នៅប្រទេសកម្ពុជា ទឹកអំពៅគឺ ជាភេសជ្ជៈមួយប្រភេទដែលមានការពេញនិយមញ៉ាំខ្លាំងគួរសម ដោយសារទីមួយ មានតម្លៃធូរថ្លៃហើយមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងជួយថែសម្រស់ឱ្យក្មេងផងដែរ។
នៅក្នុងគេហៈ ទំព័រ Versionweekly.Com បានឱ្យដឹងថា ទឹកអំពៅ គឺសម្បូរបរិមាណប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឱ្យរាងកាយរបស់អ្នកចុះត្រជាក់ផ្ដល់សំណើមដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកធ្វើឱ្យថ្លើមរបស់អ្នកមានសុខភាពល្អ និងមានភស្តុតាងមួយចំនួនបង្ហាញថាអាចជួយការពារជំងឺមហារីក។
ទឹកអំពៅត្រូវបានគេចាតុទុកថាជាភេសជ្ជៈដែលផ្ដល់នូវសុខភាពល្អបំផុតជាងភេសជ្ជៈមួយចំនួនផ្សេងទៀត ហើយខាងក្រោមនេះ គឺជាបញ្ជីអត្ថប្រយោជន៍នៃទឹកអំពៅដែលលោកអ្នកគួរតែដឹង៖
ការពារជំងឺមហារីក៖ ទឹកអំពៅមានជាតិអាល់កាឡាំងនៅក្នុងធម្មជាតិដោយសារតែកំហាប់កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងម៉ង់ហ្គាណែសខ្ពស់ជួយការពារជំងឺដូចជាមហារីក។ គួរបញ្ជាក់ថា ទឹកអំពៅជួយប្រឆាំងជំងឺមហារីកជាច្រើនប្រភេទដូចជា មហារីកក្រពេញប្រូស្ដាត និង មហារីកសុដន់។
ការពារជំងឺបេះដូង៖ ទឹកអំពៅត្រូវបានគេដឹងថាមានសារធាតុដែលអាចជួយការពារបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ព្រោះវាជួយកាត់បន្ថយកម្រិតកូឡេស្ដេរ៉ុលមិនល្អនៅក្នុងខ្លួន។
ជួយក្នុងការកាត់បន្ថយទំងន់៖ ដោយសារទឹកអំពៅជួយកាត់បន្ថយកូលេស្ដេរ៉ុលអាក្រក់នៅក្នុងខ្លួន និងមានជាតិស្ករធម្មជាតិជួយកាត់ក្នុងការកាត់បន្ថយទំងន់ ហើយទឹកអំពៅមានជាតិសរសៃរលាយខ្ពស់ដែលជាជំនួយក្នុងការសម្រកទំងន់។
ជួយការពារស្បែក៖ សារធាតុនៅក្នុងទឹកអំពៅជួយប្រឆាំងនឹងការឡើងមុនលើមុខ កាត់បន្ថយភាពចាស់នៃស្បែក ជួយកាត់បន្ថយស្នាមជាំនិងជួយការពារស្បែកឱ្យមានសំណើម។
គួរបញ្ជាក់ផងដែរថា បើទោះជាទឹកអំពៅមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខនិងជួយសម្រស់ក៏ដោយ ក៏ប៉ុន្តែអ្នកក៏ត្រូវតែញ៉ាំឱ្យត្រូវពេលវេលានិង តាមកម្រិតបរិមាណផងដែរ។
ក្នុងនោះ ពេលវេលាដែលអ្នកគួរតែញ៉ាំ គឺពេលថ្ងៃ ពេលរសៀលឬ បន្ទាប់ពីការហាត់ប្រាណក៏ជាពេលល្អផងដែរ ពីព្រោះវាអាចជួយបំពេញជាតិទឹកឱ្យរាងកាយក្រោយពេលអ្នកបែកញើសបាត់បង់ជាតិទឹកច្រើន។ សម្រាប់ពេលវេលាដែលអ្នកមិនគួរបរិភោគនោះគឺ ពេលល្ងាច ឬ ពេលយប់ ជាពេលវេលាដែលរាងកាយសម្រាក ដូច្នេះប្រសិនអ្នកញ៉ាំនៅកំឡុងពេលនេះវាអាចធ្វើឱ្យអ្នកឡើងគីឡូ ឬ សល់ជាតិស្ករក្នុងខ្លួនផងដែរ។
ដោយឡែក ចំពោះបរិមាណដែលអ្នកគួរតែញ៉ាំហើយល្អបំផុតសម្រាប់សុខភាពនោះគឺ មួយថ្ងៃមួយកែវ ការញ៉ាំបរិមាណត្រឹមនេះគឺមិនធ្វើឱ្យអ្នកឡើងគីឡូ ឬ លើសជាតិស្ករក្នុងខ្លួនឡើយ។
ដូចនេះ ល្អបំផុតអ្នកគួរតែទទួលទានទឹកអំពៅឱ្យបានញឹកញាប់ដើម្បី ទទួលបានសុខភាពល្អ ការពារជំងឺកាចសាហាវផ្សេងមួយចំនួន និងជាពិសេស ទឹកអំពៅមានតម្លៃមិនថ្លៃនោះទេ អ្នកអាចចំណាយលុយទិញញ៉ាំបានដែលល្អជាជាងការចំណាយលុយទៅភេសជ្ជៈកំប៉ុងមួយចំនួនធ្វើឱ្យប៉ះពាល់សុខភាព ។
អត្ថបទដោយ៖ តឹក ស៊ីថា