បញ្ចប់បេសកម្មភាពរយៈពេល៥ឆ្នាំ ក្នុងនាមជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅក្នុងឱកាសទទួលទានអាហារពេលល្ងាចលាគ្នារបស់កីឡាករ គ្រូជំនួយ មន្ត្រី និងឯកឧត្តមប្រធាន ស.ប.ក លោកKeisuke Honda បាននិយាយពាក្យលាមកកាន់កម្ពុជា “អរគុណដែលបានជឿជាក់លោកតាំងពីដើមកន្លងមក គាត់នឹងមិនបំភ្លេចនោះទេ ជួបគ្នាម្ដងទៀត”។
ឆ្លៀតក្នុងឱកាសនេះ លោកគ្រូHonda ក៏បានធ្វើការផ្ដាំជាលើកចុងក្រោយទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថា “ចំណុចដែលសំខាន់បំផុត គឺនៅពីពេលដែលខ្ញុំចាក់ចេញទៅ ព្រោះសហព័ន្ធបាល់ទាត់កម្ពុជាគឺស្ថិតក្នុងដំណាក់កាលដែលត្រូវធ្វើបន្ត ខ្ញុំមិនដែលឃើញប្រទេសណាដែលអាចរីកចម្រើនត្រឹមរយៈពេល៥ឆ្នាំទេ។ សម្រាប់ក្រុមបាល់ទាត់ក្រោម២២ឆ្នាំ បានចូលលេងព្រឹត្តិការណ៍ស៊ីហ្គេម ហើយនៅមានយុវជនក្មេងៗជាច្រើនទៀតបានមើលការប្រកួតរបស់ពួកយើង ហើយពួកគាត់ជាអនាគតបាល់ទាត់របស់កម្ពុជា។”
គ្រូបង្វឹកជនជាតិជប៉ុន "ខ្ញុំបានប្រាប់អ្នកទាំងអស់គ្នារួចហើយ ថាអ្នកទាំងអស់គ្នាត្រូវធ្វើអ្វីសម្រាប់អាជីពបាល់ទាត់របស់អ្នកទាំងអស់គ្នា។ ពួកយើងជាកីឡាបាល់ទាត់ គឺជាអត្តពលិក ហេតុនេះពូកយើងត្រូវរក្សាវិជ្ជាជីវៈ(Professional) របស់ខ្លួនឯង មិនមែនតែនៅក្នុងទីលានទេ តែនៅក្រៅទីលានក៏ត្រូវរក្សាដូចគ្នា។ ដូច្នេះ ត្រូវរៀបចំគោលដៅឱ្យខ្ពស់ ដើម្បីសម្រេចគោលដៅរបស់ខ្លួនត្រូវតែរៀបចំខ្លួនជាអាជីព ទាំងការហូបចុក ការរស់នៅ ស្នាក់នៅ ហ្វឹកហាត់។ គ្មានអ្វីជាវេទមន្តទេ ពួកយើងត្រូវកសាងពីតូចពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីកសាងអនាគតដ៏ធំមួយ។ ខ្ញុំនឹងនៅតែតាមដានមើលបាល់ទាត់កម្ពុជា ហើយសង្ឃឹមថាគ្រប់គ្នានឹងសំណាងល្អក្នុងអាជីពនេះ”។
អត្ថបទដោយ៖ Senghong