ខួរក្បាលក៏មិនខុសអ្វីពីរាងកាយរបស់យើងដែល វាត្រូវការអាហារ ត្រូវការសាធុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ដើម្បីធ្វើឱ្យវាមានសុខភាពល្អ។ ផ្ទុយទៅវិញនៅពេលខួរក្បាលមិនបានទទួលទានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទទួលបានតែរបស់បំពុល សុខភាពរបស់វានឹងខ្សោយចុះ ដែលបង្កឱ្យផលវិបាកដល់ខ្លួនអ្នកវិញ ដូចជាការគិតអ្វីមិនចេញ ចាក់ស្ត្រេស ការចងចាំខ្សោយចុះ ឬក៏អាចក្លាយជាជំងឺផ្សេងៗទៀត ដែលបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។
ហេតុនេះបើចង់ឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ មិនចាស់មុនអាយុ អ្នកគូរតែបង្កើនការយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃរបស់ខ្លួនឯង។ ផ្អែកតាមគេហទំព័រ Eatwell បានឱ្យដឹងពីអាហារ៤ក្រុម ដែលនឹងបំផ្លាញសុខភាពខួរក្បាលរបស់អ្នកច្រើនបំផុត កាលណាអ្នកនៅបន្តទទួលទានច្រើនជាប្រចាំ។
១ សាច់ក្រហម៖ សាច់ក្រហម រាប់បញ្ចូលសាច់សត្វជាច្រើន ដូចជាសាច់គោ សាច់គោអូស្ត្រាលី សាច់ចៀម សាច់ជ្រូក និយាយរួមសាច់មានពណ៌ក្រហម។ ទទួលទានសាច់ក្រហមច្រើនពេក បង្កើនហានិភ័យជំងឺ ដាច់សរសៃឈាមខួរក្បាល ជំងឺវង្វេង ភ្លេចភ្លាំង ជំងឺប្រព័ន្ធប្រសាទជាដើម។ និយាយដូចនេះ មិនមែនមានន័យថាឱ្យអ្នកកាត់ផ្ដាច់ទាំងស្រុង មិនទទួលទាននោះទេ តែសូមទទួលទានឱ្យមានកម្រិត កុំច្រើនជ្រុលគ្រោះថ្នាក់ដល់ខ្លួនឯង។ ក្នុង1 សប្ដាហ៍គួរទទួលទានត្រឹម ០.៣៤គីឡូក្រាមចុះក្រោមបានហើយ។
២ ភេសជ្ជៈជាតិស្ករខ្ពស់៖ ជារឿងគួរឱ្យសោកស្ដាយបំផុត មនុស្សនាពេលបច្ចុប្បន្នចូលចិត្តទទួលទានភេសជ្ជៈផ្អែមជាប្រចាំថ្ងៃ រហូតដល់អ្នកខ្លះលើកឡើងថាបើមិនបានផឹកជីវិតគ្មានន័យ ធ្វើអ្វីមិនកើត។ ទម្លាប់ទទួលទានជាតិផ្អែមជាប្រចាំ អាចបំផ្លាញសុខភាពអ្នកបានយ៉ាងងាយ ក៏ដូចជាបំផ្លាញសុខភាពខួរក្បាលផងដែរ។ ភេសជ្ជៈផ្អែម បង្កើនហានិភ័យជំងឺវង្វេង ភ្លេចភ្លាំង ខួរក្បាលថយចុះការយល់ដឹង។ កម្រិតជាតិស្ករដែលមិនប៉ះពាល់សុខភាពខ្លាំង ស្ត្រីមួយថ្ងៃគួរទទួលទានជាតិស្ករកុំលើសពី២៤ក្រាម និងបុរសកុំទទួលទានលើសពី៣៦ក្រាមក្នុង១ថ្ងៃ។
៣ គ្រឿងស្រវឹង៖ មនុស្សស្ទើរតែគ្រប់វ័យទៅហើយ ប្រលូកខ្លួនចូលគ្រឿងស្រវឹង ទាំងដែលដឹងថាវាមិនមានផលល្អដល់សុខភាព។ ទទួលទានគ្រឿងស្រវឹង អាចធ្វើឱ្យអ្នកមានអារម្មណ៍ថាសប្បាយ ស្រស់ស្រាយ បន្ធូរអារម្មណ៍ តែជាមួយគ្នានេះទទួលទានច្រើនជាប្រចាំ វាជះឥទ្ធិពលអាក្រក់ដល់ខួរក្បាល និងមុខងារចងចាំយ៉ាងខ្លាំង។ អ្នកស្រី Caroline Thomason អ្នកជំនាញចំណីអាហារ បានលើកឡើងថា សូម្បីតែទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមក៏ដោយ វាអាចធ្វើឱ្យថយចុះសារធាតុពណ៌ប្រផេះ ដែលធ្វើឱ្យខួរក្បាលមានការយល់ដឹងថយចុះ។ ហេតុនេះអ្នកគួរកាត់បន្ថយ បើចង់រស់នៅបានយូរ ដោយមានសុខភាពល្អ។
៤ អាហារកែច្នៃ៖ អាហារដែលកំពុងមានការពេញនិយមខ្លាំង ពពួកអាហារកែច្នៃ កំប៉ុង កញ្ចប់ ដែលមានសារធាតុរក្សាទុកបានយូរ បន្ថែមពណ៌ បន្ថែមក្លិន រសជាតិ ទាំងអស់នេះសុទ្ធតែមានគ្រោះថ្នាក់ដល់សុខភាពនិងខួរក្បាល។ ជាទទួលទានអាហារកែច្នៃ ច្រើនពេកក៏បានផ្សារភ្ជាប់ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ មិនមែនហាមមិនឱ្យទទួលទានសោះ តែសូមកាតបន្ថយឱ្យនៅក្នុងកម្រិតតិចបំផុត យូរៗម្ដង៕
អត្ថបទដោយ៖ Senghong