ជាការពិតណាស់ ជណ្ដើរយន្ដពិតជាមានគុណសម្បត្តិជាច្រើនដូចជា កាត់បន្ថយពេលវេលានៅពេលផ្លាស់ទៅកាន់ជាន់ខ្ពស់ៗ សន្សំកម្លាំង សម្រួលដល់ចលនាដង្ហើម និងជាពិសេស វាកាន់តែងាយស្រួលក្នុងការលើកជញ្ជូនអីវ៉ាន់ធ្ងន់ៗ។ ចំណែកជណ្ដើរជើងវិញ មនុស្សចាស់មួយចំនួនមិនចូលចិត្តប្រើប្រាស់ឡើយ ដោយសារតែកម្លាំងរបស់ពួកគាត់ខ្សោយ ណាមួយពួកគាត់គិតថា ការធ្វើចលនាជើងច្រើន អាចបណ្ដាលឱ្យគាត់កាន់តែចុះរោយសាច់ដុំផងដែរ។
បើយោងតាមវីដេអូឃ្លីបខ្លីមួយ ឯកឧត្តម្ភ ខៀវ កាញារិទ្ធ បានផ្ដិតយកទិដ្ឋភាពក្នុងផ្ទះរបស់ឯកឧត្តម្ភផ្ទាល់ និងយកទៅបង្ហោះចែកចាយលើគណនីហ្វេសប៊ុក ដែលក្នុងនោះ បានបង្ហាញឱ្យឃើញពីជណ្ដើរយន្ដ និងជណ្ដើរជើង។ ទន្ទឹមនឹងនោះ ឯកឧត្តម្ភបានមានប្រសាសន៍បែបនេះថា «ពេលធ្វើផ្ទះ ខំដាក់ជណ្ដើរយន្ដ ដោយសារតែនឹកឃើញថា ពេលមកពីធ្វើការហត់ ឡើងជណ្ដើរយន្ដ។ តែពេលកាន់តែចាស់ ទើបដឹងថា ការប្រើជណ្ដើជើងមានអត្ថប្រយោជន៍ច្រើនជាងជណ្ដើរយន្ដ»។ ក្រោយពីមានប្រសាសន៍ចប់ ឯកឧត្តម្ភ បានឡើងជណ្ដើរជើងរហូតដល់ជាន់ខាងលើ ដែលហាក់ចង់បង្ហាញឱ្យមហាជនយល់ឃើញថា ការឡើងជណ្ដើរជើង ប្រៀបបានទៅនឹងការធ្វើលំហាត់ប្រាណ ដើម្បីជួយរក្សាកម្លាំងសាច់ដុំ ធ្វើឱ្យសុខភាពល្អ។
បើយោងតាមវេបសាយសុខភាព Healthhub បានឱ្យដឹងថា ការឡើងជណ្ដើរជើងអាចជាលំហាត់ប្រាណដ៏មានប្រយោជន៍សម្រាប់មនុស្សវ័យចំណាស់ ព្រោះវាជួយបង្កើនកម្លាំងជើង តុល្យភាព និងសុខភាពសរសៃឈាមបេះដូងជាដើម។ អត្ថប្រយោជន៍សំខាន់ៗរួមមាន៖
លំហាត់ប្រាណបេះដូង៖ ការឡើងជណ្ដើរបង្កើនចង្វាក់បេះដូង ធ្វើឱ្យសុខភាពសរសៃឈាមបេះដូងប្រសើរឡើង។
ដង់ស៊ីតេឆ្អឹង៖ ការប្រើជណ្ដើរទៀងទាត់អាចរួមចំណែកដល់ការរក្សាដង់ស៊ីតេឆ្អឹង ដែលមានសុខភាពល្អ កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។
ពង្រឹងសាច់ដុំជើង៖ នៅពេលមនុស្សវ័យចំណាស់ឡើងជណ្ដើរ សាច់ដុំចម្បងដែលចូលរួមមានផ្នែកខាងមុខនៃភ្លៅ ខាងក្រោយភ្លៅ គូទ និងសាច់ដុំកំភួនជើង ដោយសារតែសាច់ដុំទាំងនេះទទួលខុសត្រូវជាចម្បងសម្រាប់ការលើកទម្ងន់រាងកាយឡើងជណ្ដើរ។ សកម្មភាពនេះ ត្រូវបានចាត់ទុកថាជាវិធីដ៏ល្អមួយក្នុងការពង្រឹងសាច់ដុំផ្នែកខាងក្រោម និងពង្រឹងកម្លាំងជើង៕