ប្រសិនបើយើងសង្កេតមកមើលពីផលិតផលប្រេងពេញនិយមជាងគេនៅប៉ែកអាស៊ី និងអឺរ៉ុប វត្តមាន ប្រេងបន្លែ និងប្រេងអូលីវ ត្រូវបានចាត់ទុក ជាផលិតផលមានតម្រូវការខ្ពស់ក្នុងទីផ្សារ។ ក៏ប៉ុន្តែក៏មានជាចម្ងល់មួយបានចោទឡើងថា តើប្រេងទាំង២ប្រភេទនេះ មួយណាល្អសម្រាប់សុខភាពប្រចាំថ្ងៃស្របពេលដែលប្រេងបន្លែត្រូវបានមនុស្សទូទាំងពិភពលោកជ្រើសយកមកប្រើប្រាស់ច្រើន?
ផ្អែកតាមប្រភព Healthlin.com បង្ហាញឱ្យឃើញថា ប្រេងបន្លែ និងប្រេងអូលីវ ត្រូវបានគេចម្រាញ់ចេញពីវត្ថុធាតុដើមផ្សេងគ្នា។ ដោយប្រេងបន្លែ បានផលិតចេញពីប្រភពគ្រាប់ធញ្ញជាតិ និងរុក្ខជាតិមួយចំនួនដូចជា សណ្តែកសៀង សណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន ពោត...ជាដើម។ ចំណែកប្រេងអូលីវត្រូវបានផលិតចេញពីផ្លែអូលីវតែម្តង។
បើនិយាយអំពីអត្ថប្រយោជន៍នីមួយៗនៃប្រេងទាំង២វិញ ប្រេងអូលីវ និងប្រេងបន្លែមានផ្ទុកអាស៊ីតខ្លាញ់មិនឆ្អែត ដោយប្រេងអូលីវមានបរិមាណច្រើននៃខ្លាញ់ monounsaturated ដូចជាអាស៊ីត oleic អាស៊ីត linoleic និងអាស៊ីត palmitic។ រីឯប្រេងបន្លែភាគច្រើនមានអាស៊ីតខ្លាញ់ polyunsaturated និងអូមេហ្គា៦។
ខ្លាញ់ Monounsaturated ត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក និងថែរក្សាសុខភាពបេះដូង ចំណែកឯខ្លាញ់ polyunsaturated និងអូមេហ្គា៦ អាចបង្កជាការរលាក និងប៉ះពាល់ដល់សុខភាពបេះដូង ប្រសិនបើទទួលទានច្រើនពេក។
ចំពោះប្រេងអូលីវសុទ្ធ បានឆ្លងកាត់ការកែច្នៃតិចតួចបំផុត ហេតុនេះហើយទើបវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាកដូចជា តូកូហ្វឺរ៉ូល carotenoids និងប៉ូលីហ្វេណុល។ ប្រេងអូលីវចម្រាញ់តិចតួចក៏រក្សាមីក្រូសារជាតិមួយចំនួនផងដែរ ដូចជាវីតាមីន E និង K ផងដែរ។ ផ្ទុយទៅវិញ ប្រេងបន្លែ គឺជាល្បាយដែលទាមទារឱ្យមានការចម្រាញ់ខ្ពស់ ដែលកត្តាមួយបង្កឱ្យមានជាតិខ្លាញ់រលាក និងខ្វះមីក្រូសារជាតិ។