ជាធម្មតាជារៀងរាល់ខែ ស្ត្រីមានផ្ទៃពោះតែងតាមដាននិងធ្វើការពិនិត្យអេកូ ដើម្បីឱ្យដឹងពីស្ថានភាពការលូតលាស់របស់កូនក្នុងផ្ទៃ។ ដោយឡែកអ្វីដែលម៉ាក់ៗនៅកម្ពុជាមួយចំនួនធំយល់ខុស ពីពេលមានផ្ទៃពោះ គឺពួកគាត់ផ្ដោតសំខាន់លើការពិនិត្យអេកូតែមួយមុខប៉ុណ្ណោះ មិនបានផ្តោតសំខាន់លើការពិនិត្យផ្ទៃពោះនោះទេ។
ការយល់ច្រឡំមិនមែនជារឿងធម្មតានោះទេ គឺអាចនាំគ្រោះភ័យដល់អាយុជីវិតម្ដាយនិងកូនបានគ្រប់ពេល ប្រសិនបើមិនតាមដានផ្ទៃពោះបានត្រឹមត្រូវ។ វេជ្ជបណ្ឌិត ហួត អាលីស ជាវេជ្ជបណ្ឌិតឯកទេសសម្ពពនិងរោគស្ត្រី ប្រចាំការនៅមន្ទីរពហុព្យាបាល និងសម្ភពសោភាបានឱ្យដឹងថា មានស្ត្រីមានផ្ទៃពោះជាច្រើនណាស់នៅកម្ពុជាដែលពួកគាត់យល់ច្រឡំរឿងនេះ ពេលមានផ្ទៃពោះមិនមែនគ្រាន់តែពិនិត្យត្រឹមអេកូគ្រប់គ្រាន់នោះទេ តែត្រូវការតាមដានផ្ទៃពោះ គឺជាតាមដានសុខភាពម្ដាយផ្ទាល់ផងដែរ។
ម៉ាក់ៗមួយចំនួនធំ ពួកគាត់យល់ថា ការពិនិត្យផ្ទៃពោះ គឺជាការពិនិត្យអេកូ ការវាស់គីឡូ វាស់សម្ពាធឈាមតែប៉ុណ្ណឹងគ្មានអ្វីសំខាន់ដែលត្រូវតាមដាន ជាប្រចាំទេ។ តាមពិតមិនដូច្នោះទេ វេជ្ជបណ្ឌិត ហួត អាលីស បានឱ្យដឹងថាការពិនិត្យផ្ទៃពោះគោលបំណងធំ គឺវាយតំលៃសុខភាពម្តាយជារៀងរាល់ខែ ស្វែងរកសញ្ញាគ្រោះថ្នាក់នាៗដែលអាចកើតឡើងកំឡុងពេលពពោះ និងធ្វើការគ្រប់គ្រងព្យាបាលផលវិបាកផ្សេងៗអោយបានទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើម្តាយនិងកូន។ ក្នុងពិនិត្យផ្ទៃពោះដែលចាំបាច់ម៉ាក់ៗគ្រប់រូបមិនគួររំលង រួមមាន៖
- ការវាស់គីឡូ និងការវាស់សម្ពាធឈាម ដើម្បីបង្កាជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងបង្ការទុកមុនកុំឱ្យកើតមានជំងឺបម្រុងក្រឡាភ្លើង
- ការវាស់កម្ពស់ស្បូន ដើម្បីឱ្យដឹងថាសមស្របតាមអាយុគក៌លូតលាស់ឬអត់
- ចាក់វ៉ាក់សាំងតេតាណូស ការផ្ដល់ថ្នាំជាតិដែក និងណែនាំអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ
- ការពិនិត្យឈាមស្ត្រីមានផ្ទៃពោះ មើលពីគ្រាប់ឈាមស គ្រាប់ឈាមក្រហម មុខងារកំណក់ឈាម រយៈពេលនៃការកក់ឈាម ដើម្បីអាចការពារការហូរឈាមច្រើនក្រោយសម្រាល ឬការខ្វះឈាម ដែលធ្វើឱ្យកូនលូតលាស់មិនល្អ ឬបង្ការជាមុន ក្នុងករណីស្ត្រីមានឈាមក្រកក់ គ្រោះថ្នាក់ដល់ទាំងជិវីតម្ដាយទៀត។
- ពិនិត្យមុខងារថ្លើម ពីមេរោគរលាកថ្លើមB ឬC និងរកមេរោគHIV ប្រសិនបើមានមែន អាចទប់ស្កាត់ហានិភ័យចម្លងពីម្ដាយទៅកូន ទោះមិនបាន១០០% ក៏បន្ថយហានិភ័យបានច្រើន។
- ពិនិត្យរកជាតិប្រៃ ឬផ្អែមក្នុងទឹកនោម។
- ពិនិត្យរកមេរោគស្វាយ ប្រមេះ ដើម្បីការពារ ក្នុងករណីស្ត្រីឆ្លងមេរោគនេះងាយនឹងធ្វើឱ្យកូនមានបញ្ហាត្រចៀក ភ្នែក បេះដូង កូនកើតមុនខែ និងអាចស្លាប់ក្នុងផ្ទៃថែមទៀត។
គ្រោះថ្នាក់ទាំងអស់នេះ សុទ្ធតែអាចកើតឡើងបានគ្រប់ពេល ប្រសិនបើម៉ាក់ៗគ្រប់រូបធ្វេសប្រហែស មិនបានពិនិត្យផ្ទៃពោះបានត្រឹមត្រូវ។ តាំងពីថ្ងៃដំបូង ដែលដឹងខ្លួនថាមានផ្ទៃពោះ ម៉ាក់ៗគ្រប់រូប គួរទៅជួបពិនិត្យជាមួយគ្រូពេទ្យដើម្បីឱ្យប្រាកដថាគ្មានភាពមិនប្រក្រតីណាមួយ កើតលើទារកក៏ដូចជាម្ដាយផ្ទាល់។ វេជ្ជបណ្ឌិត ហួត អាលីស ក៏បានឱ្យដឹងដែរថា ជាទូទៅស្រ្តីមានផ្ទៃពោះត្រូវពិនិត្យផ្ទៃពោះតាមការរៀបរាប់ខាងលើ ឱ្យបាន៨ដងក្នុងអំឡុងពេលមានផ្ទៃពោះ កុំទៅពិនិត្យមើលតែអេកូមើលភេទកូន និងការលូតលាស់របស់កូនតែមួយមុខ។
មែនទែនទៅស្ត្រីមានផ្ទៃពោះគ្រប់រូប គួរតែត្រៀមលក្ខណៈ ជ្រើសរើសគ្លីនិកសម្ពពណាមួយដែលងាយស្រួលក្នុងការទៅពិនិត្យនិងតាមដានសុខភាពជាប្រចាំ ដើម្បីងាយស្រួលករណីមានគ្រោះថ្នាក់ចៃដន្យណាមួយអាចសង្គ្រោះបានទាន់ពេលវេលា។ ជាចុងក្រោយ សូមម៉ាក់ៗគ្រប់រូប យល់ដឹងពីការតាមដានសុខភាពខ្លួនឯង ដូចការរៀបរាប់ខាងលើ ដើម្បីទទួលបានសុខភាពល្អ សុវត្ថិភាពទាំងម្ដាយនឹងកូន៕
អត្ថបទដោយ៖ Senghong