ការទល់លាមក គឺជាផ្នែកមួយនៃបញ្ហាទូទៅរបស់ក្រពះពោះវៀន ដែលបណ្តាលមកពីភាពខ្សោយនៃ ចលនាពោះវៀន។ ជាទូទៅការបន្ទោរបង់ដែលត្រូវបានចាត់ទុកថាធម្មតាគឺជាការបន្ទោរបង់ប្រហែល បីដងក្នុងមួយសប្តាហ៍ ប៉ុន្តែអាចអាស្រ័យទៅតាមបុគ្គលម្នាក់ៗ។ បញ្ហានៃការរំលាយអាហារអាច បណ្តាលឱ្យលាមករឹង និងពិបាកក្នុងការបន្ទោរបង់ នៅបេលដែលអាហារឆ្លងកាត់យឺតពេកតាមរយៈ ការបឺតស្រូបសារជាតិទឹកច្រើនពេកនៃពោះវៀនធំ ធ្វើឱ្យលាមករឹង និងស្ងួត។
រោគសញ្ញាមួយចំនួននៃអាការៈទល់លាមករួមមាន៖
-ចុកពោះ
-ហើមពោះ ឬមានសភាពមិនសុខស្រួលនៅក្នុងពោះ
-មិនឃ្លានអាហារ
-ឈឺចាប់ ឬហូរឈាមនៅពេលបន្ទោរបង់
-ទល់ផោម
មូលហេតុទូទៅនៃអាការៈទល់លាកមរូមមាន៖
-ការប្រើបា្រស់ថ្នាំ៖ ឱសថមួយចំនួនអាចកាត់បន្ថយការរំលាយអាហាររួមមាន ឱសថបំបាត់ការឈឺចាប់ ថ្នាំបំប៉ននៃសារជាតិដែក ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំដែលមានសារជាតិកាល់ស្យូម ថ្នាំបញ្ចុះទឹកនោម និងពពួកឱសថប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តជាដើម។
-របបអាហារ និងរបៀបនៃការរស់នៅ៖ ការទទួលទានអាហារដែលមានសារជាតិសរសៃនូវបរិមាណគ្រប់គ្រាន់នៅក្នុងរបបអាហារ នោះធ្វើឱ្យអ្នកអាចកាត់បន្ថយអាការៈទល់លាមក ដោយសារសារជាតិសរសៃអាចជួយជំរុញចលនារបស់ពោះវៀន។ កត្តានៃការទទួលទានទឹកមិនគ្រប់គ្រាន់ និងទទួលទានសារជាតិផ្អែមច្រើនក៏ជាផ្នែកមួយធ្វើឱ្យលាមករឹងផងដែរ។ កត្តារស់នៅមួយចំនួនដូចជាការអសកម្មភាពនៃរាងកាយក៏ជាផ្នែកមួយធ្វើឱ្យអ្នកមានបញ្ហនៃការបន្ទោរបង់ផងដែរ។
-ស្ថានភាពផ្នែកវេជ្ជសាស្រ្ត៖ ការមានផ្ទៃពោះ កត្តាអាយុ( វ័យចាស់) រួមទាំងកត្តាជំងឺ ដូចជាជំងឺទឹកនោមផ្អែម ជំងឺរលាកពោះវៀនធំ ជំងឺវង្វេងវង្វាន់ បញ្ហាដុំសាច់ក្នុងពោះវៀន របូសខួរឆ្អឺងខ្នង ជំងឺសរសៃឈាម និងមហារីកជាដើម។
ជាបឋមអាការៈទល់លាមកអាចមានសភាពធូរស្បើយដោយខ្លួនឯង ដោយគ្រាន់តែអ្នកផ្លាល់ប្តូរទម្លាប់ នៃការរស់នៅមួយចំនួន ដូចជាព្យាយមទទួលទានទឹកឱ្យបានច្រើន បង្កើនចលនារាងកាយ និងការផ្លាល់ប្តូររបបនៃការទទួកទានអាហារ។ ចំពោះរោគសញ្ញាទល់លាមកនោតែបន្ត និងបង្កឱ្យមាន ផលរំខានដល់អ្នក សូមជួប ឬពិគ្រោះយោលបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីអ្នកអាចទទួលបានការណែនាំ ឬព្យាបាលទៅតាមស្ថានភាពជាក់លាក់៕
អត្ថបទដោយ៖ សែម សុធារី