ផ្នែកតាមប្រភពHealthline កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កន្លងមកបានឱ្យដឹងថា មានករណីរាតត្បាតជំងឺថ្មី ផ្ដាសាយប៉េងប៉ោះ(Tomato Flu) ជាង១០០ករណីលើ កុមារជនជាតិឥណ្ឌា។ លោក Hannah Newman , MPH, ប្រធានផ្នែកការពារការឆ្លងមេរោគនៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុងញូវយ៉ក បានពន្យល់ថា "មេរោគនេះត្រូវបានគេដាក់ឈ្មោះថា គ្រុនផ្តាសាយប៉េងប៉ោះ ដោយផ្អែកលើពងបែកក្រហម និងឈឺចាប់ ដែលវាបណ្តាលឱ្យរូបរាងក្រហមផ្ទាំងៗដូចផ្លែប៉េងប៉ោះ" ។
អ្នកជំងឺភាគច្រើនមានរោគសញ្ញាដូចស្រដៀងនិងជំងឺដែលឆ្លងពីមូសខាំដូចជាជំងឺគ្រុនឈាម ដែលចេញសញ្ញា គ្រុនក្ដៅខ្លាំង ឡើងកន្ទួលក្រហម ពងបែក ឈឺចាប់តាមសន្លាក់ អស់កម្លាំង ចង្អោរ ក្អួត រាគ ខ្សោះជាតិទឹក ហើមសន្លាក់ ឈឺរាងកាយ និងរោគសញ្ញាដែលស្រដៀងនឹងជំងឺផ្តាសាយ។ លោក Hannah Newman ឱ្យដឹងបន្ថែមថាជំងឺនេះ ទំនងជាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺឬរបស់ដែលអ្នកជំងឺប្រើប្រាស់ គេមិនទាន់រកឃើញថាវាអាចចម្លងតាមរយៈខ្យល់ដូចជំងឺកូវីដ១៩នោះទេ។ ម្យ៉ាងទៀត ជំងឺនេះនៅមិនទាន់មានការសិក្សាច្បាស់លាស់ណាមួយ រកឃើញពីប្រភពថាចម្លងមកពីណានៅឡើយទេ។
គួរឱ្យដឹងផងដែរ ជំងឺនេះនៅមិនទាន់មានការគំរាមកំហែងខ្លាំងដល់អាយុជីវិតនៅឡើយទេ ហានិភ័យនៃការឆ្លងក៏នៅទាបផងដែរ។ អ្វីដែលជាការព្រួយបារម្ភគេមិនដឹងថាភាពស៊ាំរបស់មនុស្សចាស់អាចការពារការវិវត្តនៃជំងឺនេះបានឬអត់។ ជាមួយគ្នានេះ ជំងឺថ្មី ផ្ដាសាយប៉េងប៉ោះនេះនៅមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ យ៉ាងណាមិញ គេនៅតែបន្តតាមដាន និងទប់ស្កាត់ ដើម្បីកុំឱ្យមានការចម្លងកាន់តែកើតឡើង ទាំងកុមារនិងមនុស្សធំ៕
អត្ថបទដោយ៖ Senghong