មុនអរម៉ូនត្រូវបានគេដឹងថាជាមុនដែលកើតឡើងដោយសារការប្រែប្រួលអ័រម៉ូននៅក្នុងរាងកាយ។ មុនប្រភេទនេះភាគច្រើនកើតទៅលើស្ត្រីដែលមានវ័យចន្លោះពី ២០ ទៅ ៤០ឆ្នាំ។ ជាការពិតទៅ ក្រៅពីការប្រែប្រួលអ័រម៉ូននៅក្នុងរាងកាយ វាក៏អាចបណ្ដាលមកពី ភាពតានតឹង ឬគេងមិនលក់, រៀបចំរបបអាហារមិនបានត្រឹមត្រូវ, ការប្រើប្រាស់គ្រឿងសម្អាងច្រើនពេក ក៏ដូចជាការមើលថែទាំស្បែកមិនបានល្អ ជាដើម។
យ៉ាងណាក៏ដោយ ថ្វីដ្បិតថាមុនប្រភេទនេះងាយកើតឡើង ធ្វើឱ្យស្ត្រីជាច្រើនមានកង្វល់ ប៉ុន្តែអ្នកឈប់មានកង្វល់ទៀតទៅព្រោះអ្នកអាចដោះស្រាយវាតាមរយៈវិធីសាស្ត្រងាយៗដូចជា៖ កុំប្រើផលិតផលច្រើនលើស្បែក មនុស្សជាច្រើនគិតថា ការថែស្បែកឱ្យល្អត្រូវប្រើផលិតផលច្រើន។ តែជាក់ស្តែង វាមិនបានផលទេតែវាអាចធ្វើឱ្យស្បែករលាក ឬមានមុនកាន់តែច្រើន។ ស្បែកមុខយើងមានប្រព័ន្ធធម្មជាតិដើម្បីការពារ និងស្តារឡើងវិញ ដូច្នេះការថែស្បែកសាមញ្ញ ប៉ុន្តែឱ្យទៀងទាត់គឺល្អជាង។ តាមរយៈគេហទំព័រ Healthline របស់ ៣ យ៉ាងដែលអ្នកមិនត្រូវរំលងគឺ៖
១. អ្នកអាចប្រើ Cleanser សម្រាប់ជូតសម្អាតមុខ៖ ព្រោះវាមានសមត្ថភាពអាចជួយយកកំទេចកំទី ប្រេង និងធូលីចេញពីស្បែកបានល្អ។ ត្រូវជ្រើសរើសប្រភេទ Cleanser ណាមួយដែលត្រូវសម្រាប់ស្បែកងាយកើតមុន ឬ “for sensitive / acne-prone skin”។ ត្រូវលាងមុខឱ្យបានជាប្រចាំពេលព្រឹក និងមុនចូលគេង មិនត្រូវលាងមុខច្រើនដងពេកទេ ព្រោះវាអាចធ្វើឱ្យស្បែកស្ងួត និងរលាក។
២. លាប Moisturizer ផ្ដល់ជាតិសំណើមដល់ស្បែក៖ ស្បែកខ្លាញ់ក៏ត្រូវការជាតិសំណើមដែរ ព្រោះវាជួយរក្សាសមតុល្យរវាងប្រេង និងទឹកក្នុងស្បែក។ Moisturizer ភាគច្រើនច្រើនគេប្រើក្រោយពេលលាងមុខរួចដើម្បីធ្វើឱ្យស្បែកទន់ និងមិនងាយមានស្នាញជ្រួញ។ ចំពោះប្រភេទ Moisturizer អ្នកអាចជ្រើសរើសជាប្រភេទ “oil-free” ឬ “non-comedogenic” ដើម្បីផ្ចិតរន្ធញើស)
៣. លាបឡេការពារកម្តៅថ្ងៃ (Sunscreen) ឱ្យជាប់៖ ចំណុចនេះសំខាន់ណាស់សម្រាប់មនុស្សដែលមានមុន ព្រោះថាពន្លឺព្រះអាទិត្យអាចបង្កឱ្យស្បែកងាយរលាក និងកើតមុនច្រើន។ ការលាបឡេការពារកម្ដៅថ្ងៃជាអ្វីដែលអ្នកមិនគួរមើលរំលេងមិនថាអ្នកនៅក្រោមកម្ដៅថ្ងៃ ឬនៅក្នុងផ្ទះក៏ដោយ (សូម្បីពន្លឺកុំព្យូទ័រ និងទូរទស្សន៍ក៏ធ្វើឱ្យប៉ះពាល់ស្បែកដែរ)។ ចំពោះ ឡេការពារកម្ដៅថ្ងៃអ្នកអាចជ្រើសរើសជាប្រភេទ “oil-free” ឬ “for acne-prone skin” ឬជ្រើសរើសផលិតផលមួយដែលសមស្របជាមួយស្បែករបស់អ្នក។
ដូច្នេះ ការថែស្បែកមិនចាំបាច់ស្មុគស្មាញអ្វីច្រើនទេ ឱ្យតែអ្នកអនុវត្តជំហ៊ានតូចៗដែលជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកទាំងនេះឱ្យបានខ្ជាប់ខ្ជួននោះ នឹងអាចជួយឱ្យស្បែករបស់អ្នកស្រស់ស្អាតឡើងវិញ ថែមទាំងមានសុវត្ថិភាពទៀតផង។៕
អត្ថបទដោយ៖ សារួ