ជាការពិតណាស់ ការបង្កើតកូនគឺ ពិបាក តែបង្កើតរួចហើយ ការចិញ្ចឹមពួកគេឱ្យក្លាយជាកូនល្អ ក្មេងល្អគឺកាន់តែពិបាកជាងនេះរាប់រយរាប់ពាន់ដង។ សម្រាប់ឪពុកម្ដាយថ្មីថ្មោង ច្បាស់ជាជួបប្រទះនឹងបញ្ហាចិញ្ចឹមកូនមិនស្ដាប់បង្គាប់ និងមិនដឹងថាចិញ្ចឹមកូនបែបណាដើម្បីឱ្យគេធំឡើងក្លាយជាក្មេងល្អ អនាគតប្រសើរ ជឿថាឪពុកម្ដាយគ្រប់រូបប្រាកដជាគិតគូពីបញ្ហានេះ។
ជាមួយគ្នានេះដែរក្រុមការងារចាបបៃតង នឹងលើកយករបៀបចិញ្ចឹមកូនអ្នកឱ្យមានអាប្បកិរិយាល្ង ចេះស្ដាប់បង្គាប់ មិនក្លាយជាក្មេងរឹងរូស ហើយធំឡើងពួកគេអាចក្លាយជាធនធានយ៉ាងល្អសម្រាប់ជួយដល់សង្គមជាតិទាំងមូលរបស់កម្ពុជាយើង នេះបើយោងតាមរយៈប្រភព youngscholarsacademycolorado. បានណែនាំ៤របៀប គឺត្រូវពត់លុតដំពួកគេតាំងពីតូច បើពួកគេកាន់តែធំអាចកាន់តែពិបាក។
១.ធ្វើជាគម្រូល្អ៖ ជាការពិតណាស់ បើសិនអ្នកចង់បានកូនល្អ ជាដំបូងអ្នកត្រូវក្លាយជាឪពុកម្ដាយល្អរបស់កូនអ្នកជាមុនសិន។ ជាឪពុកម្ដាយល្អ គឺត្រូវធ្វើជាគម្រូល្អៗដល់កូនរបស់អ្នក ពីព្រោះក្មេងនិងសង្កេត និងយកគម្រូតាមអ្នកជានិច្ចប្រយ័ត្នមិនដឹងខ្លួន។ ឧ.ពេលអ្នកនិយាយសម្ដីអាក្រក់ៗ (ជេរគ្នានៅមុខកូនពេលខឹងរឿងអ្វី១ម្ដងៗ) សកម្មភាពនេះកូនអ្នកនឹងចាប់បាន ហើយគេនឹងបញ្ចេញសកម្មភាពជេរដូចគ្នាពេលដែលគេខឹងម្ដងៗ។ ដូច្នេះឪពុកម្ដាយត្រូវប្រយ័ត្ន ត្រូវធ្វើជាគម្រូល្អ បើអ្នកចង់បានកូនល្អ ។
២.បង្កើតវិន័យសម្រាប់កូនៗរបស់អ្នក៖ ប្រដៅកូនដោយប្រើវិន័យគឺជារឿងដែលឪពុកម្ដាយគ្រប់គ្នាគួរតែមាន ការមានវិន័យនឹងធ្វើឱ្យកូនអ្នក ក្លាយជាក្មេងចេះស្ដាប់បង្គាប់ជាងមុន។ ឧ.បើសិនកូនអ្នកទារទូរស័ព្ទ ឬក៏ទូរទស្សន៍មើល។ ជាឪពុកម្ដាយកុំតាមចិត្តកូនរបស់អ្នកភ្លាមៗត្រូវមានវិន័យ១សម្រាប់ពួកគេ។ មានន័យថាបើពួកគេចង់មើលទូរស័ព្ទ ត្រូវតែធ្វើកិច្ចការសាលាឱ្យរួចរាល់ជាមុន បើពួកគេខ្ជិលនឹងអត់បានមើលឡើយ ការប្រើវិន័យនេះ គឺជួយឱ្យកូនអ្នករីកចម្រើន ប្រសើរជាងយើងវៃកូនពេលពួកគេទារទូរស័ព្ទហើយយើងជាឪពុកម្ដាយមិនឱ្យ ដល់ពេលកូនយំក៏វៃ ។
