គ្រាប់ពេជ្រកម្ពុជា បានបន្តរះឡើងជាបន្តបន្ទាប់ កីឡាករ កីឡាការិនីកម្ពុជា បានចូលរួមប្រកួតដើម្បីយកឈ្នះ មេដាយជូនជាតិមាតុភូមិ។ អ្វីដែលរឹតតែមានមោទនភាព គ្រាប់ពេជ្រឆ្នើមរបស់កម្ពុជា កីឡាការរិនី ពៅ សុខា បានបើទ្វារប្រវត្តិសាស្រ្តមួយ ដោយកញ្ញាបានតែម្នាក់ឯង បានប្រកួតឈ្នះមេដាយរហូតដល់ទៅ៥គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងចំណោមមេដាយទាំង៥គ្រឿង រួមមានមេដាយមាស៣គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសម្រិត១គ្រឿង លើប្រភេទកីឡាវ៉ូវីណាម លើប្រភេទវិញ្ញាសារផ្សេងៗគ្នា។ និយាយយ៉ាងរំជួលចិត្តទាំងអួលដើមក កីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ បាននិយាយថា "មេដាយដែលខ្ញុំទទួលបាននេះ គឺដើម្បីប្រជាពលរដ្ឋកម្ពុជាទាំងអស់តែម្ដង"។ ជ័យជម្នះនេះ ពិតជាបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាជាច្រើន រំភើបចិត្ត អបអរសាទរ និងធ្វើការអរគុណដល់អត្តពុលិកកម្ពុជា ចំពោះការខិតខំប្រឹងប្រែង ដើម្បីមុខមាត់កម្ពុជាទាំងមូល។
គួរឱ្យដឹងផងដែរថា ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាវ៉ូវីណាម ត្រូវបានបិទបញ្ចប់ការប្រកួតហើយ កាលពីថ្ងៃទី០៩ ខែឧសភា កន្លងមកនេះ៕
អត្ថបទដោយ៖ Senghong