ពេលនារីឈានដល់វ័យ ២០ឆ្នាំ ហើយចេះតែបណ្តោយខ្លួនតាមយថាកម្មនោះ សម្រស់របស់នាងក៏ឆាប់ចាស់ជាងវ័យ និងអនាគតរបស់នាងកាន់តែងងឹតជាមិនខាន។ តាមលោកស្រីវេជ្ជបណ្ឌិត Melinda Steele ជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រពីទម្លាប់រស់នៅសហរដ្ឋអាមេរិកបានបញ្ជាក់ពីទម្លាប់បែបនេះជួយឱ្យនារីៗ មានថាមពល មានអារម្មណ៍ល្អ និងសុខភាពរឹងមាំក្នុងគ្រាអាយុ ២០ឆ្នាំ។
តាមលោកស្រី Melinda Steele បានណែនាំថានារីៗ គួរចំណាយពេលខ្លះធ្វើលំហាត់ប្រាណប្រចាំថ្ងៃដើម្បីប៉ូវរាងកាយឱ្យមាំ មានរាងស្លីម។ បើនារីមានជំងឺទាំងវ័យក្មេងជាការសោកស្តាយពីអនាគតណាស់។ បើនាងមានរូបរាងធាត់ ធ្វើឱ្យនាងកាន់តែអៀនខ្មាស់ថែមទៀត។ នារីៗ អាចធ្វើកីឡារាំ ដើរ រត់ និងចូលចិត្តកីឡាមួយណាក៏បានដែរតាមខ្លួនចូលចិត្តធ្វើសកម្មភាពដើម្បីថែសម្រស់ឱ្យក្មេងជាងវ័យ។
តាមការសិក្សាមួយបានរកឃើញថា នារីអាយុ ២០ឆ្នាំដែលចំណាយពេលធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលប្រាំមួយខែជាប់ៗគ្នា គេនឹងទទួលបានពិន្ទុខ្ពស់គឺមានភាពជឿជាក់លើខ្លួនឯង មានសុខភាពរឹងមាំ រាងស្អាត និងខួរក្បាលសកម្មស្រស់ថ្លាជាងមុន។
នារីៗ ពេលចេញទៅខាងក្រៅគួរតែប្រើឡេការពារកម្តៅថ្ងៃដើម្បីការពារសម្រស់ពីកម្តៅព្រះអាទិត្យ។ ការប្រើឡេការពារកម្តៅថ្ងៃជាទម្លាប់ល្អក្នុងវ័យ ២០ឆ្នាំជាកត្តាចាំបាច់សម្រាប់ស្បែកដែលមានសុខភាពល្អសម្រាប់ជីវិត។ តាមលោកស្រី Steele បាននិយាយថា ស្បែកប៉ះពាល់នឹងកាំរស្មីយូវីនៅវ័យក្មេងជាការរួមចំណែកដល់ ៨០%ជាសញ្ញានៃភាពចាស់ដូចជាស្នាមជ្រួញ បាត់បង់សម្រស់ជាំ និងបង្កើនហានិភ័យជំងឺមហារីកស្បែកថែមទៀត។ ដូចនេះហើយ នារីៗ ប្រើប្រាស់ឡេការពារកម្តៅថ្ងៃសម្រស់ពីការឡើងជាំមុខផងដែរ។
ទម្លាប់សំខាន់មួយដែលនារីៗ ភាគច្រើនខ្វះអត់បាននោះ ការមានវិន័យលើខ្លួនឯងដើម្បីបង្កើតផ្លែផ្កាអនាគតខ្លួនឯង។ ចំពោះនារីខ្ចិល ច្រើនតែគ្មានភាពជឿជាក់លើខ្លួនឯងទេ។ តាមឯកឧត្តម វែង សិរីវុឌ្ឍ បានបញ្ជាក់ថា យើងជាយុវជនទាំងប្រុសទាំងនារីគួរតែប្រកាន់ខ្ជាប់ទម្លាប់មួយ គឺការមានវិន័យលើខ្លួនឯងដើម្បីសាងអនាគត។
ហើយលោកបានបន្តថា ការមានវិន័យដើម្បីគ្រប់គ្រងលើពេលវេលា របៀបដឹកនាំលើការងារ និងរបៀបដឹកនាំការរស់នៅប្រចាំថ្ងៃឱ្យមានស្មារតីម្ចាស់ការលើខ្លួនឯង។ សម្រាប់យុវជនដែលគ្មានវិន័យវិញ តែងចំណាយពេលវេលាឥតប្រយោជន៍ និងគ្មានគោលជំហរច្បាស់លាស់ក្នុងជីវិតនោះទេ។” ទម្លាប់គ្មានវិន័យបែបនេះ ជាការដឹកនាំយុវជនផ្លូវងងឹតហើយ និងអស់កម្លាំងផ្លូវចិត្តផងដែរ។ សូម្បីលោក លី ក្វាន់យូ បាននិយាយថា អ្នកត្រូវដាំវិន័យឱ្យមានក្នុងខ្លួនសិន ដើម្បីឈានដល់ក្តីសុបិនបាន(អនាគត)៕ អត្ថបទដោយ៖ ទ្រ សុភាព