វិបត្តិរបស់មនុស្សសម័យថ្មី គឺងាយប្រឈមនឹងហានិភ័យនៃការភ្លេចភ្លាំងច្រើន ដោយសារតែកត្តាស្ត្រេសរុំារ៉ៃ តានតឹងរាល់ថ្ងៃ ផលវិបាកនៃការប៉ះទង្គិច និងបញ្ហាបាត់បង់កោសិកា ដោយសារការវិវត្តវ័យ។ ហេតុនេះហើយ ដើម្បីដោះស្រាយនូវបញ្ហាកើតមានជាប្រចាំនេះ ក្រុមគ្រូពេទ្យជំនាញរមែងណែនាំមនុស្សគ្រប់វ័យឱ្យទទួលទាននូវអាហាររូបត្ថម្ភគ្រប់គ្រាន់រាល់ថ្ងៃ ញុំាទឹកឱ្យបានច្រើន និងគេងឱ្យបានគ្រប់ស្របតាមលក្ខខណ្ឌវេជ្ជសាស្ត្រណែនាំ។
ទន្ទឹមនឹងនេះផងដែរ តាមការចុះផ្សាយរបស់ webmd លើកឡើងនូវវីតាមីនមួយប្រភេទដែលមានសមត្ថភាពពិសេសក្នុងការថែរក្សាខួរក្បាលរបស់មនុស្សគ្រប់វ័យ គឺ ប្រភេទវីតាមីនB ដូចជា វីតាមីនB12 ត្រូវគេរកឃើញថា មានរក្សាទុកនៅក្នុងថ្លើម និងដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធដំណើរការឈាមរត់។
ជារឿយៗបញ្ហានៃការកង្វះវីតាមីន B12 នេះ អាចនឹងធ្វើឱ្យស្ថានភាពសុខភាពងាយធ្លាក់ចូលទៅនឹងជំងឺដូចជា៖ វង្វេងរង្វាន់ ជំងឺក្រិនច្រើនប្រភេទ ជំងឺសរសៃប្រសាទផ្សេងៗ ជំងឺផ្លូវចិត្ត (ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ឬជំងឺ Bipolar) ជំងឺសរសៃឈាមបេះដូង ជំងឺ (Autoimmune) និងមហារីក...។
ក្នុងករណីកម្រិតមធ្យមនៃស្ថានភាពសុខភាពកង្វះវីតាមីនB12 អាចបណ្តាលឱ្យបាត់បង់ការចងចាំ ការថយចុះការយល់ដឹង អ័ព្ទខួរក្បាល ការថយចុះនៃការចល័ត និងការឈឺចាប់ពាសពេញរាងកាយ។ ចំពោះសញ្ញារាងកាយមួយចំនួន ដែលអាចសង្កេតដឹងថា មានបញ្ហាកង្វះវីតាមីន B12 រួមមាន៖ ស្ពឹកដៃ ឬជើង, ពិបាកដើរ,ភាពស្លេកស្លាំង, ហើម ឬរលាកអណ្តាត, ស្បែកលឿង, ច្រើនមានអារម្មណ៍ច្របូកច្របល់ ឬយល់ច្រឡំ,អស់កម្លាំងដោយគ្មានមូលហេតុ។
ផលវិបាករយៈពេលវែងនៃការកង្វះវីតាមីន B12 កម្រិតខ្ពស់ ចំពោះមនុស្សចាស់ពាក់ព័ន្ធនឹងកម្សោយនៃការបង្កើតកោសិកាឈាមក្រហម ការរំលាយអាហារថយចុះ មុខងារសរសៃប្រសាទចុះខ្សោយ សុខភាពឆ្អឹងខ្សោយ និងផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងជំងឺសរសៃប្រសាទ ដូចជាជំងឺវង្វេង...ជាដើម។
អាស្រ័យហេតុនេះ ស្របតាមលក្ខខណ្ឌការងារប្រសើរជាងព្យាបាល បុគ្គលគ្រប់រូបគួរយកចិត្តទុកដាក់ទទួលទាននូវក្រុមអាហារណាសម្បូរទៅដោយវីតាមីន ជាពិសេសសារជាតិវីតាមីនB ដែលមាននៅក្នុងចំណីអាហាររួមមានដូចជា៖ គ្រាប់ធញ្ញជាតិ ស៊ុត ទ្រូងមាន់ ត្រី ថ្លើម សាច់គោ គ្រឿងសមុទ្រ ទឹកដោះ...ជាដើម។ ដោយឡែកសម្រាប់សុខភាពក្រុមមនុស្សដែលមានវ័យរាងជ្រេរបន្តិចគួរតែទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីទទួលបាននូវប្រភេទវីតាមីនBដែលសាកសមបំផុតសម្រាប់បំប៉នសុខភាពរបស់ខ្លួន៕
អត្ថបទដោយ៖ ប៉ាវ ភក្តី