នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បើយោងតាមប្រភពគេហទំព័រផេកហ្វេកប៊ុកផ្លូវការរបស់លោក Keisuke Honda បានបង្ហោះសារខ្លីមួយថា ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។
លើសពីនេះទៅទៀត បើយោងតាមប្រភពគេហទំព័រផេកហ្វេកប៊ុកផ្លូវការក្លឹបបាល់ទាត់សូលទីឡូអង្គរ បានចេញសេចក្ដីជូនដំណឹងថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភ រួមទាំងអ្នកគាំទ្រក្លឹបរបស់យើងដែលចាប់តាំងពីឆ្នាំ 2017 មក។ ការគាំទ្រ និងការលើកទឹកចិត្តរបស់អ្នកពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង។
ប៉ុន្តែជាអកុសល ដោយពេលនេះយើងស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ដែលជាហេតុនាំឱ្យយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការដកខ្លួនចេញពីវិស័យបាល់ទាត់នៅកម្ពុជានេះ។ យើងបានពិចារណាយ៉ាងយកចិត្តទុកដាក់នូវជម្រើសនិងការសម្រេចចិត្តរបស់យើងរហូតដល់ទីបញ្ចប់ ប៉ុន្តែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានបង្ហាញឱ្យយើងឃើញថាមិនអាចបន្តទៅមុខបានទៀតនោះទេ ហើយដែលជាហេតុធ្វើឱ្យយើងគ្មានជម្រើសក្រៅពីការសម្រេចចិត្តប្រកាសរំសាយក្រុមបែបនេះ។
ការសម្រេចចិត្តនេះពិតជាពិបាកណាស់មកលើពួកយើង ហើយពួកយើងនឹងមិនភ្លេចការដឹងគុណដែល កីឡាករ បុគ្គលិក និងអ្នកគាំទ្រមានមកលើពួកយើង។ វាគឺតាមរយៈចំណង់ចំណូលចិត្ត ការស្រលាញ់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា ដែលយើងអាចបង្កើតទំព័រដ៏អស្ចារ្យមួយសម្រាប់បាល់ទាត់។
ទោះបីជាក្លឹបរបស់យើងនឹងឈប់ដំណើរការ ហើយមិនចាប់ផ្តើមដំណើរថ្មីក៏ដោយ ប៉ុន្តែការចងចាំរបស់យើងនឹងស្ថិតស្ថេរជារៀងរហូតទៅ។ យើងសង្ឃឹមថា កីឡាករនឹងបន្តការខិតខំប្រឹងប្រែងនៅក្នុងក្រុមថ្មីរបស់ពួកគេ ហើយអ្នកគាំទ្រនឹងបន្តការគាំទ្រនៃចំណង់ចំណូលចិត្តរបស់ពួកគេក្នុងវិស័យបាល់ទាត់ទៅកាន់ក្លឹបមួយផ្សេងទៀត។
នៅក្នុងនោះផងដែរ លោក Keisuke Honda ក៏បង្ហើបនូវក្ដីប្រាដ្នារបស់គាត់ដដែលជាដដែលថា ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!