ សារធាតុដែលប៉ះពាល់សុខភាពដូចជា បេនហ្សេន(benzene) ទ្រីក្លូអេទីឡែន (trichloroethylene) សារធាតុ (formaldehyde) និង xylene ជាដើម។ ការដាំ រឹតតែងាយស្រួលអាចដាក់នៅបន្ទប់ធ្វើការ បន្ទប់គេងបាន វាអាចរស់នៅបានដោយពន្លឺគ្រប់ប្រភេទមិនថាពន្លឺថ្ងៃឬអំពូលភ្លើង ហើយគ្រាន់តែធ្វើការស្រោចទឹក១ដងក្នុង១សប្ដាហ៍។
ទី៣ ប្រទាលកន្ទុយក្រពើ ៖ ប្រហែលបងប្អូនធ្លាប់បានដឹងហើយថា ប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៍មហាសាលដល់សុខភាពនិងសម្រស់ ក្រៅពីនោះវាក៏អាចជួបបន្សុទ្ធខ្យល់មិនល្អដូចជារុក្ខជាតិខាងលើដែរ។
ទី៤ ZZ plant ប្រទាលត្រជាក់ចិត្ត ៖ ផ្អែកតាមការចែករំលែករបស់ thespruce បានឱ្យដឹងថា ប្រទានត្រជាក់ចិត្តនេះ ដែលគេចាត់ទុកថាមានប្រយោជន៍បំផុតក្នុងការដាំនៅផ្ទះឬកន្លែងធ្វើការផ្សេងៗ ។ វាអាចជាបន្សាបជាតិពុលពីក្នុងបរិយាកាសបានល្អ ដូចរុក្ខជាតិខាងលើ រួមទាំងកាបូនឌីអុកស៊ីតផងដែរ។ វាងាយស្រួលក្នុងការថែទាំ ដោយគ្រាន់តែស្រោចទឹកពី២សប្ដាហ៍ម្ដង អាចដាក់នៅកន្លែងដែលត្រូវពន្លឺដោយប្រយោលបាន។
អត្ថបទដោយ៖ Senghong