យើងបានដឹងហើយថា ជនជាតិជប៉ុនតែងធ្វើកិច្ចការមានរបៀបរៀបរយ និងជាជនជាតិមានគំនិតច្នៃប្រឌិតថ្មីៗ ជាងគេក្នុងពិភពលោកននេះ។ យើងមកដឹងពីភាពអស្ចារ្យជនជាតិជប៉ុនមួយទៀតក្នុងថ្ងៃនេះ គឺការឈរតម្រង់ជួរគ្នាបានយូរដោយមានរបៀបបំផុត។ ហេតុអ្វីជនជាតិនេះ មានវប្បធម៌ឈរតម្រង់ជួរបានល្អយ៉ាងនេះ?
តាមសារព័ត៌មាន Questionjapanបានបញ្ជាក់ថា ជនជាតិជប៉ុនពូកែឈរតម្រង់ជួរគ្នាមិនគួរឱ្យជឿសោះថា ពួកគេអាចចំណាយពេល ៤ទៅ៥ ម៉ោងក្នុងការឈររង់ចាំជាជួរយ៉ាងមានសណ្តាប់ធ្នាប់សម្រាប់ព្រឹត្តិការណ៍អ្វីមួយដោយគ្មានបង្កជាបញ្ហាអ្វីទេ មូលហេតុគឺមកពីជនជាតិនេះមានភាពអត់ធ្មត់ និងការតស៊ូខ្ពស់ ជាផ្នែកសំខាន់នៃការអប់រំរបស់ជនជាតិជប៉ុនផងដែរ។ កុមារគ្រប់រូបនៅទីនេះ ត្រូវបានបង្រៀនយ៉ាងប្រុងប្រយ័ត្នអំពីការលត់ដំខ្លួន និងការគោរពគ្នា។ ពួកគេយល់ថា ដើម្បីទទួលបានអ្វីមួយ ត្រូវរង់ចាំដោយភាពស្ងៀមស្ងាត់ និងអត់ធ្មត់ចំពោះវេនរបស់ខ្លួន។ មកមុន បម្រើមុន អ្នកមកក្រោយ បម្រើតាមក្រោយ គ្មានការរំខាន ឬការត្អូញត្អែរនោះទេ។
នៅប្រទេសជប៉ុន ការឈរតម្រង់ជួរមានរបៀបនេះ ជាវប្បធម៌មួយបានជ្រាបក្នុងបេះដូងជនជាតិជប៉ុនគ្រប់គ្នាដោយមានការណែនាំពីមនុស្សចាស់ៗ និងគ្រូបង្រៀនតាមសាលាថែមទៀត។ វាមិនមែនជារឿងចម្លែកអ្វីទេ ដែលឃើញមនុស្សនៅទីនេះតម្រង់ជួរទិញទំនិញ ឬសម្រាប់ព្រឹត្តិការណ៍ផ្សេងៗនោះ។ ខាងក្រោមនេះ ជាឧទាហរណ៍មួយដែលបង្ហាញពីរបៀបដែលប្រជាជនជប៉ុនកំពុងតែឈររង់ចាំជាជួរ។ រូបភាពនេះត្រូវបានថតក្នុងសន្និបាតបែបកំប្លែងមួយដែលមានឈ្មោះថា Comiket។
បើអ្នកមកប្រទេសជប៉ុន សូមចងចាំថា ការរុញ ឬបញ្ចេញសំឡេងខ្លាំងពេកពេលកំពុងតម្រង់ជួរគ្នានោះ វាជាអាកប្បកិរិយាឈ្លើយ មិនអាចទទួលយកបាននៅក្នុងប្រទេសជប៉ុនទេ។
នៅក្នុងឆ្នាំ ២០១១ ពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតចំពោះរបៀបដែលប្រជាជនជប៉ុនមានវិន័យ និងរៀបចំបានល្អបន្ទាប់ពីទទួលរងការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ។ សូម្បីតែនៅក្នុងពេលវេលាដ៏ងងឹតបំផុតក៏ដោយ ក៏ពួកគេនៅតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះការតម្រង់ជួរគ្នា ដើម្បីទទួលបានអាហារ ទឹក និងឧបករណ៍សំខាន់ៗ។ ហើយគ្មានការលួចនោះទេ។ វាពិតជាអស្ចារ្យមែន ហើយធ្វើឱ្យពិភពលោក អត់សរសើរមិនបានមែន ដែលជាជនជាតិមួយដ៏ខ្លាំង៕
អត្ថបទដោយ៖ ទ្រ សុភាព