៣.បង្រៀនពួកគេឱ្យមានទំនួលខុសត្រូវ៖ ការបង្រៀនកូនអ្នកឱ្យមានទំនួលខុសត្រូវលើជីវិតខ្លួនឯង គឺជាផ្នែកមួយជួយឱ្យពួកគេក្លាយជាយុវជនដែលសង្គមត្រូវការពេលដែរគេធំឡើង។ ជាឧ.បង្រៀនឱ្យកូនអ្នកចេះទុកដាក់របស់របរដែលគេបានលែងរួច ដាក់នៅក្នុងដើមរបស់វាវិញ។ ការបង្រៀនកូនបែបនេះ នឹងជួយលត់ដំ កូនអ្នកឱ្យក្លាយជាក្មេងមានរបៀបរៀបរយនៅក្នុងការរស់នៅរបស់គេ។
៤.បង្រៀនពួកគេឱ្យមានសុជីវធម៌៖ ចំណុចនេះគឺសំខាន់ខ្លាំងណាស់ ក្នុងនាមជាឪពុកម្ដាយ ត្រូវតែបង្រៀនកូនរបស់អ្នកពីសុជីវធម៌នៅក្នុងការរស់នៅប្រចាំថ្ងៃ តាំងពីពួកគេនៅតូច។ បង្រៀនកូនរបស់អ្នកឱ្យចេះអរគុណ ចេះសុំទោសពេលពួកគេធ្វើខុស បង្រៀនពួកគេឱ្យមានអាប្បកិរិយាល្អ កុំឈ្លើយ កុំឆេវឆាវជាដើម។ ពីព្រោះថាការបង្រៀនចំណុចទាំងនេះគឺអាចជួយពួកគេច្រើនណាស់ ពីសង្គមរស់នៅពេលដែលគេធំឡើង។ ព្រោះមនុស្សដែលមានសុជីវធម៌ មនុស្សដែលសុភាពរាបសារ ឥរិយាបទល្អ មិនឈ្លើយគឺជាមនុស្សដែលគេឱ្យតម្លៃខ្លាំងបំផុត។
៥.បង្រៀនពួកគេពីរបៀបស្ដាប់បង្គាប់៖ បើអ្នកមានកូនតូចដើម្បីឱ្យគេស្ដាប់បង្គាប់ ការប្រើប្រាស់ ពាក្យ(ទេ) របស់នេះកង្វក់ណាស់កុំលេងអីកូនមិនល្អទេ ។ ការប្រើពាក្យបែបនេះក្មេងនៅតូចងាចនឹងមិនយល់ យើងក៏មិនស្ដាប់បង្គាប់របស់អ្នកដែរ ដូច្នេះអ្នកអាចប្រើសកម្មភាព ដោយដកដៃរបស់អ្នកចេញពីវត្ថុកង្វក់នោះ ហើយប្រាប់កូនអ្នក រួមទាំងបន្ថែមជាមួយកាយវិកាផងដែរ ពេលនោះកូនអ្នកអាចនឹងយល់ហើយស្ដាប់បង្គាប់អ្នក។
ជាចុងក្រោយ សង្ឃឹមថា អត្ថបទនេះ អាចចូលរួមជាចំណែកតូច១ដល់ឪពុកម្ដាយបើសិនអ្នកមានបំណងប្រាថ្នាចង់បានកូនល្អ ជាដំបូងអ្នកត្រូវអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាឪពុកម្ដាយល្អរបស់កូនអ្នកជាមុនសិន ព្រោះភាពជាគម្រូគឺសំខាន់ខ្លាំងបំផុតក្នុងការអប់រំកូនរបស់អ្នកឱ្យក្លាយជាក្មេងល្អបាននៅថ្ងៃអនាគត។ បញ្ជាក់របៀបចិញ្ចឹមកូននេះគឺជាគន្លឹះល្អៗមួយចំនួនតូចតែប៉ុណ្ណោះ នៅអត្ថបទបន្ទាប់ក្រុមការងារយើងនឹងចែករំលែកពីគន្លឹះចិញ្ចឹមកូនឱ្យបានផលល្អបន្ថែមទៀត ៕